ព័ត៌មានជាតិ
ICRCសន្យាបន្តតាមដានសុខទុក្ខយោធិនខ្មែរ១៨រូបដែលថៃកំពុងឃុំ និងធ្វើការជាមួយភាគីពាក់ព័ន្ធឱ្យមានការដោះលែង
អង្គការកាកបាទក្រហមអន្តរជាតិ ICRC សន្យា បន្តតាមដានសុខទុក្ខរបស់យោធិនកម្ពុជាទាំង១៨រូប ដែលស្ថិតនៅក្រោមការឃុំខ្លួនពីសំណាក់យោធាថៃ និងធ្វើការជាមួយគ្រប់ភាគីពាក់ព័ន្ធដើម្បីឈានដល់ការដោះលែង។ ការសន្យានេះ ឆ្លើយតបទៅនឹងសំណើររបស់ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីននៃកម្ពុជា ដែលស្នើទៅកាន់ អនុប្រធានអង្គការកាកបាទក្រហមអន្តរជាតិ លោក Gilles Carbonnier ក្នុងជំនួបពិភាក្សាការងារនាថ្ងៃទី០១ ខែធ្នូ ក្រៅកិច្ចប្រជុំលើកទី២២ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា រៀបចំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

សេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរមីនឱ្យដឹងថា តាមរយៈជំនួបនេះ ទេសរដ្ឋមន្ត្រី លី ធុជ បានអរគុណអង្គការកាកបាទក្រហមអន្តរជាតិ ដែលបានផ្តល់កិច្ចសហការ និងគាំទ្រដល់កម្ពុជា ក្នុងការទាមទារឱ្យដោះលែងយោធិនកម្ពុជាទាំង១៨រូប ដែលយោធាថៃចាប់ខ្លួន និងបន្តឃុំខ្លួនដោយខុសច្បាប់។

ទេសរដ្ឋមន្ត្រី លី ធុជ បានស្នើឱ្យអង្គការកាកបាទក្រហមអន្តរជាតិ បន្តតាមដានសុខទុក្ខរបស់វីរកងទ័ពកម្ពុជាទាំង១៨រូប និងជំរុញឱ្យថៃដោះលែងយោធិនកម្ពុជាទាំងអស់ ឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីអនុញ្ញាតឱ្យយោធិនទាំងនោះអាចត្រលប់មកជួបជុំក្រុមគ្រួសារវិញដោយសុខសុវត្ថិភាព។

ជាការឆ្លើយតប អនុប្រធានអង្គការកាកបាទក្រហមអន្តរជាតិសន្យាថា នឹងបន្តតាមដានសុខទុក្ខរបស់យោធិនកម្ពុជា និងសន្យាធ្វើការជាបន្តចំពោះបញ្ហានេះ ជាមួយគ្រប់ភាគីពាក់ព័ន្ធ។
ព្រឹកថ្ងៃទី២៩ ខែកក្កដា ម៉ោងប្រមាណ៧៖៥០នាទីព្រឹក ជាវេលាដែលយោធាថៃបានប្រើល្បិចចូលមកចាប់ខ្លួនយោធិនកម្ពុជាមានប្រមាណ២០រូបដោយខុសច្បាប់ក្នុងទឹកដីខ្មែរ រយៈពេលប៉ុន្មានម៉ោងតែប៉ុណ្ណោះ ក្រោយពីបទឈប់បាញ់បានចូលជាធរមាន។ បន្ទាប់ពីប្រើល្បិចចាប់យកទៅ យោធាថៃបានបញ្ជូនមកវិញនូវយោធិនតែ២នាក់តែប៉ុណ្ណោះ ដែលម្នាក់របួសផ្លូវកាយ និងម្នាក់ទៀតផ្លូវចិត្តធ្ងន់ធ្ងរ។ ចាប់តាំងពីថ្ងៃប្រើល្បិចចូលចាប់ខ្លួនមកដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ នេះ គឺមានរយៈពេល១២៦ថ្ងៃ ដែលយោធាថៃបន្តឃុំខ្លួនយោធិនកម្ពុជា១៨រូបដោយខុសច្បាប់ ទោះបីជាមានការសម្របសម្រួល និងកិច្ចព្រមព្រៀងសន្តិភាពដែលកំណត់ឱ្យមានការដោះលែងជាបន្ទាន់ ហើយអាមេរិកជំរុញបន្ថែមក៏ដោយ ក៏ថៃនៅតែបំពាន មិនដោះលែង។

ជុំវិញការបំពាននេះ កម្ពុជាអំពាវនាវឱ្យថៃមានភាពស្មោះត្រង់ គោរពដោយសុច្ឆន្ទៈពិតប្រាកដចំពោះកិច្ចព្រមព្រៀងសន្តិភាពដែលចែងឱ្យថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។

ជុំវិញករណីថៃឃុំយោធិនកម្ពុជាទាំង១៨រូប សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ធ្លាប់បានថ្លែងកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ថា សម្ដេចបានចាត់ទុកថា យោធិនទាំង១៨រូប បានពលីកម្មដើម្បីជាតិតាំងពីថ្ងៃដែលថៃចាប់ទៅដំបូងមកម៉្លេះ ហើយបញ្ហានេះ យោធិនជាប់ឃុំខ្លួនឯងក៏យល់ ក្រុមគ្រួសាររបស់យោធិនក៏បានយល់រួចហើយ ព្រោះថៃ យកយោធិនកម្ពុជាជាចំណាប់ខ្មាំង ទាមទារឱ្យមានការដោះដូរ ទើបដោះលែង។
យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា អះអាងថា បាននឹងកំពុងធ្វើការដោយឥតឈប់ឈរ ប្រើប្រាស់គ្រប់មធ្យោបាយ និងយន្តការទាំងអស់ ដើម្បីទាមទារឱ្យមានការដោះលែងយ៉ាងឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព ហើយរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពកម្ពុជាណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ៕


-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


