Connect with us

ព័ត៌មានអន្ដរជាតិ

ប្រាក់ចំណេញក្រុមហ៊ុនភេសជ្ជៈថៃនានាធ្លាក់ចុះខ្លាំង ​ដោយសារ​ជម្លោះ​ជាមួយកម្ពុជា និងបញ្ហាផ្សេងៗ

បានផុស

នៅ

បណ្ដាក្រុមហ៊ុនភេសជ្ជៈថៃធំៗដូចជា ខារ៉ាប៉ាវ អ៊ីឈីតាន់ និង Malee ជាដើមនោះ បាន​រាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញសុទ្ធយ៉ាងគំហុក ដោយសារតែភាពតានតឹងព្រំដែនជាមួយ​កម្ពុជា បញ្ហាធាតុអាកាស និងកម្សោយតម្រូវការ​ពីប្រទេសជិតខាងរួមមាន​កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម​ (CLMV)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់កាសែត​ The Nation កាលពីថ្ងៃចន្ទ ទីផ្សារភេសជ្ជៈគ្មានជាតិអាល់កុលថៃ ដែលមានតម្លៃ ១០០ ​ប៊ីលានបាត ឬជាង ៣ ប៊ីលាន​ដុល្លារ កំពុងប្រឈមមុខនឹងបញ្ហា​ធំៗធ្ងន់ធ្ងរ​នៅឆ្នាំនេះ។ ​ធាតុអាកាសត្រជាក់ជាងធម្មតាក្នុងរដូវ​ប្រាំង បានកាត់បន្ថយសន្ទុះលក់ ខណៈចូលដល់ត្រីមាសទី៣ ជម្លោះព្រំដែនថៃ-កម្ពុជាបានផ្ទុះឡើង ដែល​​បង្កការរំខានដល់ពាណិជ្ជកម្មឆ្លងដែនថៃ។ ​ផលិតផល​ដែលពឹងផ្អែកលើ​ទីផ្សារ​ CLMV ជាពិសេសកម្ពុជា និងមីយ៉ាន់ម៉ា បានបន្តចុះខ្សោយ ខណៈ​ការនាំចេញទៅអន្តរជាតិផ្សេងៗ ត្រូវ​រងផលប៉ះពាល់​ពីភាពមិននឹងននៃសេដ្ឋកិច្ច​សកល​ និងបម្រែបម្រួលអត្រាប្តូរប្រាក់​។

ក្រុមហ៊ុនផលិត និងចែកចាយទឹកផ្លែឈើ Malee Group ​បានកត់ត្រា​នូវកំណើន​ប្រាក់ចំណេញសុទ្ធ ២,១% ដល់ ៦១,៩ លាន​បាត។ យ៉ាងណាមិញ ​ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៥ ​បាន​ធ្លាក់ចុះរហូតដល់ទៅ ១៥,៨% មកត្រឹមប្រមាណ ២៣៩,៣ លាន​បាត ខណៈប្រាក់ចំណូលសរុបក្នុងរយៈពេលដូចគ្នា មាន​ប្រមាណ ៥,៨៥ ប៊ីលាន​បាត ដោយធ្លាក់ចុះ ៩,៣%។ ការធ្លាក់ចុះទាំងនេះ រួមចំណែក​ដោយ​ភាព​តានតឹងកម្ពុជា-ថៃ ដែលបង្កការរំខានដល់ពាណិជ្ជកម្ម​រវាងប្រទេសទាំង២ ក្រោយ​ការបិទព្រំដែនជាឯកតោភាគីរបស់ថៃ។ ​

ក្រុមហ៊ុន Carabao Group ​ដែលជាក្រុមហ៊ុនថៃល្បីនៅកម្ពុជាមួយ​ទៀត បានកត់ត្រាប្រាក់ចំណូលប្រមាណ ៥,៤៩ ប៊ីលានបាត ដោយ​កើនឡើង ៨% នៅត្រីមាសទី៣។ ប៉ុន្តែក្នុងនោះ ប្រាក់ចំណេញសុទ្ធ បាន​ធ្លាក់ចុះរហូតដល់ទៅ ២០% មកត្រឹមប្រមាណ ៦១៦ លាន​បាត។ ​

ការណ៍គួរឱ្យកត់សម្គាល់នោះ គឺថា ការលក់លើទីផ្សារនៅត្រីមាសទី៣ របស់ក្រុមហ៊ុន Carabao បាន​ធ្លាក់ចុះខ្លាំងប្រមាណ ៤២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន មកត្រឹម ៧២៧ លាន​បាត។ ការលក់នៅទីផ្សារ CLMV ទាំងអស់សុទ្ធតែធ្លាក់ចុះ ដោយសារតែការរំខានពាណិជ្ជកម្ម​ឆ្លងដែន ជាពិសេសជម្លោះប្រដាប់អាវុធព្រំដែនជាមួយ​កម្ពុជា។

ក្រុមហ៊ុនភេសជ្ជៈ Ichitan Group ​ឯណោះវិញ បានកត់ត្រាចំណូលពីការលក់ប្រមាណ ២,១ ប៊ីលាន​បាត នៅត្រីមាសទី៣ ដោយធ្លាក់ចុះ ០,៣% ប៉ុន្តែប្រាក់ចំណេញសុទ្ធបាន​កើនឡើងបន្តិច ០,៣% ដល់ជាង ៣៥០ លាន​បាត។ យ៉ាងណាមិញ ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ក្រុមហ៊ុនដែលមាន​ទីផ្សារសំខាន់នៅកម្ពុជាដដែល បាន​កត់ត្រាពីការធ្លាក់ចុះ ៨,១% នៃប្រាក់ចំណេញសុទ្ធ ដល់ប្រហែល ១ ប៊ីលានបាត ខណៈប្រាក់ចំណូលរបស់ក្រុមហ៊ុនក៏ធ្លាក់ចុះ ៦,៧% ដល់ប្រមាណ ៦,១៤ ប៊ីលាន​បាត។

ក្រុមហ៊ុនភេសជ្ជៈថៃធំៗផ្សេងៗទៀត ក៏បាន​រាយការណ៍ពីប្រាក់ចំណូល និងចំណេញសុទ្ធធ្លាក់ចុះយ៉ាងគំហុកផងដែរ ដូចជាក្រុមហ៊ុន Sappe, Thai Coconut​, និង Osotspa ជាដើម។ ក្នុងត្រីមាសទី ៣ ប្រាក់ចំណេញសុទ្ធរបស់ Sappe បាន​ធ្លាក់ចុះជិត ៤០% ខណៈប្រាក់ចំណេញរបស់ក្រុមហ៊ុន Thai Coconut ធ្លាក់ចុះជិត ៦០% ស្របពេលដែល Osotspa រាយការណ៍ពីកម្សោយនៃតម្រូវការនៅកម្ពុជា ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ាជាដើម។

គួរគូសបញ្ជាក់ថា បញ្ហា​ព្រំដែន​​កម្ពុជា-ថៃ មិនត្រឹមតែបង្កការបិទព្រំដែន ដែលបង្កការរាំងស្ទះដល់ដំណឹកជញ្ជូនទំនិញ​ច្រក​ដីគោកប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ករលកពហិការលើទំនិញថៃពីក្នុងចំណោមអ្នកប្រើប្រាស់នៅកម្ពុជាផងដែរ។

កន្លងមក អាជីវកម្ម​ថៃបាន​ជំរុញឱ្យរដ្ឋាភិបាលរបស់ខ្លួនដោះស្រាយបញ្ហាជម្លោះជាមួយកម្ពុជាជាបន្ទាន់ ខណៈតួលេខពីរដ្ឋាភិបាលថៃបាន​បង្ហាញថា​ ថៃអាចខាតបង់សេដ្ឋកិច្ច ១០០ ប៊ីលាន​បាត ប្រសិន​បើ​ការបិទព្រំដែនបន្តអូសបន្លាយដល់ចុងឆ្នាំ ២០២៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម