កីឡា
កីឡាករ ៥ រូបគួរឱ្យចាប់អារម្មណ៍បំផុតប្រចាំតំបន់អឺរ៉ុប សម្រាប់ការផ្ទេរនៅរដូវកាលនេះ
នៅទីផ្សារដោះដូរកីឡាកររដូវកាលក្តៅឆ្នាំ ២០២៥ ប្រចាំតំបន់ អឺរ៉ុប កំពុងតែមមាញឹកខ្លាំង មុនទីផ្សារបិទនៅដើមខែ កញ្ញា ឆ្នាំ ២០២៥។ ក្នុងនោះមានកីឡាករខ្លះក៏បានសម្រេចកិច្ចព្រមព្រៀងផ្ទេរចេញ-ចូលរួចរាល់ ខណៈកីឡាករខ្លះទៀតក៏កំពុងស្ថិតនៅក្នុងដំណាក់កាលចរចានៅឡើយ។
ថ្ងៃនេះសារព័ត៌មាន «កម្ពុជាថ្មី» សូមលើកយកកីឡាករ ៥ រូបក្នុងតំបន់ អឺរ៉ុប ដែលត្រូវបានគេចាត់ទុកជាកីឡាករផ្ទេរដ៏គួរឱ្យចាប់អារម្មណ៍បំផុតក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំ ២០២៥ នេះ៖
១. Florian Wirtz៖ កីឡាករសញ្ជាតិ អាល្លឺម៉ង់ វ័យ ២២ ឆ្នាំរូបនេះបានចាកចេញពីទ្រនំចាស់ Bayer Leverkusen ក្រោយស្នាក់នៅទីនេះបានរយៈពេល ៥ រដូវកាល ដោយមកចូលរួមជាមួយ Liverpool នៅរដូវក្តៅនេះ។ កីឡាករបានផ្លាស់មកកាន់ក្រុមហង្សក្រហមក្នុងតម្លៃបំបែកកំណត់ត្រា ១៥៥ លានដុល្លារអាមេរិក ជាមួយកិច្ចសន្យារយៈពេល ៥ ឆ្នាំ ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០៣០។

២. Trent Alexander-Arnold៖ Arnold នៅរដូវក្តៅនេះ បានសម្រេចចិត្តយ៉ាងភ្ញាក់ផ្អើល ដោយរូបគេបានបដិសេធបន្តកិច្ចសន្យាថ្មីជាមួយ Liverpool ហើយបានផ្លាស់មកកាន់ក្លិប Real Madrid ដោយគ្មានតម្លៃខ្លួន ក្នុងកិច្ចសន្យារយៈពេល ៦ ឆ្នាំ ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០៣១។ ទោះបីជាយ៉ាងណា Real Madrid បានសុខចិត្តចំណាយឱ្យ Liverpool ចំនួន ១១.៧ លានដុល្លារអាមេរិក ដោយសារចង់បានរូបគេមុនពេលកំណត់ ដើម្បីចូលរួមប្រកួតពាន FIFA Club World Cup។

៣. Viktor Gyökeres៖ កីឡាករសញ្ជាតិ ស៊ុយអែត វ័យ ២៧ ឆ្នាំរូបនេះ បានសម្រេចកិច្ចព្រមព្រៀងយ៉ាងភ្ញាក់ផ្អើល ក្នុងការផ្លាស់មកចូលរួមជាមួយក្រុម Arsenal នៅរដូវក្តៅនេះ។ កាលពីរដូវកាលមុន ២០២៤-២០២៦ Gyökeres បានបង្ហាញសមត្ថភាពស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យជាមួយក្រុម Sporting Lisbon ហើយក៏បានធ្វើឱ្យក្លិបធំៗនៅតំបន់ អឺរ៉ុប ជាច្រើនចាប់អារម្មណ៍។ ចុងក្រោយ រូបគេបានសម្រេចចិត្តជ្រើសរើសយក Arsenal តែមួយគត់ ដោយរូបគេបានសម្រេចកិច្ចព្រមព្រៀងផ្ទេរក្នុងតម្លៃ ៨៥.៧ លានដុល្លារអាមេរិក ជាមួយកិច្ចសន្យារយៈពេល ៥ ឆ្នាំ ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០៣០។

