កីឡា
លោក ស៊ុន ចាន់ថុល «អ្នកចូលរួមពី ៨៦ ប្រទេស ថ្ងៃនេះយើងនិយាយភាសាតែមួយគឺភាសាកីឡា និងមិត្តភាព»
ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី៣០ បានធ្វើកាលពីព្រឹកថ្ងៃអាទិត្យ ទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅមុខប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប ដែលមានអ្នកចូលរួមជាតិ និងអន្តរជាតិជិត ២ ម៉ឺននាក់ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ ឆ្នាំ ២០២៥ ត្រូវប្រារព្ធឡើងដើម្បីអបអរសាទរខួបលើកទី ៣០ របស់ខ្លួន បន្ទាប់ពីព្រឹត្តិការណ៍នេះបានរៀបចំលើកដំបូងកាលពីឆ្នាំ ១៩៩៦។ អ្នកចូលរួមជាតិ និងអន្តរជាតិដែលបានចុះឈ្មោះជាផ្លូវការប្រមាណ ១៦០០០នាក់ ប៉ុន្តែអ្នករត់ជាក់ស្តែងប្រហែលជាច្រើនជាងចំនួនដែលបានចុះឈ្មោះ ដោយសារមានអ្នកខ្លះប្រហែលជាទៅចូលរួមដោយមិនបានចុះឈ្មោះ។

វាជាកំណត់ត្រាថ្មីមិនធ្លាប់មានដែលមានអ្នកចូលរួមច្រើនបំផុតរហូតដល់ជាង ១៦០០០នាក់ ហើយប្រៀបធៀបកាលឆ្នាំ ២០២៤ គឺកើនឡើង ២៥%។

ថ្លែងក្នុងពិធីបើក លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា សម្រាប់ព្រឹត្តិការណ៍កីឡាទេសចរណ៍អង្គរលើកទី៣០នេះបានស្រួបទាញអ្នកចូលរួមចំនួន ១៦០០០នាក់ កើនឡើង ២៥% បើប្រៀបធៀបនឹងឆ្នាំ ២០២៤។ អត្តពលិកជាតិជាង ១៣០០០នាក់ និងជនបរទេសជាង ៣០០០នាក់។
«ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅដល់អត្តពលិកជាតិ និងអន្តរជាតិដែលបានមកជួបជុំគ្នានៅទីនេះ ពេលនេះ។ ទោះបីជាយើងមកពីប្រទេសផ្សេងគ្នា និយាយភាសាខុសគ្នា ក៏ប៉ុន្តែថ្ងៃនេះ យើងនឹងនិយាយភាសាតែមួយគឺ ភាសាកីឡា និងភាសានៃមិត្តភាព»។ ប្រសាសន៍របស់លោក ស៊ុន ចាន់ថុល។

តាមការឲ្យដឹងពីលោក សែម ផល្លា នាយកម៉ារ៉ាតុងកម្ពុជា បានឲ្យដឹងថា គណៈកម្មការរៀបចំការប្រកួតបានបិទការចុះឈ្មោះមួយខែមុន ដោសារខ្វះសម្ភារគឺ មេដាយ អាវយឺត និងស្លាកលេខ ក៏ដូចជាសម្ភារជំនួយនៅលើដងផ្លូវរត់ផ្សេងៗ។ ប្រសិនបើបន្តឲ្យចុះឈ្មោះក្នុងរយៈពេលមួយខែចុងក្រោយ អ្នកចូលរួមប្រហែលជាអាចឈានដល់ ១៨០០០នាក់ ឬ ២០០០០នាក់ ប៉ុន្តែគណៈកម្មការមិនបានបើកការចុះឈ្មោះបន្តទេ ដោយសារត្រូវរៀបចំសម្ភារបន្ថែម ជាពិសេសមេដាយធ្វើនៅក្រៅប្រទេសដែលមិនអាចផលិតបានលឿនក្នុងរយៈពេលខ្លីទេ។

ក្រៅពីលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏មានការអញ្ជើញចូលរួមពីលោក Ueno Atsushi អគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោកស្រី Arimori Yuko ប្រធានអង្គការបេះដូងមាស ដែលជាសហស្ថាបនិករៀបចំព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ តាំងពីឆ្នាំ ១៩៩៦ លោកអភិខេត្តសៀមរាប រដ្ឋមន្ត្រីក្រសួងទេស ព្រមទាំងថ្នាក់ដឹកនាំជាច្រើនទៀត៕




អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


