Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ បើកភ្លើងបៃតងឲ្យ CIA ធ្វើសកម្មភាពនៅ វ៉េណេស៊ុយអេឡា 

បានផុស

នៅ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បញ្ជាក់ថា លោកបានអនុញ្ញាតឲ្យ CIA ធ្វើសកម្មភាពនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដោយគិតមកត្រឹមពេលនេះ កងកម្លាំងអាមេរិកបានបើកការវាយប្រហារចំនួន៥លើករួចទៅហើយ លើកប៉ាល់សង្ស័យដឹកគ្រឿងញៀនសម្លាប់មនុស្ស២៧នាក់ ក្នុងតំបន់ការ៉ាប៊ីន។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Reuters នៅថ្ងៃព្រហស្បតិ៍ទី១៦ខែតុលាឆ្នាំ២០២៥ លោកត្រាំបានបញ្ជាក់ពីរបាយការណ៍ពាក់ព័ន្ធ CIA ហើយថែមទាំងគំរាមថា អាមេរិកនឹងបើកការវាយប្រហារបន្ថែមទៀតនៅក្នុងតំបន់នេះ។

នៅក្នុងការិយាល័យពងក្រពើ អ្នកសារព័ត៌មានម្នាក់បានសួរលោក ត្រាំ ថា៖ «ហេតុអ្វី លោកអនុញ្ញាតឲ្យទីភ្នាក់ងារ CIA ចូលទៅក្នុងប្រទេសវ៉េណេស៊ុយអេឡា?។ ប្រធានាធិបតីអាមេរិកឆ្លើយថា៖ «តាមពិតមានហេតុផលពីរ! ទីមួយគឺពួកគេ [វ៉េណេស៊ុយអេឡា] បានបើកឲ្យអ្នកទោសរបស់ពួកគេចូលទៅក្នុងសហរដ្ឋអាមេរិក។ ទៅពីរគឺគ្រឿងញៀន! យើងមានគ្រឿងញៀនជាច្រើនកំពុងហូរចូលមកពីប្រទេសវ៉េណេស៊ុយអេឡា ហើយគ្រឿងញៀនវ៉េណេស៊ុយអេឡាជាច្រើន បានចូលមកតាមផ្លូវសមុទ្រ ដែលអ្នកបានឃើញហើយ ប៉ុន្តែយើងនឹងទប់ស្កាត់ពួកវាតាមផ្លូវគោកផងដែរ»។

CIA (រូបថត៖ Reuters)

សូមជម្រាបថា ​ចាប់តាំងពីខែកញ្ញាមក អាមេរិក បានបើកការវាយប្រហារចំនួន៥លើកហើយ នៅ​តំបន់​ការាប៊ីន ដែល​នាំ​​​ឲ្យ​​ចំនួន​មនុស្ស​ស្លាប់​សរុប​ឡើង​ដល់​២៧​នាក់។​ ប្រតិបត្តិការទាំងនេះក៏រួមមានទាំងការវាយប្រហារលើ​កប៉ាល់របស់ក្រុម Tren de Aragua ដែលមានទំនាក់ទំនងនឹងវ៉េណេស៊ុយអេឡាផងដែរ។

រដ្ឋបាល​លោក ត្រាំ បាននិយាយការពារយុទ្ធនាការនេះ ដោយប្រាប់​ថា ខ្លួនចាត់ទុកសហរដ្ឋអាមេរិកស្ថិតក្នុង«ជម្លោះប្រដាប់អាវុធមិនមែនអន្តរជាតិ» ជាមួយអង្គការភេរវករដែល​ពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀន។

ភាពតានតឹងរវាងអាមេរិកនិងវ៉េណេស៊ុយអេឡា បានឡើងកម្តៅយ៉ាងក្តៅគគុក ជាពិសេសកាល​ពី​ដើម​ខែ​សីហា ដែលរដ្ឋបាល​​លោក​ ត្រាំ ប្រកាសថា នឹង​ផ្តល់រង្វាន់ទ្វេដង​ឡើង​ដល់ ៥០​លាន​ដុល្លារ សម្រាប់ព័ត៌មានឈានដល់ការចាប់ខ្លួន ឬការកាត់ទោសប្រធានាធិបតី នីកូឡាស​ ម៉ាឌូរ៉ូ ដែល​ត្រូវ​ចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន​នៅ​សហរដ្ឋ​អាមេរិក។

អាមេរិក​ចោទលោក ម៉ាឌូរ៉ូ ថាកំពុង​ប្រើប្រាស់​ប្រាក់ចំណេញពីគ្រឿងញៀនដើម្បីរក្សាអំណាច​ខ្លួន។ លោក ម៉ាឌូរ៉ូ ត្រូវបានចោទប្រកាន់ជាលើកដំបូងនៅក្នុងឆ្នាំ​២០២០ ដោយរដ្ឋអាជ្ញា​​អាមេរិក ដែលថា លោក​បានដើរតួនាទីសំខាន់ក្នុងការសមគំនិតរត់ពន្ធកូកាអ៊ីនដ៏ច្រើនសន្ធឹកសន្ធាប់​ចូលទៅក្នុង​ទឹក​ដី​សហរដ្ឋអាមេរិក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ត្រាំ៖ អាមេរិក​កម្ទេច​ទូក​​គ្រឿង​ញៀន​មួយ​ទៀត​ចេញ​ពី​វ៉េណេស៊ុយអេឡា ស្លាប់មនុស្ស​៦​នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម