Connect with us

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃនឹងរកការពិតថាតើ«អធិការរងក្រុងប៉ោយប៉ែតម្នាក់ពាក់ព័ន្ធការឆបោកតាមអនឡាញឬអត់»

បានផុស

នៅ

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបញ្ជាក់ថា ក្រសួង នឹងរកការពិតឱ្យឃើញ ថាតើអធិការរងនគរបាលក្រុងប៉ោយប៉ែត ឈ្មោះ បោន ចាន់ថា ពិតជាពាក់ព័ន្ធនឹងការសម្របសម្រួលដល់ការរកស៊ីឆបោកតាមអនឡាញដូចការផ្សាយឬអត់? អ្នកនាំពាក្យបញ្ជាក់ដូច្នេះមកកាន់«កម្ពុជាថ្មី» បន្ទាប់ពីអង្គភាពព័ត៌មាន Pheng Vannak News របស់លោក ផែង វណ្ណៈ ផ្សព្វផ្សាយថា «ក្រុងប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ សម្បុកបទល្មេីសគ្រប់ប្រភេទ​ជាពិសេស​បទល្មើស​គ្រឿងញៀន​និង​បទល្មើស​ឆបោក​តាមអនឡាញ និងថាបុគ្គល​ បោន​ ចាន់​ថា​ អធិការ​រង​ ក្រុង​ប៉ោយប៉ែត​ គឺជា​អ្នក​សម្របសម្រួល​បទល្មើស​ឆបោក​តាមអនឡាញ​នៅ​ខេត្ត​បន្ទាយមានជ័យ​»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការផ្សព្វផ្សាយនារាត្រីថ្ងៃទី២ ខែធ្នូ ពាក់ព័ន្ធនឹងករណីនេះ  លោក ផែង វណ្ណៈ ប្រកាសថា បាន​ត្រៀមខ្លួនរួចជាស្រេចក្នុងការសហការផ្ដល់ព័ត៌មាន​នៅ​ពេល​ដែល​ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ​ត្រូវ​ការ ព្រោះលោកហ៊ាន​ផ្សាយ​ហ៊ាន​ទទួល​ខុស​ត្រូវ និងមានភស្តុតាងរឹងមាំ។ ​

ឆ្លើយនឹងសំណួររបស់«កម្ពុជាថ្មី» អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ទូច សុឃៈ ថា៖«​ថ្នាក់ដឹកនាំក្រសួងបានឃើញហើយ  ​ហើយទទួលព័ត៌មាននេះ ដើម្បីយកមកពិនិត្យអង្កេតស្រាវជ្រាវ  ទៅតាមនីតិវិធី ជំនាញ ដើម្បីរកឱ្យឃើញថាតើរឿងនេះ ពិត ឬក៏មិនពិត ស្វែងរកភាពស្អាតស្អំ និងស្វែងរកការទទួលខុសត្រូវរបស់សាមីខ្លួន ក្នុងក្របខណ្ឌដែលមានភស្តុតាងបញ្ជាក់ថាបានប្រព្រឹត្តដូចការផ្សព្វផ្សាយ។  »។​

ក្នុងការផ្សាយជាបន្តបន្ទាប់ លោក ផែង វណ្ណៈ ថាបើសមត្ថកិច្ចជំនាញកម្រិតថ្នាក់ជាតិឃាត់ខ្លួនអធិការរងក្រុងប៉ោយប៉ែត បោន ចាន់ថា នោះនឹងអំណោយផលដល់ការរកឃើញការប្រព្រឹត្តបទល្មើសផ្សេងទៀត។ លោក សង្កត់ធ្ងន់ដូច្នេះ៖«បេីថ្នាក់ជាតិឃាត់ខ្លួន​ បោន​ ចាន់​ថា​ ថ្នាក់​ជាតិ​ នឹង​រកឃេីញ​បទល្មើស​គ្រប់​បែបយ៉ាង​ពី​បុគ្គល​ បោន​ ចាន់​ថា​ ! ខ្ញុំ​មាន​ភស្តុតាង។»។​

ជុំវិញការផ្សាយបែបនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃថា អធិការរងក្រុងប៉ោយប៉ែត បោន ចាន់ថា មានសិទ្ធិបំភ្លឺចំពោះការផ្សាយនេះ និងបង្ហាញភាពស្អាតស្អំមកកាន់អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃបាន។ អ្នកនាំពាក្យសង្កត់ធ្ងន់ដូច្នេះ៖« សាមីខ្លួន គឺមានសិទ្ធិបង្ហាញភស្តុតាង ឬបញ្ជាក់នូវព័ត៌មាននេះ តាមសាធារណៈមតិ សារព័ត៌មាន ហើយសាមីខ្លួនក៏មានសិទ្ធិបង្ហាញភាពស្អាតស្អំ ភស្តុតាងផ្សេងៗមកកាន់អង្គភាព ឬក្រសួងមហាផ្ទៃ។ »។

ព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃក្របខណ្ឌនគរបាលជាតិកម្ពុជា មាត្រា៣១ ហាមឃាត់មន្ត្រីនគរបាលជាតិមិនឱ្យយកឥទ្ធិពល និងអំណាចនៅក្នុងមុខងាររបស់ខ្លួនទៅប្រើដើម្បីទាញយកប្រយោជន៍អ្វីមួយឡើយ ហើយក៏មិនអនុញ្ញាតឱ្យប្រកបរបរណាមួយដែលប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់នគរបាលជាតិកម្ពុជា។

ក្នុងករណីមន្ត្រីនគរបាលជាតិរូបណាមានកំហុស នឹងត្រូវទទួលទណ្ឌកម្មដែលកំណត់ដោយបទវិន័យរបស់នគរបាលជាតិកម្ពុជា និងទណ្ឌកម្មធ្ងន់គឺលុបឈ្មោះចេញពីក្របខណ្ឌនៃមន្ត្រីនគរបាលជាតិកម្ពុជា ដោយមិនទាន់គិតពីការផ្ដន្ទាទោសតាមផ្លូវតុលាការ៕

ដោយ​៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម