Connect with us

កីឡា

យប់​នេះ ក្រុម​នារី​កម្ពុជា ប៉ះ វៀតណាម លើក​ទី​៥ ក្នុង​ប្រវត្តិ​សាស្ត្រ

បានផុស

នៅ

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​នារី​ កម្ពុជា ត្រូវ​ប្រកួត​ជា​មួយ​ ក្រុម​នារីវៀតណាម វេលា​ម៉ោង ៧:៣០​នាទី យប់​ថ្ងៃ​ពុធ ទី​៦ ខែ​សីហា ឆ្នា ២០២៥ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូលពាន​រង្វាន់​នារី​អាស៊ាន ASEAN Women’s Championship នៅ​ប្រទេស​វៀតណាម។

ក្រុម​នារី​កម្ពុជា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​នារី​វៀតណាម​ជា​ក្រុម​ខ្លាំង​មួយ​នៅ​តំបន់​​អាស៊ាន​ដែល​មាន​បទ​ពិសោធ​​ក្នុង​ការ​ប្រកួត​​លើ​ឆាក​អន្តរជាតិ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប្រៀប​ធៀប​នឹង​ក្រុម​នារី​កម្ពុជា​ជា​ក្រុម​ក្មេង​ខ្ចី​ទើប​មាន​សកម្មភាព​ផ្លូវ​​លើ​ឆាក​អន្តរជាតិ​កាល​ពី​ឆ្នាំ ២០១៨។

នេះ​ជា​ការ​ជួប​គ្នា​លើក​ទី​៥ ក្នុង​ប្រវត្តិសាស្ត្រ​សម្រាប់​បាល់ទាត់​នារី​ទាំង​ពីរ។ ៤​លើក​កន្លង​មក ក្រុម​នារី​កម្ពុជា​មិន​ធ្លាប់​យក​ឈ្នះ​វៀតណាម​ឡើយ។ កាល​ពី​ឆ្នាំ ២០១៩ ក្រុម​នារី​កម្ពុជា បាន​ចាញ់ នារី វៀតណាម ០-១០ ក្នុង​ពាន​នារី​អាស៊ាន, ឆ្នាំ ២០២១ ចាញ់ ១-៦ ក្នុង​កីឡា​ស៊ីហ្គេម, ឆ្នាំ ២០២២ ចាញ់ ០-៣ ក្នុង​ពាន​នារី​អាស៊ាន និង​ឆ្នាំ ២០២៣​ បាន​ចាញ់ ០-៣ ក្នុង​កីឡា​ស៊ីហ្គេម។

ក្រុម​នារី​វៀតណាម

ទោះ​បី​ជាយ៉ាង​ណា សង្កេត​ឃើញ​ថា ក្រុម​នារី​កម្ពុជា​បាន​កាត់​បន្ថយ​ពី​ការ​ចាញ់​ដោយ​គ្រាប់​បាល់​ច្រើន​មក​សល់​តិច​គ្រាប់។ សម្រាប់​ការ​ប្រកួត​លើក​ទី​៥​នេះ ក្រុម​នារី​កម្ពុជា​ក៏​មិន​សង្ឃឹម​ឈ្នះ​ដែរ​ ខណៈ​សមាជិក​ល្អ​ៗ​មួយ​ចំនួន​មិន​បាន​ចូល​រួម​ជា​មួយ​ទេ។ កីឡាការិនី​ខ្លះ​ជាប់​ជួយ​ក្រុម​សម្រាប់​ពាន​រង្វាន់​អាស៊ី និង​កីឡាការិនី​ខ្លះ​នៅ​ប្រទេស​វៀតណាម។ ជា​ក់​ស្តែង​កីឡាការិនី​ល្អ​ៗ​របស់​ក្រុម​នារី​ភ្នំពេញ​ក្រោន​មិន​បាន​ចូល​រួម​ជា​មួយ​ទេ​ដោយសារ​ពួក​គេ​ត្រូវ​ជួយ​ក្លិប​សម្រាប់​ការ​ប្រកួត​ពាន​ក្លិប​នារី​អាស៊ី AFC Women’s Champions League។

ក្រុម​បាល់ទាត់​នារី​កម្ពុជា ធ្លាប់​បាន​ចូល​រួម​ប្រកួត​ពាន​នារី​អាស៊ាន ASEAN Women’s Championship ៤​ លើក​គិត​ទាំងឆ្នាំ ២០២៥​ បន្ទាប់​ពី​លើក​ទី​១ ឆ្នាំ ២០១៨ លើក​ទី​២ ឆ្នាំ ២០១៩ និង​លើក​ទី​៣ ឆ្នាំ ២០២២។ ៣​លើក​កន្លង​មក ក្រុម​នារី​កម្ពុជា បាន​ឆ្លង​កាត់​ការ​ប្រកួតសរុប ១១ លើក​គឺ ឈ្នះ ២ លើក ស្មើ ១ ​លើក និង​ចាញ់ ៨ លើក ក្នុង​នោះ បាន​ស៊ុត​ចូល​ដៃ​គូ​ចំនួន ១៧​គ្រាប់ និង​ត្រូវ​បាន​ដៃ​គូ​ស៊ុត​ចូល ៥៩​គ្រាប់៕

កីឡាការិនី​កម្ពុជា

ប្រវត្តិ​ជួប​គ្នា​ ៤ លើក

  • កម្ពុជា ០-៤ វៀតណាម ក្នុង​កីឡា​ស៊ីហ្គេម ឆ្នាំ ២០២៣
  • កម្ពុជា ០-៣ វៀតណាម ក្នុង​ពាន ASEAN Women’s Championship ឆ្នាំ ២០២២
  • កម្ពុជា ១-៦ វៀតណាម ក្នុង​កីឡា​ស៊ីហ្គេម ឆ្នាំ ២០២១
  • កម្ពុជា ០-១០ វៀតណាម ក្នុង​ពាន ASEAN Women’s Championship ឆ្នាំ ២០១៩
ប្រធាន​ក្រុម​នារី​កម្ពុជា និង​ប្រធាន​ក្រុម​នារី​វៀតណាម កាល​ស៊ីហ្គេម ឆ្នាំ ២០២៣

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម