សុខភាព
គិតត្រឹមសប្ដាហ៍ទី ១ ខែតុលានេះ កម្ពុជា មានអ្នកកើតជំងឺគ្រុនឈាមជាង ៤ ម៉ឺន ៤ ពាន់ករណី និងស្លាប់ ៥៥ នាក់
គិតត្រឹមសប្ដាហ៍ទី ១ នៃខែតុលា ឆ្នាំ ២០២៥ នេះ កម្ពុជា មានករណីជំងឺគ្រុនឈាមប្រមាណជាង ៤ ម៉ឺន ៤ ពាន់ករណី និងស្លាប់ ៥៥ នាក់ ប៉ុន្តែស្ថានភាពជំងឺកំពុងថយចុះវិញជាបន្តបន្ទាប់ប្រមាណជាង ៤០ ករណី ក្នុងមួយថ្ងៃៗ ចាប់តាំងពីដើមខែសីហា រហូតមកដល់ដើមខែតុលា នេះ។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ៨ តុលា នេះថា ឆ្នាំ ២០២៥ គឺជាឆ្នាំ នៃវដ្តជំងឺគ្រុនឈាមដែលបណ្តាលឱ្យកើតមានជំងឺគ្រុនឈាមច្រើនដោយគិតពីខែមករារហូតមកដល់សប្ដាហ៍ទី ១ នៃខែតុលា ឆ្នាំ ២០២៥ នេះ មានករណីជំងឺសរុបជាង ៤ ម៉ឺន ៤ ពាន់ករណី និងស្លាប់ ៥៥ នាក់។

លោកវេជ្ជបណ្ឌិត បានបន្តថា បច្ចុប្បន្ន ស្ថានភាពជំងឺគ្រុនឈាម បាននិងកំពុងថយចុះវិញជាបន្តបន្ទាប់ជាង ៤០ ករណី ក្នុងមួយថ្ងៃៗ ចាប់តាំងពីដើមខែសីហារហូតមកដល់ដើមខែតុលានេះ។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា «បើប្រៀបធៀបជាមួយសន្ទស្សន៍ព្យាករណ៍សម្រាប់ឆ្នាំ ២០២៥ នេះ គឺ ជំងឺគ្រុនឈាមអាចកើតមានប្រមាណជា ជាង ៧ ម៉ឺន ៦ ពាន់ករណី តែដោយចលនាបុរេសកម្ម និងកិច្ចសហការចូលរួមពីគ្រប់កម្រិត ព្រមទាំងសហគមន៍ ក៏ដូចជាការជំរុញលើកទឹកចិត្ត និងចង្អុលបង្ហាញជាប្រចាំរបស់ ឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល មកដល់ពេលនេះ គឺយើងបានបង្ការទប់ស្កាត់មិនឱ្យកើតមានជំងឺគ្រុនឈាមប្រមាណជា ៤១% ឬ ស្មើនឹង ៨៦ នាក់ ក្នុងមួយថ្ងៃ ដែលសរុបគឺបង្ការបានជាង ៣ ម៉ឺននាក់ មិនឱ្យកើតជំងឺគ្រុនឈាម»។
លោកវេជ្ជបណ្ឌិត បានបន្ថែមថា បើប្រៀបធៀបឆ្នាំ ២០២៤ បានបង្ហាញថា ឆ្នាំ ២០២៥ នេះ ស្ថានភាពជំងឺត្រូវបានកាត់បន្ថយកំពូលប្រចាំឆ្នាំមកត្រឹមសប្ដាហ៍ទី ២៩ ឬដើមខែសីហា ដែលឆ្នាំ ២០២៤ គឺកំពូលនៅសប្ដាហ៍ទី ៣៤ ឬចុងខែសីហា ដែលបញ្ជាក់យ៉ាងច្បាស់អំពីសមិទ្ធផល នៃការចូលរួមបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺមានប្រសិទ្ធភាពខ្ពស់គួរជាទីមោទនភាព។
លោកវេជ្ជបណ្ឌិត បន្ថែមទៀតថា បើទោះបីជាឆ្នាំ ២០២៥ នេះ ស្ថានភាពបន្ទុកជំងឺគ្រុនឈាមកំពុងធ្លាក់ចុះវិញមែន ប៉ុន្តែនិន្នាការ នៃការថយចុះនៅមានកម្រិតទាប ដែលទាមទារឱ្យគ្រប់គ្នា សហគមន៍ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋគ្រប់រូប ត្រូវពង្រឹងកិច្ចអន្តរាគមន៍អនុវត្ត អនាម័យបរិស្ថាន លុបបំបាត់ប្រភពសម្ភារៈដក់ទឹកមិនប្រាស់ សំបកកង់យានជំនិះ លុបបំបាត់ដង្កូវទឹកតាមគេហដ្ឋានរៀងៗ ខ្លួន ជាប្រចាំ និងត្រូវស្វែងរកសេវាថែទាំសុខភាពបន្ទាប់ពីក្តៅខ្លួនខ្លាំងភ្លាមៗ មិនលើសពី ២ ថ្ងៃ ពិសេសទៅប៉ុស្តិ៍សុខភាព ឬ មណ្ឌលសុខភាព ឬមន្ទីរពេទ្យនៅជិតបំផុតមិនឱ្យយឺតពេល។ បើយឺតពេលមួយថ្ងៃ ជាកត្តាជំរុញការវិវត្តន៍ជំងឺធ្ងន់ធ្ងរអាចយាយីដល់អាយុជីវិត។
លោកវេជ្ជបណ្ឌិត បានឱ្យដឹងទៀតថា «ចូរចងចាំថា បើនៅតែបន្តមានវត្ថុដក់ទឹកពាសវាលពាសកាល បន្តមានដង្កូវទឹក គឺនៅតែបន្តកើតមានសត្វមូសខាំជានិច្ច «ចូររួមគ្នា ធ្វើអនាម័យបរិស្ថានគ្រប់គ្នា ព្រោះបញ្ហាមានសត្វមូស គឺជាបញ្ហា និងកាតព្វកិច្ចរបស់យើងគ្រប់គ្នាក្នុងការបង្ការ និងកម្ចាត់»។ សូមអំពាវនាវដល់អាជ្ញាធរមូលដ្ឋានចាត់វិធានការចាំបាច់លើអនាម័យបរិស្ថាន គ្មានទឹកដក់ គ្មានដង្កូវទឹក»។
គួរជ្រាបផងដែរថា សម្រាប់ឆ្នាំ ២០២៥ នេះ មិនមែនតែកម្ពុជាមានការកើនឡើងករណីជំងឺគ្រុនឈាមតាមរបាយការណ៍អង្គការសុខភាពពិភពលោក ជំងឺគ្រុនឈាមនៅបណ្ដាប្រទេសអាស៊ីប៉ាស៊ីហ្វិកក៏មានកំណើនយ៉ាងខ្លាំងតាំងពីពាក់កណ្ដាលឆ្នាំ ២០២៤ ដល់ ២០២៥ នេះ ព្រោះពាក់ព័ន្ធនឹងជុំជាវដ្ត នៃជំងឺ និងកត្តាអាកាសធាតុភ្លៀងធ្លាក់ច្រើន ក៏ដូចជាកត្តាបម្លាស់ទីរបស់ប្រជាជនពីមួយប្រទេសទៅមួយប្រទេសផងដែរ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


