ព័ត៌មានជាតិ
អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមប្រគល់ឧបករណ៍ចុះបញ្ជីសម្រាប់ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ជូនខេត្តកំពង់ធំ
ឧបករណ៍ចុះបញ្ជីសម្រាប់ថ្នាលគាំពារសង្គមឌីជីថលកម្ពុជាមួយចំនួន ត្រូវបានប្រគល់ជូនខេត្តកំពង់ធំ។ ពិធីប្រគល់ និងទទួល ធ្វើឡើងក្រោមអធិបតីភាព បណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម, និងជាប្រធានអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម និងអភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន នៅសាលាខេត្តកំពង់ធំ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី តំណាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានផែនការ នៃក្រសួងផែនការ, មូលនិធិជាតិជំនួយសង្គម,ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ, ក្រសួង-ស្ថាប័នពាក់ព័ន្ធ, រដ្ឋបាលខេត្តកំពង់ធំ, ដៃគូអភិវឌ្ឍន៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិចំនួនប្រមាណ ៣០០ នាក់ ពីឃុំ/សង្កាត់ទាំង ៨១ នៃខេត្តកំពង់ធំ។

បណ្ឌិត ចន ណារិទ្ធ គូសបញ្ជាក់ថា ការអភិវឌ្ឍ និងដាក់ឱ្យដំណើរការថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ឬ ហៅកាត់ថា DSPP ដែលជាថ្នាលឌីជីថលរួមបែប សមាហរណ របស់រាជរដ្ឋាភិបាល គឺជាការបោះជំហានមួយដ៏សំខាន់ក្នុងការកាត់បន្ថយភាពបែកខ្ញែកនៃប្រព័ន្ធចុះបញ្ជី និងការបើកផ្តល់អត្ថប្រយោជន៍គាំពារសង្គមស្ទួន ក៏ដូចជាកាត់បន្ថយការវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលមានមុខងារដូចគ្នា និងជាបង្គោលចរមួយដ៏សំខាន់ក្នុងដំណើរការបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា ឱ្យកាន់តែប្រសើរឡើង ស្របតាមផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ឆ្នាំ២០២៤–២០២៨ និងគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤–២០៣៥។

សូមរម្លឹកថា ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ហើយបច្ចុប្បន្ន កំពុងដាក់ឱ្យអនុវត្តពេញលេញក្នុង ២០៩ ឃុំ/សង្កាត់ នៃខេត្តកំពង់ចាម និងខេត្តសៀមរាប បន្ទាប់ពីការអនុវត្តសាកល្បងនៅកម្រិតស្រុកជើងព្រៃ និងក្រុងសៀមរាបអស់រយៈពេលមួយឆ្នាំ ព្រមទាំងមានការវាយតម្លៃលទ្ធផលការអនុវត្តដោយធនាគារពិភពលោក ហើយបច្ចុប្បន្នកំពុងពង្រីកវិសាលភាពនៃការអនុវត្ត ជាជំហានៗ ពោលគឺខេត្តកំពង់ធំ ជាខេត្តទី៣ បន្ទាប់ពីខេត្តកំពង់ចាម និងខេត្តសៀមរាប ក្នុងដំណើរនៃការពង្រីកវិសាលភាពនៃការអនុវត្តថ្នាល DSPP នេះ។

ថ្នាលឌីជីថលរួមនេះ បានធ្វើសុខដុមនីយកម្មកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមចំនួន ១០ កម្មវិធី ហើយបានបំពាក់មុខងារបន្ថែម សំខាន់ៗដូចជា៖ (១) មុខងារ Fast Search សម្រាប់ស្វែងរកអត្តសញ្ញាណអ្នកទទួលផលបានរហ័ស តាមរយៈលេខសម្គាល់មួយណាក៏បាន (អត្តសញ្ញាណបណ្ណ, បណ្ណសមធម៌, បណ្ណជនពិការ, បណ្ណ ប.ស.ស., …) ឬត្រឹមតែស្កេនខ្ចៅដៃ និងថតផ្ទៃមុខ (ទិន្នន័យជីវមាត្រ); (២) មុខងារ OCR ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតសម្រាប់ចាប់យក និងបំលែងតួអក្សរលើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដើម្បីបំពេញទិន្នន័យចូលក្នុងប្រតិបត្តិការចុះបញ្ជីដោយស្វ័យប្រវត្តិ; (៣) SP Connect សម្រាប់ភ្ជាប់ប្រព័ន្ធចុះបញ្ជីនានាទៅកាន់ថ្នាលឌីជីថលរួមតែមួយ ឱ្យមន្ត្រីអាចចូលប្រើបានគ្រប់កម្មវិធី ឬសេវាគាំពារសង្គម មិនចាំបាច់មានគណនីច្រើន; និងមុខងារសំខាន់ៗដទៃទៀត។

ដើម្បីគាំទ្រដល់ការអនុវត្តថ្នាលគាំពារសង្គមឌីជីថលកម្ពុជានេះ, ក្រុមប្រឹក្សាជាតិគាំពារសង្គម បានផ្ដល់ជូនឧបករណ៍សម្ភារៈឌីជីថលសម្រាប់បម្រើដល់ការចុះបញ្ជី ចំនួន ១ ឈុតសម្រាប់ឃុំ/សង្កាត់នីមួយៗ។ ឧបករណ៍ទាំងនេះរួមមាន កុំព្យូទ័រយួរដៃដែលមានសមត្ថភាពប្រតិបត្តិការកម្រិតខ្ពស់ និងមានភាពធន់, កាមេរ៉ាថតផ្ទៃមុខ និងឯកសារកម្រិតខ្ពស់ (Full HD), ម៉ាស៊ីនស្កែនខ្ចៅដៃ និងម៉ាស៊ីនបោះពុម្ពខ្នាតតូច បន្ថែមលើថេប្លែតដែលបានផ្តល់ជូននាពេលកន្លងទៅ។ ការបំពាក់ឧបករណ៍ចុះបញ្ជីឌីជីថលនេះ គឺជាការធ្វើទំនើបកម្ម និងការធ្វើឌីជីថលូបនីយកម្ម ដល់កម្រិតអ្នកអនុវត្តផ្ទាល់ នៅថ្នាក់ក្រោមជាតិ ដែលមិនធ្លាប់មានពីមុនមក។

អភិបាលខេត្តកំពង់ធំ នួន ផារ័ត្ន លើកទឹកចិត្តឱ្យមន្ត្រីមូលដ្ឋាន និងរដ្ឋបាលឃុំ/សង្កាត់ ចូលរួមថែរក្សា និងប្រើប្រាស់ឧបករណ៍ឌីជីថលដែលបានប្រគល់ជូន ឱ្យមានប្រសិទ្ធភាព ដើម្បីធានាថា ការផ្តល់សេវាដល់ប្រជាពលរដ្ឋមានគុណភាពខ្ពស់ និងទាន់ពេល។

បណ្ឌិត ចន ណារិទ្ធ លើកទឹកចិត្តឱ្យក្រសួង–ស្ថាប័នពាក់ព័ន្ធ ជាពិសេស លេខាធិការដ្ឋានអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម និងរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តសហការយ៉ាងជិតស្និត ដើម្បីធានាថា ប្រព័ន្ធគាំពារសង្គមកម្ពុជាអាចបំពេញតួនាទីបានប្រសើរឡើង មានស្វ័យប្រវត្តិកម្ម និងមានតម្លាភាពខ្ពស់ជាងមុន។ លោកបណ្ឌិត បានបន្ថែមថា តាមរយៈថ្នាល DSPP និងឧបករណ៍ឌីជីថលដែលបានប្រគល់ជូន នឹងជួយលើកកម្ពស់សមត្ថភាពសេវាសាធារណៈ និងធ្វើឱ្យប្រព័ន្ធគាំពារសង្គមកម្ពុជា មានភាពធន់ និងឆ្លើយតបទាន់ពេលចំពោះគ្រោះអាសន្ន៕





-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


