ព័ត៌មានជាតិ
ថ្ងៃទី៥ ខែធ្នូ កម្ពុជា-វៀតណាម នឹងចាប់ដៃគ្នាសម្ពោធជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឺនណាម
តាមការគ្រោងទុក បើគ្មានការប្រែប្រួលទេ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីវៀតណាម ផាម មិញជិញ នឹងចាប់ដៃគ្នាសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឺនណាម នៅខេត្តព្រៃវែងជាប់នឹងខេត្តតៃនិញរបស់វៀតណាម នៅចំខួប៥៨ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។ មុននឹងកម្មវិធីមកដល់មន្ត្រីជំនាញ កងកម្លាំងសន្តិសុខនៃប្រទេសទាំងពីរ ក៏បានជួបប្រជុំគ្នាជាច្រើនលើក ដើម្បីត្រៀមលក្ខណៈរៀបចំកម្មវិធីឱ្យបានជោគជ័យ។

ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នៃកម្ពុជា និងច្រកទ្វារព្រំដែនអន្តរជាតិតឺនណាម ស្ថិតនៅក្នុងស្រុកតឹងបៀង ខេត្តតៃនិញ ប្រទេសវៀតណាម ភ្ជាប់គ្នាដោយស្ពានឆ្លងទន្លេ។ ព្រំដែននៃប្រទេសទាំងពីរនៅចំណុចនេះ មានគោលខ័ណ្ឌសីមាទន្លេព្រំដែន ចែកដាច់ពីគ្នា ដោយយកខ្សែទឹកពាក់កណ្តាលម្ខាងម្នាក់ជាខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។

ដំបូងឡើយ ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ- តឺនណាម គ្រាន់តែជាច្រករបៀងដែលប្រជាជននៃប្រទេសទាំងពីរ រស់នៅជិតគ្នាដោះដូរទំនិញ និងកសិផលទៅវិញទៅមកប៉ុណ្ណោះ។ បន្ទាប់មក នៅអំឡុងឆ្នាំ២០១០ រាជរដ្ឋាភិបាលកម្ពុជាបានប្រែក្លាយទៅជាច្រកទ្វារតំបន់ព្រំដែនម៉ឺនជ័យ។ បន្ទាប់មកទៀតនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៤ រាជរដ្ឋាភិបាលកម្ពុជា សម្រេចដំឡើងច្រកនេះពីច្រកទ្វារតំបន់ទៅជា “ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ”។

រីឯវៀតណាម ក៏បានឯកភាពដំឡើងកម្រិតច្រកទ្វារតំបន់ព្រំដែនតឺនណាម ទៅជា “ច្រកទ្វារព្រំដែនអន្តរជាតិ តឺនណាម នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៧។ ច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ– តឺនណាម ក៏បានសម្ពោធដាក់ឱ្យដំណើរការជាបណ្តោះអាសន្នកម្រិតថ្នាក់ខេត្ត គឺខេត្តព្រៃវែង ខេត្តតៃនិញ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។
បើតាមរបាយការណ៍ច្រកទ្វារនេះមានទំហំផ្ទៃដីសរុបជិត៩ម៉ឺនម៉ែត្រការេ ហើយបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចជា៖ អគារបំពេញបែបបទចេញ-ចូលបណ្តោះអាសន្ន១ខ្នង ខ្លោងទ្វាររូបប្រាសាទអង្គរវត្តប្រវែង២២,៤ម៉ែត្រ កម្ពស់១៧ម៉ែត្រ។ អគារបំពេញបែបបទចេញ-ចូលជាសំណង់រឹងមាំ២ខ្នង។

រយៈពេល១០ខែ នៃឆ្នាំ ២០២៥ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាមជាង ៦,៥៨ ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំទំនិញចេញទៅវៀតណាមមានទំហំទឹកប្រាក់ ៣,១៤ ពាន់លានដុល្លារ ចំណែកវៀតណាមនាំចូលមកវិញមានតម្លៃ ៣,៤៤ ពាន់លានដុល្លារ។ កម្ពុជា វៀតណាម ដាក់ក្ដីរំពឹងថា ទំហំពាណិជ្ជកម្មទ្វេភាគី នឹងកើនឡើងដល់២០ពាន់លានដុល្លារ នាពេលដ៏ឆាប់ខាងមុខនេះ។

ការសម្ពោធដាក់ឱ្យប្រើប្រាស់ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឺនណាមជាផ្លូវការ ក្លាយជាក្ដីរំពឹងថា នឹងជាចលករមួយបន្ថែមទៀត ក្នុងការជួយជំរុញឱ្យការដោះដូរពាណិជ្ជកម្មនៃប្រទេសទាំងពីរកាន់តែកើនឡើងបន្ថែមមួយកម្រិតទៀត។
សម្ដេចតេជោ ហ៊ុន សែន ក្នុងពេលជួបជាមួយឧបនាយករដ្ឋមន្ត្រីវៀតណាមថ្មីៗនេះ បានគូសបញ្ជាក់ថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសទាំងពីរ គឺអំណោយផលដល់ការធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យមានភាពល្អប្រសើរ។

សម្ដេច ហ៊ុន សែន ចាត់ទុកការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ« ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឺនណាម» ថាជាសញ្ញាវិជ្ជមានចំពោះការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ការដោះដូរទំនិញរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ជាពិសេសផលិតកសិផល កសិកម្មរបស់ប្រជាពលរដ្ឋដែលស្ថិតនៅជាប់ព្រំដែននៃប្រទេសទាំងពីរ ស្របពេលដែលទំនាក់ទំនងសេដ្ឋកិច្ច នយោបាយនៃប្រទេសទាំងពីរមានភាពល្អប្រសើរស្រាប់។
ការប្រែក្លាយតំបន់ព្រំដែនឲ្យក្លាយទៅជាព្រំដែន សុខសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ជាព្រំដែនសម្រាប់ទីផ្សារដោះដូរទំនិញ រីកចម្រើន ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ គឺជាបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំកម្ពុជា ដែលតែបញ្ជាក់ជារឿយៗ។
កម្ពុជា-វៀតណាម បានបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយគ្នានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ ដែលគិតមកទល់ឆ្នាំ២០២៥ ឈានដល់វ័យ៥៨ឆ្នាំហើយ ប៉ុន្តែបើផ្អែកតាមប្រវត្តិសាស្ត្រ ប្រទេសទាំងពីរមានទំនាក់ទំនងគ្នាជាយូរលង់មកហើយ ពោលគឺតាំងពីសតវត្សរ៍ទី១៥ នៃគ្រិស្តសករាជមកម្ល៉េះ។ ប្រទេសភូមិផងរបងជាមួយគ្នាទាំងពីរនេះមានព្រំដែនជាប់គ្នាប្រវែងប្រមាណជាង ១ ២៧០គីឡូម៉ែត្រ និងមានទន្លេមេគង្គហូរកាត់ដូចគ្នា។ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានចងភ្ជាប់ដោយចំណងប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងនយោបាយ៕
ដោយ៖ ង៉ិល ណារ៉ាត់




-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


