ព័ត៌មានជាតិ
តើឈ្មោះកំពង់សោមនៅខេត្តព្រះសីហនុ មានប្រវត្តិបែបណា?
យោងតាមឯកសារស្រាវជ្រាវពីប្រវត្តិខេត្តព្រះសីហនុដែលបានចេញផ្សាយកាលពីឆ្នាំ ២០១៦ បានរៀបរាប់ពីប្រវត្តិខេត្តព្រះសីហនុ និងការកកើតឈ្មោះតំបន់កំពង់សោមនៅក្នុងខេត្តព្រះសីហនុក្នុងពេលបច្ចុប្បន្ននេះ។
តើឈ្មោះកំពង់សោមមានប្រវត្តិបែបណា?
សៀវភៅឯកសារប្រវត្តិខេត្តព្រះសីហនុបានបញ្ជាក់ថា កាលដើមឡើយកំពង់សោមមានទីតាំងស្ថិតនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។ លោក សាន សុមែន ដែលធ្លាប់ធ្វើជាគ្រូពុទ្ធិកបឋមសិក្សាវត្តឥន្ទញាណ (ក្រុងព្រះសីហនុ) បានរៀបរាប់តាមការសាកសួរចាស់ៗដែលរស់នៅស្រុកព្រៃនប់ឲ្យដឹងថា កំពង់សោមមានពីរគឺកំពង់សោមលើស្ថិតនៅភូមិចំប៉ា (ស្រុកកំពង់សិលា) និងកំពង់សោមក្រោមស្ថិតនៅក្នុងស្រុកស្រែអំបិល។

លោកតា អាចារ្យ ម៉ុល សុខ ជាចាស់ទុំធ្លាប់រស់នៅស្រុកព្រៃនប់បានលើកឡើងថា បានជាគេហៅថាកំពង់សោម ព្រោះមានប្រវត្ដិដំណាលមកថាកាលពីដើមឡើយស្រុកស្រែអំបិល ដែលស្ថិតនៅក្នុងខេត្តកោះកុងសព្វថ្ងៃនេះ មានឈូងសមុទ្រមួយលាតសន្ធឹងពីស្រុកស្រែអំបិលរហូតមកដល់ក្រុងព្រះសីហនុបច្ចុប្បន្ន ដែលទីនោះមានព្រៃកោងកាង និងព្រៃឈើគ្រប់ប្រភេទ ហើយសម្បូរទៅដោយផ្ដៅសោម ព្រមទាំងមានសត្វម្រឹគកាចសាហាវយ៉ាងច្រើន ដូចជាសត្វខ្លា ដំរី ជាដើម។ រីឯប្រជាជនដែលរស់នៅមានចំនួនតិចតួចណាស់ដោយប្រកបរបរចិញ្ចឹមជីវិត គឺឡើងភ្នំ និងចុះសមុទ្រនេសាទ។
ក្រៅពីរបរនេសាទ ប្រជាជនក៏បានទៅកាប់ផ្តៅសោមអូសបណ្ដែតតាមទឹក ហើយឡើងនៅកំពង់ផែត្រពាំង (ឃុំស្រែអំបិលបច្ចុប្បន្ន)។
តាមប្រសាសន៍របស់លោកតាអាចារ្យដដែលបានបន្តថា ដោយទីនោះសម្បូរទៅដោយផ្ដៅសោម ពលរដ្ឋកាប់យកស្លឹកមកប្រក់ផ្ទះសម្បែង។ ឯការអូសផ្ដៅសោមមកចតនៅមាត់កំពង់ជារៀងរាល់ពេលទៅ ទើបគេហៅទីនោះថាកំពង់ផ្ដៅសោម។ ទាំងអ្នកនេសាទ និងអ្នកដែលទៅកាប់ផ្ដៅនៅទីនោះតែងតែហៅតំបន់នោះថាកំពង់ផ្ដៅសោម ហើយក្រោយមកហៅកាត់ថា កំពង់សោម។
ចំណែកអ្នកនៅស្រុកខាងកើតដូចជាខាងខេត្តកំពង់ស្ពឺជាដើម បើកាលណាគេចង់មកស្រុកខាងលិច គេតែងនិយាយថា “យើងនាំគា្នទៅកំពង់សោមៗ (ក្នុងស្រុកស្រែអំបិលហ្នឹងឯង)” ។
ការបង្កើតទីក្រុងកំពង់សោម
នៅក្នុងឆ្នាំ១៩៥៦ មានការស្ថាបនាកំពង់ផែនៅតំបន់កោះពស់ (កំពង់សោម) ស្ថិតនៅឃុំរាម ខណ្ឌព្រៃនប់ ស្រុកកំពត ខេត្តកំពត។ ដោយការរីកចម្រើនទើបនៅឆ្នាំ១៩៥៧ តំបន់នេះត្រូវបានបង្កើតជាទីក្រុងដែលមានឈ្មោះថា ក្រុងកំពង់សោមដោយហ្លួងសុរាម្រឹត។
ការប្ដូរឈ្មោះក្រុងកំពង់សោមទៅជាក្រុងព្រះសីហនុ
ក្រោយមកនៅថ្ងៃទី ២២ ខែមករា ឆ្នាំ១៩៥៩ ក្នុងរជ្ជកាលព្រះបាទសម្តេចព្រះនរោត្ដមសុរាម្រិត បានសម្រេចបង្កើតឲ្យមានទីក្រុងមឿងមួយហៅថា “ក្រុងព្រះសីហនុ នៅឃុំរាម ក្នុងតំបន់ផែកំពង់សោមដោយក្រុងកំពង់សោមត្រូវបានប្តូរឈ្មោះ ទៅជាក្រុងព្រះសីហនុវិញ។

ក្រុងព្រះសីហនុត្រូវបានតំឡើងឋានៈជារាជធានីទី២
នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៦៤ ក្រុងព្រះសីហនុត្រូវបានតំឡើងឋានៈជារាជធានីទី២ នៃព្រះរាជាណាចក្រកម្ពុជា។ ចាប់ពីពេលនោះមក សកម្មភាពសាងសង់មានជាហូរហែរដូចជារោងចក្រ ស្រាបៀរអង្គរ រោងចក្រតម្លើងរថយន្តអង្គរ សណ្ឋាគារឯករាជ្យជាដើម។ ខណៈនោះក្រុងព្រះសីហនុមិនទាន់ល្បីល្បាញខាងទេសចរណ៍ប៉ុន្មានទេ គឺពេលសំរាកលំហែកាយ គេច្រើននាំគ្នាទៅទីក្រុងកែប។
ក្រោយមក វិស័យទេសចរណ៍ក៏រីកចំរើនដោយសារក្រុងព្រះសីហនុ មានឆ្នេរខ្សាច់ល្អស្អាត ខ្យល់អាកាសបរិសុទ្ធ និង ទេសភាពស្រស់ត្រកាល។
ក្រុងព្រះសីហនុ ត្រូវបានប្តូរឈ្មោះមកក្រុងកំពង់សោមវិញ
ក្រោយពីរដ្ឋប្រហារ លន់ នល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ក្រុងព្រះសីហនុត្រូវបានផ្លាស់ប្តូរឈ្មោះទៅជាក្រុងកំពង់សោមវិញ។ ពីឆ្នាំ ១៩៧០ ដល់ ១៩៧៥ កំពង់ផែមានសកម្មភាពរអាក់រអួលខ្លះដោយសារសង្គ្រាម។
ក្រុងកំពង់សោម ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
ចាប់ពី ឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ របបកម្ពុជាប្រជាធិបតេយ្យ សម័យ ប៉ុល ពត “ខ្មែរក្រហម” ក្រុងកំពង់សោម មិនមានការផ្លាស់ប្ដូរឈ្មោះទេ ហើយពេលនោះកំពង់ផែមានសកម្មភាពលើកដាក់មួយចំនួនផងដែរ។

ដំណាក់កាល ស្តារ និងអភិវឌ្ឍន៍ ក្រុងកំពង់សោម
ចាប់ពីឆ្នាំ ១៩៧៩ ជាដំណាក់កាល ស្តារ និងអភិវឌ្ឍន៍ ក្រុងកំពង់សោមឡើងវិញ បន្ទាប់ពីថ្ងៃរំដោះ ៧ មករា ១៩៧៩។
បង្កើតខ័ណ្ឌចំណុះក្រុងកំពង់សោម
ខ័ណ្ឌស្ទឹងហាវត្រូវបានបង្កើតចំណុះឱ្យក្រុងកំពង់សោមនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៨៥ មានបីសង្កាត់ (សង្កាត់កំពេញ សង្កាត់ទំនប់រលក និងសង្កាត់អូរត្រេះ)។
ខ័ណ្ឌមិត្តភាព ត្រូវបានបង្កើតចំណុះឱ្យក្រុងកំពង់សោម នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៨៧ មានបួនសង្កាត់ (សង្កាត់លេខ១ សង្កាត់លេខ២ សង្កាត់លេខ៣ និងសង្កាត់លេខ៤)។
ក្រុងកំពង់សោមត្រូវបានប្ដូរឈ្មោះទៅជាក្រុងព្រះសីហនុវិញ
រហូតមកដល់ ឆ្នាំ ១៩៩៣ ក្រោយពីខ្មែរបានរួបរួមគ្នាឡើងវិញ ក្រុងកំពង់សោមត្រូវបានប្តូរឈ្មោះមកជាក្រុងព្រះសីហនុ វិញ។
ក្រុងព្រះសីហនុ ត្រូវប្តូរមកជាខេត្តព្រះសីហនុ
នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៨ ក្រុងព្រះសីហនុត្រូវប្តូរមកជាខេត្តព្រះសីហនុ ដោយបានកាត់ដីស្រុកកំពង់សីលាចេញពីខេត្តកោះកុងមកខេត្តព្រះសីហនុ។

រាជរដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ ២០២៤ បានចេញអនុក្រឹត្យបង្កើត «ក្រុងកំពង់សោម» ដែលជាដែនរដ្ឋបាលទី ៦ នៃខេត្តព្រះសីហនុ។ ក្រុងថ្មីនេះកាត់យកឃុំចំនួន ៥ ពីស្រុកព្រៃនប់ គឺឃុំរាម ឃុំបិតត្រាំង ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និង ឃុំអូរជ្រៅ។
យោងតាមអនុក្រឹត្យ ក្រុងកំពង់សោមមានសង្កាត់ចំនួន៥ និង ទីតាំងរដ្ឋបាលគឺស្ថិតនៅក្នុងសង្កាត់រាម៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