៤. Marcus Rashford៖ នៅរដូវក្តៅនេះ Rashford បានធ្វើការផ្ទេរយ៉ាងភ្ញាក់ផ្អើលមួយ ដោយបានផ្លាស់មកកាន់ក្លិបអ្នកមានបុណ្យ FC Barcelona ដែលជាក្លិបក្នុងក្តីស្រមៃរបស់ខ្លួន ក្នុងកិច្ចសន្យាខ្ចីជើងមួយរដូវកាល អមជាមួយជម្រើសទិញផ្តាច់។ ទោះបីនេះ គ្រាន់តែជាការខ្ចីជើងក៏ពិតមែន ប៉ុន្តែការផ្ទេរមួយនេះត្រូវគេចាប់អារម្មណ៍មែនទែនសម្រាប់អ្នកគាំទ្របាល់ទាត់ទូទាំងពិភពលោក។ Rashford អាចនឹងទទួលបានឱកាសកសាងនូវអាជីពរបស់ខ្លួនឡើងវិញជាមួយក្លិបយក្ស អេស្ប៉ាញ ប្រសិនបើបង្ហាញសមត្ថភាពបានល្អ បន្ទាប់ពីអាជីពរបស់គេហាក់ធ្លាក់ចុះយ៉ាងខ្លាំងជាមួយ Manchester United នាប៉ុន្មានរដូវកាលចុងក្រោយនេះ។

៥. Bryan Mbeumo៖ នៅរដូវក្តៅនេះក្លិប Manchester United បានធ្វើការចុះកិច្ចព្រមព្រៀងដ៏ធំមួយ ដោយទិញបានខ្សែប្រយុទ្ធសញ្ជាតិ កាមេរូន វ័យ ២៥ ឆ្នាំពី Brentford ក្នុងតម្លៃ ៩៥ លានដុល្លារអាមេរិក អមជាមួយកិច្ចសន្យារយៈពេល ៥ ឆ្នាំ ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០៣០។ ការមកដល់របស់ Mbeumo ត្រូវបានគេរំពឹងថា នឹងអាចជួយតំបន់ប្រយុទ្ធរបស់ក្រុមបិសាចក្រហមបានច្រើន បន្ទាប់ពីក្រុមម្ចាស់ជើងឯកលីគកំពូល អង់គ្លេស ២០ សម័យមួយនេះ ជួបប្រទះបញ្ហាត្រង់តំបន់នេះខ្លាំងកាលពីរដូវកាលមុន។ យ៉ាងកាលពីរដូវកាលមុន Mbeumo បានបង្ហាញសមត្ថភាពយ៉ាងគួរឱ្យចាប់អារម្មណ៍ ដោយរកបានគ្រាប់បាល់បានចំនួន ២០ គ្រាប់ និង ៧ បញ្ជូន (assist) ឱ្យក្រុម Brentford។

ខាងលើនេះ ជាកីឡាករ ៥ រូប ដែលត្រូវបានចាត់ទុក ជាកីឡាករផ្ទេរដ៏ចាប់អារម្មណ៍បំផុតសម្រាប់ទីផ្សាររដូវក្តៅឆ្នាំ ២០២៥ នេះ គិតត្រឹមថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៥។ យ៉ាងណា នៅមានកីឡាករជាច្រើនទៀត ដែលទទួលបានចំណាប់អារម្មណ៍ខ្លាំងពីការផ្ទេរដូចគ្នា ខណៈកីឡាករខ្លះទៀត កំពុងតែស្ថិតនៅក្នុងដំណាក់កាលចរចាផ្លាស់ទៅកាន់ក្លិបថ្មី ដែលការផ្ទេរគ្រោងនឹងរួចរាល់ឆាប់ៗ ដូចជា Luis Diaz ជាដើម៕
អត្ថបទ៖ សេម កុសល

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា