Connect with us

កីឡា

អ្នក​គ្មាន​ស្លាក​លេខ ឬមិន​បាន​ចុះឈ្មោះ​មិន​អាច​ចូល​រួម​រត់​ក្នុង​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​អង្គរ ដើម​ខែ​ធ្នូ

បានផុស

នៅ

ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​អង្គរ លើក​ទី​៣០ នឹង​ធ្វើ​នៅព្រឹក​ថ្ងៃ​អាទិត្យ ទី​៧ ខែ​ធ្នូ ឆ្នាំ ២០២៥ នៅ​មុខ​ប្រាសាទ​អង្គរវត្ត​ដោយ​​អ្នក​ចូល​រួម​ទាល់​តែ​បាន​ចុះឈ្មោះ និង​ប័ណ្ណ​​លេខ​សម្គាល់​ខ្លួន​ត្រឹម​ត្រូវទើប​អាច​ចូល​រួម​បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សេចក្តី​ប្រកាស​របស់​គណៈកម្មការ​ម៉ារ៉ាតុង​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ បាន​ចែង​ថា គណៈកម្មការ​រៀបចំ​ការ​រត់​ប្រណាំង​នឹង​មិន​អនុញ្ញាត​​ឲ្យ​អ្នក​ដែល​មិន​បាន​ចុះ​ឈ្មោះ​ទុក​ជា​មុន ឬ​គ្មាន​ស្លាក​លេខ​បំពាក់​លើ​ខ្លួន​ ចូល​រួម​រត់​ប្រណាំង​ឡើយ។ គណៈកម្មការ​នឹង​មាន​ក្រុម​ការងារ​ត្រួត​ពិនិត្យ​មុន​ពេល​ចេញ​ដំណើរ​ដើម្បី​ជៀស​វាង​បញ្ហាប៉ះ​ពាល់​ដល់​ការ​រៀបចំ ទឹក ភេសជ្ជៈ​បំប៉ន​សុខភាព​ដល់​​អ្នក​ចូល​រួម​ទាំង​អស់​ដែល​បាន​ចុះ​ឈ្មោះ​​ពិត​ប្រាកដ។ ជា​ពិសេសការ​រក្សា​សុវត្ថិភាព និង​ទិន្នន័យ​សំគាល់​ខ្លួន​ជា​ចាំ​បាច់​តាម​រយៈ​ ស្លាក​លេខរត់ (Race Bib) របស់​កីឡាករ កីឡាការិនី​ នៅ​ពេល​ដែល​មាន​ឧបទ្ទវហេតុ​ចៃដន្យ​ក្នុង​ពេល​រត់​ប្រណាំង។

ការ​ប្រកាស​របស់​គណៈកម្មការ​រៀបចំ​បែប​នេះ បន្ទាប់​ពី​​ព្រឹត្តិការណ៍​កន្លង​មក​ក៏​មាន​អ្នក​មិន​បាន​ចុះ​ឈ្មោះ ឬ​គ្មាន​ស្លាក​លេខ​សំគាល់​ក៏​បាន​ចូល​រួម​ច្រើន​ដែរ​ដែល​ធ្វើ​ឲ្យ​ពិបាក​​ក្នុង​ការ​គ្រប់​គ្រង និង​​ទិន្នន័យ​ពិត​ប្រាកដ​នៃ​អ្នក​ចូល​រួម។

អ្នក​​ដែល​បាន​ចុះ​ឈ្មោះ​ទាំង​អស់​​ត្រូវ​ទៅ​ទទួល​យក​សម្ភារៈ​សម្រាប់​ការ​ចូល​រួមរត់​នៅ​សណ្ឋាគារ ខនយ៉ាត តាម​ផ្លូវ​ជាតិ​លេខ 6A ភូមិ​ចុងកៅស៊ូ ឃុំ​ស្លក្រាម ក្រុង​សៀមរាប នៅ​ថ្ងៃ​ទី ៤ ដល់ ទី​៦ ខែ​ធ្នូ ចាប់​ពី​ម៉ោង​ ៩​ព្រឹក​ដល់ ម៉ោង ៦​ល្ងាច​ជា​កំហិត។

សម្រាប់​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​អង្គរ ឆ្នាំ ២០២៥ គឺ​ពិសេស​ជាង​ឆ្នាំ​មុន​ៗ ដោយសារប្រារព្ធ​ខួប​លើក​ទី​៣០ ដែល​ព្រឹត្តិការណ៍​នេះ​បាន​ដំណើរ​ការ។ តាម​ការ​គ្រោង​ទុក​ប្រមុខ​ថ្នាក់​ដឹក​នាំ​រាជ​រដ្ឋាភិបាល​កម្ពុជា​ចូល​រួម ​មន្ត្រី​រាជ​ការ អ្នក​ចូល​រួម​ជាតិ និង​អន្តរជាតិ​ប្រមាណជាង ១៥០០០​នាក់។

ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​អង្គរ លើក​ទី​៣០ នា​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ ២០២៥ មាន ១០ វិញ្ញាសា​គឺ ៥ វិញ្ញាសា​សម្រាប់​ភេទ​ប្រុស និង ៥ វិញ្ញាសា​សម្រាប់​ភេទ​ស្រី។

  • ចម្ងាយ ២១ គ.ម រទេះ​ពិការ (ទាំង បុរស និង នារី) ចេញ​ដំណើរ​ម៉ោង ៥:១៥​នាទី​ព្រឹក
  • ចម្ងាយ ២១ គ.ម (ទាំង បុរស និង នារី) ចេញ​ដំណើរ​ម៉ោង ៥:៣០​នាទីព្រឹក
  • ចម្ងាយ ១០ គ.ម (ទាំង ​បុរស និង​នារី) ចេញ​ដំណើរ​ម៉ោង ៥:៤៥​នាទី​ព្រឹក
  • ចម្ងាយ ៥ គ.ម (ទាំង​ បុរស និង​នារី) ចេញ​ដំណើរ​ម៉ោង ៦​:០០​នាទី​ព្រឹក
  • ចម្ងាយ ៣ គ.ម (ទាំង​ បុរស និង​នារី) ចេញ​ដំណើរម៉ោង ៦:១០​នាទី​ព្រឹក

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម