កីឡា
លោក កែវ សារ៉េត បញ្ជាក់៖«មានគំនិតបង្កើតពាន King’s Cup តែមិនទាន់មានផែនការ»
លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ជាក់ជុំវិញព័ត៌មានតៗគ្នាពីគម្រោងបង្កើតឲ្យមានពានរង្វាន់អន្តរជាតិ King’s Cup សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាប្រកួតនៅថ្ងៃ FIFA Day ក្នុងឆ្នាំ២០២៥។

លោកបានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»នៅល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ថា ថ្នាក់ដឹកនាំពិតជាមានគំនិតលើកឡើងអំពីការបង្កើតពានរង្វាន់ King’s Cup មែន។ ថ្នាក់ដឹកនាំពេលចូលរួមក្នុងកម្មវិធីអ្វីមួយក៏បានលើកឡើងពីពានរង្វាន់នេះ ហើយក៏មានព័ត៌មានផ្សព្វផ្សាយបន្តៗតាមគ្នា។
លោក កែវ សារ៉េត បានបញ្ជាក់ថា ៖«នេះគ្រាន់តែជាគំនិតផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំប៉ុណ្ណោះ គឺមិនទាន់ចេញផែនការសកម្មភាពអ្វីឡើយ។ មិនទាន់មានការប្រជុំ ឬពិភាក្សាអ្វីទាំងអស់។ គម្រោងបែបនេះត្រូវការចំណាយច្រើន ហើយត្រូវការមានដៃគូឧបត្ថម្ភច្រើនទើបអាចដំណើរការបាន ពីព្រោះត្រូវការចំណាយលើការរៀបចំ ការស្នាក់នៅ ការធ្វើដំណើរ ម្ហូបអាហារ និងចំណាយលើក្រុមអាជ្ញាកណ្តាលអន្តរជាតិថែមទៀត»។

គំនិតរៀបចំពានរង្វាន់ King’s Cup កើតមានឡើងគឺក្នុងគោលបំណងឲ្យក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានប្រកួតលើឆាកអន្តរជាតិក្នុងថ្ងៃ FIFA Day បន្ទាប់ពីកម្ពុជាបានធ្លាក់ចេញអស់ពីពានរង្វាន់អន្តរជាតិធំៗដែលបានធ្វើឲ្យគ្មានកម្មវិធីប្រកួតក្នុងឆ្នាំ២០២៥។
ប្រសិនបើបង្កើតឲ្យពានរង្វាន់នេះឡើងគឺកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះត្រូវអញ្ជើញក្រុមជម្រើសជាតិផ្សេងៗមកចូលរួមប្រកួត និងទទួលបន្ទុកលើការរៀបចំ ព្រមទាំងការចំណាយទាំងស្រុង។

នៅពេលមានព័ត៌មានជុំវិញការបង្កើតពាន King’s Cup នេះបានធ្វើឲ្យអ្នកគាំទ្រមានមតិយោបល់ផ្សេងៗគ្នា។ អ្នកខ្លះបានលើកឡើងថា ល្អ ប៉ុន្តែក៏មានអ្នកខ្លះថា មិនសូវល្អ ពីព្រោះចម្លងតាមគេ ជាពិសេសពាន King’s Cup របស់ថៃ។ ទោះបីជាយ៉ាងណា បើពិនិត្យមែនទែនទៅ ប្រទេសជាច្រើនដែលមានស្តេចគឺបានបង្កើតពានរង្វាន់ King’s Cup ដូចជាប្រទេសអេស្ប៉ាញ អារ៉ាប៊ីសាអ៊ូឌីត បារ៉ែន និងប៊ូតានជាដើម។
មិនថាបង្កើតពានរង្វាន់ King’s Cup ឬពានរង្វាន់អ្វីផ្សេងទេ ឲ្យតែមានម្ចាស់ឧបត្ថម្ភ និងថវិកាគ្រប់គ្រាន់ក្នុងការរៀបចំគឺសុទ្ធតែល្អទាំងអស់សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិទាំងការបង្ហាញសមត្ថភាព បង្កើនបទពិសោធ និងបង្កើនពិន្ទុក្នុងតារាងចំណាត់ថ្នាក់ពិភពលោក FIFA Ranking៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់