Connect with us

ព័ត៌មានជាតិ

ត្រឹម​ឆ្នាំ ២០៣០ កម្ពុជា​ដាក់​មហិច្ឆតា​​មាន​​ក្រុមហ៊ុន​បច្ចេកវិទ្យា​ Start Up ​យ៉ាង​តិច​មួយ​មានតម្លៃ ១ ប៊ីលាន​ដុល្លារ​

បានផុស

នៅ

ត្រឹម​ឆ្នាំ ២០៣០ កម្ពុជា​មាន​បំណង​ចង់​ឲ្យ​មាន​ក្រុមហ៊ុន Unicorn (ក្រុមហ៊ុន​ដែល​មាន​តម្លៃ ១ ០០០ លាន​ដុល្លារ​ឡើង​ទៅ) យ៉ាងតិច​បំផុត​មួយ​នៅ​កម្ពុជា។ នេះ​បើ​តាម​លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ថ្លែង​ក្នុង​ពិធី​បិទ​បញ្ចប់​វេទិកា​​រដ្ឋាភិបាល​​ឌីជីថលឆ្នាំ ២០២៥ និង​ពិព័រណ៍​បច្ចេកវិទ្យា​ឌីជីថល​កាល​ពី​ម្សិលមិញ​នេះ​។

ថ្លែង​ក្នុង​កម្មវិធី​ដែល​មាន​ការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ឌីជីថល​អាស៊ាន បណ្តា​ប្រទេស​នានា គណៈប្រតិភូ​អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍ ក្រសួង-ស្ថាប័ន ក្រុមហ៊ុន​បច្ចេកវិទ្យា​ឌីជីថល ធុរកិច្ច​ថ្មី​ឌីជីថល លោក​រដ្ឋមន្រ្តី​បាន​គូស​បញ្ជាក់​ថា មហិច្ឆតា​របស់​កម្ពុជា​គឺ​ចង់​ឲ្យ​មាន​ក្រុមហ៊ុន Startup អាច​ពង្រីក​ខ្លួន​មិន​ត្រឹម​តែ​ក្នុង​ទីផ្សារក្នុងស្រុក តែ​ដល់​ទីផ្សារ​តំបន់​និង​ទីផ្សារ​អន្តរជាតិដែលមាន​នៅ​អាស៊ី អាមេរិកឡាទីន និង​អាហ្វ្រិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្រ្តី​បាន​កត់​សម្គាល់​ពី​វត្តមាន​របស់​ក្រុមហ៊ុន Plug and Play ដែល​ជា​ក្រុម​ហ៊ុន​ភ្ញាស់​ធុរកិច្ច​ថ្មី​ដ៏​មាន​បទពិសោធន៍ និង​ជោគជ័យ​នៅ​ក្នុង​ពិភពលោក ដែល​ស្ថាបនិក​របស់​ក្រុមហ៊ុន Plug and Play បាន​ប្រកាស​ពី​បំណង​ចង់​វិនិយោគ​ទៅលើ​ក្រុមហ៊ុន​ធុរកិច្ច​របស់​កម្ពុជា។

លោក​ថា តាម​រយៈ​ការ​គាំទ្រ​ពី​ក្រុមហ៊ុន​លំដាប់​ពិភពលោកនេះ​​នឹង​ជួយ​ភ្ញាស់​ក្រុមហ៊ុន Startup នៅ​កម្ពុជា ដើម្បី​ឈាន​សម្រេច​គោលដៅ​រួម​ទាំង​ពង្រឹង​សមត្ថភាព​និង​លទ្ធភាពឈាន​​ជើង​ចូល​ទីផ្សារ​អន្តរជាតិ។

វេទិកា​រដ្ឋាភិបាល​ឌីជីថលឆ្នាំ ២០២៥ បាន​ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ​ក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែ​ធ្នូ ឆ្នាំ ២០២៥។ ព្រឹត្តិការណ៍នេះ​ត្រូវបានរៀបចំឡើង​ក្រោមប្រធាន​បទ “ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល”។

វេទិកានេះបានប្រមូលផ្តុំអ្នកចូលរួមសរុបប្រមាណ ២ ម៉ឺននាក់ រួមមានរដ្ឋមន្ត្រីឌីជីថលអាស៊ាន និង​បណ្តាប្រទេសនានា គណៈប្រតិភូអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ក្រសួង-ស្ថាប័ន ថ្នាក់ដឹកនាំវិស័យឯកជន ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ធុរកិច្ចថ្មីឌីជីថល គ្រឹះស្ថានអប់រំ សិស្សានុសិស្ស និងសាធារណជន។

ក្នុងរយៈពេល ៣ ថ្ងៃ វេទិកាបានបង្ហាញនូវសមិទ្ធផលរដ្ឋាភិបាលរបស់កម្ពុជា ក៏ដូចជា​ការពង្រឹង​ភាព​ជា​ដៃ​គូក្នុង​តំបន់ លើក​កម្ពស់ឧត្តមភាព និងឱកាសវិនិយោគ ព្រមទាំងផ្តល់​នូវបទពិសោធន៍​ចំណេះដឹង និង​ឧត្តមានុវត្ត​លើការផ្លាស់ប្តូរ ឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ និងវត្តមានឌីជីថល។

ចំនួនអ្នកចូលរួមក៏​កើនឡើងពីរដងបើធៀបនឹង​ការ​រៀប​ចំ​ជា​លើក​ទី ១ កាលពីឆ្នាំមុន។ មាន​ក្រុមហ៊ុន​ជាច្រើន​បាន​ចូលរួមក្នុង​ពិព័រណ៍ រួមទាំង​ក្រុម​ហ៊ុនធុរកិច្ច​ថ្មីៗ (Startup) ដែល​កំពុង​កើតឡើង និង​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង​យក​ពាន​រង្វាន់​។

នៅ​​ក្នុង​វេទិកា មជ្ឍមណ្ឌល​បច្ចេកវិទ្យា​ឌីជីថល​ Plug and Play ដែលមានមូលដ្ឋាន​នៅ Silicon សហរដ្ឋ​អាមេរិក បាន​ជ្រើសរើស​ក្រុមហ៊ុន Start Up មួយ​ចំនួន​របស់​កម្ពុជា ​ដើម្បីវិនិយោគ និង​ជំរុញ​ឱ្យ​ទៅ​ជា​ក្រុមហ៊ុន​កម្រិត​អន្តរជាតិ។

លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍​បាន​គូស​បញ្ជាក់ថា ការសម្រេច​ចិត្ត​របស់ Plug and Play វិនិយោគលើ​ក្រុមហ៊ុន​ Start Up នៅ​កម្ពុជា​ ស្ដែង​ឱ្យ​ឃើញពី​លទ្ធផល​នៃ​កិច្ច​ខិតខំ​របស់គ្រប់ភាគគីពាក់ព័ន្ធ ក្នុងការកសាង​បរិយាកាស​អំណោយផល​ សម្រាប់​អ្នក​មាន​សមត្ថភាព​ក្នុង​ការចាប់​ឱកាស​រីកចម្រើន​ទាំងក្នុង​ស្រុក​និងសាកលលោក។​

ការវិនិយោគនេះ​គឺជា​សមិទ្ធផលដ៏សំខាន់ សម្រាប់​ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថល​របស់​កម្ពុជា​ដែល​កំពុង​រីក​ចម្រើន និង​ឆ្លុះបញ្ចាំង​ពី​សមត្ថភាព​លេចធ្លោ​របស់​ធុរជន​កម្ពុជា​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឌីជីថល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម