Connect with us

កីឡា

ម៉ារ៉ាតុង​អន្តរជាតិ​អង្គរវត្ត ​ខែ​ធ្នូ​ខាង​មុខ​នេះ​នឹង​បង្កើត​កំណត់​ត្រា​ថ្មី​​អ្នក​ចូល​រួម​ច្រើន​បំផុត

បានផុស

នៅ

ព្រឹត្តិការណ៍​រត់​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ អង្គរវត្ត លើក​ទី​៣០ នឹង​បង្កើត​កំណត់​ត្រា​ថ្មី​នៃ​អ្នក​ចូល​រួម​ច្រើន​បំផុត​មិន​ធ្លាប់​មាន នៅ​មុខ​ប្រាសាទ​អង្គរវត្ត ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ាត់ ចំរើន រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ព្រឹក​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ ២០២៥ ថា ព្រឹត្តិការណ៍​រត់​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ អង្គរវត្ត ចាប់​ផ្តើម​ពី​ដំបូង​​កាល​ពី​ឆ្នាំ ១៩៩៦ ​គឺ​មាន​អ្នក​ចូល​រួមប្រមាណ ៤០០ ទៅ ៥០០​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវ​នេះ​ឈាន​ដល់​ជាង ១​ម៉ឺន​នាក់។ ជាក់​ស្តែង​កាល​ពី​ឆ្នាំ ២០២៤ មាន​អ្នក​ចូល​រួម​ចំនួន ១៤០០០​នាក់ ខណៈ​ឆ្នាំ ២០២៥ មាន​អ្នក​ចុះ​ឈ្មោះ​ជិត ១​ម៉ឺន​នាក់​ហើយ ហើយ​កំពុង​ទទួល​បាន​អ្នក​ចុះ​ឈ្មោះ​​​ជា​បន្ត​បន្ទាប់​ទៀត​ដែល​អាច​ឈាន​ដល់​ជាង ១៥០០០​នាក។

លោក​មាន​ប្រសាសន៍​ថា ៖«ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ការ​ប្រែ​ប្រួល​ច្រើន​ ជា​ពិសេស​កាល​ពី​ឆ្នាំមុន មាន​ការ​ចូល​រួម​របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​នៃ​កម្ពុជា រត់​ចម្ងាយ ៥គីឡូម៉ែត្រ ហើយ​ឆ្នាំ​នេះ សម្តេច​ធិបតី​នឹង​ចូល​រួម​រត់​ ១០​គីឡូម៉ែត្រ ដូច្នេះ​សន្ទុះ​នៃ​កា​រគាំទ្រ​កាន់​តែ​ខ្លាំង។ ឆ្នាំ​នេះ មក​ដល់​ម៉ោង​នេះ អ្នក​ចុះឈ្មោះ​ជិត ១​ម៉ឺន​នាក់​ហើយ ទម្រាំ​ដល់​ថ្ងៃ​ប្រកួត​គឺ​​អាច​ជាង ១៥០០០​នាក់»។

លោក​បង្ហើប​ថា ព្រឹត្តិការណ៍​រត់​ឆ្នាំ​នេះ​​គឺ​ជា​ខួប​លើក​ទី​៣០ ​នឹង​មាន​កម្មវិធី​ពិសេស​ៗ​ច្រើន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល ប៉ុន្តែ​មិន​ទាន់​ទម្លាយ​ឲ្យ​ដឹង​នៅ​ពេល​នេះ​ទេ។

សម្រាប់​អ្នក​ចុះ​ឈ្មោះ​ចូល​រួម​រត់នៅ​ឆ្នាំ ២០២៥ ​​នៅ​តែ​មាន​សន្ទុះ​ចូល​រួម​ច្រើន​ដដែល​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ បើ​ទោះ​បី​ជា​​មាន​បញ្ហា​នៅ​​ព្រំ​ដែន​ក៏​ដោយ។ លោក វ៉ាត់ ចំរើន ប្រាប់​ឲ្យ​ដឹង​ថា ជន​បរទេស​មក​ពី​តំបន់​អឺរ៉ុប ជា​ពិសេស​ប្រទេស​ធំ​ៗ​សុទ្ធ​តែ​មាន​អ្នក​ចុះ​ឈ្មោះ​ចូល​រួម​ច្រើន​ដូច​ជា លេខ១ ចក្រភព​អង់គ្លេស លេខ​២ បារាំង និង​លេខ​៣ អាមេរិក ព្រម​ទាំង​ប្រទេស​ផ្សេង​ៗ​ជា​ច្រើន​ទៀត ដូច្នេះ​បណ្តា​ប្រទេស​នៅ​លើ​ពិភព​លោក​នៅ​តែ​ទុក​ចិត្ត​លើ​ប្រទេស​កម្ពុជា​។

ចំណែកតំណាង​​ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បាន​លើក​ឡើង​ថា ព្រឹត្តិការណ៍​រត់​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​អង្គរវត្ត លើក​ទី​៣០ នេះ​ត្រូវ​បាន​កំណត់​​មូលបទ«រត់​ដើម្បី​យូរ​អង្វែង» ហើយក្រុម​ហ៊ុន​បាន​ប្តេជ្ញា​​បន្ត​ឧបត្ថម្ភ​គាំទ្រ​រហូត​ដល់ ឆ្នាំ ២០៣០។

ព្រឹត្តិការណ៍​​រត់​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​អង្គរ​នេះ​មាន​៤​វិញ្ញាសា​គឺ​​ មាន​ចម្ងាយ​២១គីឡូម៉ែត្រ ចម្ងាយ១០គីឡូម៉ែត្រ ចម្ងាយ​៥គីឡូម៉ែត្រ និងរត់កម្សាន្ដ៣គីឡូម៉ែត្រ។

នៅ​ពេល​ជា​មួយ​គ្នានេះ គណៈកម្មការ​រៀបការ​បាន​​ប្រគល់​ថវិកា​សប្បុរស​ធម៌​​​កាល​ពី​ឆ្នាំ ២០២៤ដល់ ​មន្ទីរ​ពេទ្យកុមារ​គន្ធបុប្ផា​ទទួល​បាន​ ៥​០០០​ដុល្លារ អង្គការ Cambodia Trust ទទួល​បាន​ ២៥០០​ដុល្លារ អង្គការ​ជនពិការ​អន្តរជាតិ (Handicap International) ទទួល​បាន ២០០០​ដុល្លារ និង អង្គការ​បេះដូង​មាសទទួល​បាន​ ១០៥០០ដុល្លារ សម្រាប់បែងចែកបន្តដល់អង្គការសប្បុរសធម៌ចំនួន​៦ផ្សេងទៀត៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម