Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​អាកាសចរណ៍ថ្មីចំនួន ៤ ​ទៀត គ្រោង​បើក​ការ​ហោះហើរ​​ត្រង់​មក​ប្រទេស​កម្ពុជា​ឆាប់ៗនេះ

បានផុស

នៅ

បើ​តាម​មន្រ្តី​អាកាសចរណ៍​ស៊ីវិល​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​ចំនួន ៤ ទៀត គ្រោង​​នឹង​តភ្ជាប់​ជើង​ហោះហើរ​​​មក​កាន់​អាកាសយានដ្ឋាន​ក្នុង​ប្រទេស​កម្ពុជាក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។

លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការនិងមន្រ្តី​​អ្នកនាំពាក្យ​អាកាសចរណ៍​ស៊ីវិល​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​ចំនួន ៤ ដែលនឹង​បើក​​ការ​ហោះហើរ​ត្រង់​មក​អាកាសយានដ្ឋានក្នុង​​ប្រទេស​កម្ពុជាក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​​មាន​ក្រុមហ៊ុន IndiGo ក្រុមហ៊ុន Firefly ក្រុមហ៊ុន Air Busan និង​ក្រុមហ៊ុន T’way។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពីថ្ងៃទី ៤ ខែ​តុលា ឆ្នាំ២០២៥ ​ក្រុមហ៊ុន​​អាកាសចរណ៍​មកពី​តំបន់​មជ្ឈិមបូព៌ា Etihad Airways ​បាន​បើក​ការ​ហោះហើរ​ត្រង់​ជា​លើក​ដំបូង​មក​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​ ខណៈ​ដែល​ក្រុមហ៊ុន Turkish Airline បើ​តាម​ការ​គ្រោង​ទុក​ក៏​នឹង​ត្រៀម​បើក​ជើង​ហោះហើរ​ត្រង់​មក​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី១០ ខែ​ធ្នូ ឆ្នាំ​២០២៥។

លោក ស៊ីន ចាន់សិរីវុត្ថា​ បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងប្រតិបត្តិការហោះហើរចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិទាំង ៣ នៅកម្ពុជាមានចំនួន ៣២ ក្រុមហ៊ុន ក្នុង​នោះ​ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក មាន​ចំនួន ៤ និង​ក្រុមហ៊ុនអាកាសចរណ៍ក្រៅស្រុក​មាន​ចំនួន ២៨។

ថ្លែង​ក្នុង​ពិធីសម្ពោធជាផ្លូវការ​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ (TIA) កាល​ពី​ម្សិលមិញ​នេះ ដែល​មានវត្តមាន​​ចូលរួមពី​ថ្នាក់​ដឹកនាំ ​និង​ក្រុមហ៊ុន​វិនិយោគ​អាកាសយានដ្ឋានអន្តរជាតិ​តេជោ​ សម្តេច​ធិបតី ហ៊ុន ម៉ាណែត បាន​ជំរុញ​ឲ្យ​ស្ថាប័ន​​ពាក់ព័ន្ធ​ត្រូវ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ផ្ដល់​សេវា​គ្រប់អាកាសយានដ្ឋានទាំងអស់​ ធ្វើ​យ៉ាងណា​​កុំឲ្យ​មានការ​ដាក់​បន្ទុក​តម្លៃ​បន្ថែម​នាំ​ឲ្យ​បាត់បង់​លទ្ធភាព​​ប្រកួត​ប្រជែង​​របស់អាកាសយានដ្ឋានកម្ពុជា​។

នាយករដ្ឋមន្ត្រី​កម្ពុជា​ឲ្យ​ពិចារណា​​កុំ​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​មួយ​ពេល នាំ​ឲ្យ​ខូចខាត​និង​បាត់បង់​ផលប្រយោជន៍​សម្រាប់​ជាតិ​ទាំង​មូល។

សម្តេច​ថ្លែង​ដោយ​សង្កត់ធ្ងន់​ថា ​មិន​ចង់​ឲ្យ​ព្រលាន​ឃើញ​តែ​អគារ​ តែ​ខ្វះ​ការ​ហោះ​ហើរ​នោះ​ទេ។ «ថ្លៃ​សេវា​​បើ​កន្លែង​ណា​កាត់​បាន គួរ​តែ​កាត់​ចេញ​និយាយ​ទៅ​គឺ​ដូច​ទាក់​ម៉ូយ។ យើង​ស៊ូ​យក​តម្លៃ​ថ្លៃ​ទាប ​ប៉ុន្តែ​ទាក់ទាញ​មនុស្ស​ឲ្យ​បាន​ច្រើន»។

សម្តេច​បន្ត​ថា «ខ្ញុំ​ដឹង​ថា​ក្រុមហ៊ុន​វិនិយោគ​គិតគូរ​ពី​ប្រាក់​ចំណូល​ចំណេញ ប៉ុន្តែ​កុំគិត​លឿន​ពេក ​ត្រូវ​គិត​ពី​ផល​ប្រយោជន៍ ​និង​ចំណេញ​រួម​របស់​ជាតិ។ ​ការហោះហើរ​កាន់តែ​ច្រើន ជួយ​នាំ​ទេសចរ​នាំ​ទំនិញ​ចូល​មក​ដល់​កម្ពុជាក៏កាន់តែច្រើន»។

សម្តេច​ក៏​​ស្នើ​ឲ្យ​រដ្ឋលេខាធិការ​អាកាសចរណ៍​ស៊ីវិល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ធ្វើការ​ជាមួយ​ក្រុមហ៊ុនអភិវឌ្ឍ​ក្នុង​​ព្រលាន​ត្រូវ​បន្ត​​តាមដាន​ឲ្យ​ជាប់ និង​ធានា​ឲ្យ​បាន​​កុំឲ្យ​មាន​ការ​ដាក់​បន្ទុក​តម្លៃបន្ថែមដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សមត្ថភាព​ប្រកួតប្រជែង​របស់​អាកាសយានដ្ឋាន​​កម្ពុជា ​ជាមួយ​អាកាសយានដ្ឋាន​​បណ្តា​ប្រទេស​ជិតខាង​​​​ក្នុង​តំបន់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម