Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌច្បារអំពៅ ដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងភូមិអូរអណ្តូង ១ ដែលរងការលិចលង់ធ្ងន់ធ្ងរ បន្ទាប់ពីភ្លៀងធ្លាក់យប់មិញ

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ១៩ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ នេះ លោក ម៉ូវ ម៉ានិត អភិបាល​ខណ្ឌ​ច្បារអំពៅ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស និង​ម្ចាស់​មូលដ្ឋាន​សង្កាត់​ព្រែកប្រា ចុះ​ពិនិត្យ​មើល​ទីតាំង​ភូមិ​អូរ​អណ្ដូង ១ ដែល​រងគ្រោះ​ជន់​លិច​លំនៅឋាន បន្ទាប់ពី​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ កាលពី​យប់មិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភព​ពី លោក ស្លៃម៉ាន អលវី អនុ​ប្រធាន​ភូមិ​អូរអណ្តូង ១ បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី ១៩ នេះ លោក ម៉ូ​វ ម៉ានិត ​ដែល​ទើប​នឹង​ទទួល​តំណែង បាន​ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស និង​អាជ្ញាធរ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ភូមិសាស្ត្រ​រង​ការ​លិចលង់​បន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំង កាលពី​យប់​ថ្ងៃ​ទី ១៨ មក។

លោក​អនុ​ប្រធាន​ភូមិ បាន​បន្ត​ថា នៅ​ពេល​ពិនិត្យ​ទីតាំង​រង​ការ​លិចលង់​រួចមក លោក​អភិបាល​ខណ្ឌ បាន​ពិភាក្សា​ជាមួយ​ក្រុមការងារ ដើម្បី​រក​វិធី​រំដោះ​ទឹក​ចេញពី​ទីតាំង​ដែល​រង​ការ​លិចលង់។

លោក ម៉ូវ ម៉ានិត បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា នៅ​ពេល​​លោក​ចុះ​ទៅ​ដល់​ទីតាំង​ដែល​រង​ការ​លិចលង់​​ព្រឹក​មិញ​នេះ លោក​មាន​ផែនការ​ចំនួន ២ គឺ ទី១-ដាក់​គ្រឿង​ចក្រ​កាយ​ដី​ជា​ប្រឡាយ​សម្រាប់​បង្ហូរ​ទឹក​ឲ្យ​ចូល​ទៅ​ដៃ​ព្រែក ស្ថិតនៅ​ខាងត្បូង​ភូមិ​អណ្តូង ១ ហើយ​ផែនការ​ទី​២ គឺ យក​ម៉ាស៊ីន​ចំនួន ២ គ្រឿង​ដើម្បី​បូម​ទឹក​ពី​តំបន់​ដែល​រង​ការ​លិចលង់​ចូល​ទៅ​លូ​ធំ។

លោក​អភិបាល​ខណ្ឌ មាន​ក្តី​អាណិតអាសូរ​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ការ​លិចលង់​ដោយ​ជំនន់​ទឹក​ភ្លៀង​នេះ ហើយ​លោក​នឹង​បន្ត​រិះរក​មធ្យោបាយ​រំដោះ​ទឹក​ចេញ​ឲ្យ​បាន​លឿន​បំផុត៕

អត្ថបទ ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម