Connect with us

ព័ត៌មានជាតិ

ប.ស.ស. បានពង្រីកមូលដ្ឋានសុខាភិបាលជាដៃគូកើនឡើងដល់១ ៦១៥ កន្លែងនៅទូទាំងប្រទេស

បានផុស

នៅ

លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅព្រឹកថ្ងៃទី ០៦ ខែធ្នូនេះថា បច្ចុប្បន្នបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) បានពង្រីកមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.ទាំងរដ្ឋនិងឯកជនបានកើនឡើងដល់ចំនួន១ ៦១៥ កន្លែងនៅទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្តថា ការកើនឡើងនៃមូលដ្ឋានសុខាភិបាលនេះ ដើម្បីជួយសម្រួលដល់សមាជិក ប.ស.ស ក្នុងការទៅពិនិត្យពិគ្រោះ និងព្យាបាលជំងឺ និងឆ្លើយតបទៅនឹងចំនួនសមាជិក ប.ស.ស ដែលមានការកើនឡើងជាបន្តបន្ទាប់ ដោយសារប្រជាពលរដ្ឋមានជំនឿទុកចិត្ត និងយល់ដឹងច្បាស់ពីអត្ថប្រយោជន៍នៃ ប.ស.ស។ ជាមួយនឹងកំណើនដៃគូនេះ លោកបានអំពាវនាវដល់មូលដ្ឋានសុខាភិបាលដៃគូជាមួយ ប.ស.ស ទាំងអស់ ត្រូវអនុវត្តតាមការណែនាំ ដើម្បីបម្រើប្រជាពលរដ្ឋឱ្យបានរហ័ស ច្បាស់លាស់ និងប្រកបដោយវិជ្ជាជីវៈខ្ពស់។

ជាក់ស្តែងក្នុងរយៈពេល១១ខែឆ្នាំ២០២៥ ប.ស.ស. បានចុះបញ្ជី សមាជិកថ្មីបានចំនួន ៦៦៣,២១២នាក់ ស្រី ៣៤៣,៤៣៥នាក់។ បើគិតមកដល់សប្តាហ៍នេះ ប.ស.ស. មានសមាជិកសរុបចំនួន ៣,៤៧៤,៦២១នាក់ ស្រីចំនួន ១,៩១១,១៣២នាក់ មានកំណើនប្រមាណ៣០% ធៀបនឹងទិន្នន័យបច្ចុប្បន្នភាពសមាជិកកាលពីឆ្នាំ២០២៤។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៥ ប.ស.ស បានចេញសេចក្ដីណែនាំស្ដីពីការពង្រឹងតួនាទីភារកិច្ចរបស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស ក្នុងការផ្តល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព និងសង្គតិភាព។

លើសពីនេះចង់ឱ្យមូលដ្ឋានសុខាភិបាលជាដៃគូជាមួយ ប.ស.ស បំពេញការងារ និងបែបបទក្នុងការទទួលពិនិត្យព្យាបាលជំងឺសមាជិក ប.ស.ស កាន់តែមានការទទួលខុសត្រូវខ្ពស់ ប្រសិទ្ធភាព តម្លាភាព សង្គតិភាព និងគណនេយ្យភាព ក្នុងការបម្រើប្រជាពលរដ្ឋ យកចិត្តទុកដាក់ចំពោះសុខភាពពលរដ្ឋ ជៀសវាងការមិនពេញចិត្ត ឬបញ្ហាមិនប្រក្រតីណាមួយកើតឡើង៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម