ព័ត៌មានជាតិ
ពេញ១ខែវិច្ឆិកា ឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផាជួយវះកាត់កុមារមានជំងឺជិត៣ពាន់នាក់ ដោយឥតគិតថ្លៃ និងមិនរើសអើង
រយៈពេលពេញមួយខែវិច្ឆិកា ក្នុងឆ្នាំ២០២៥ នេះ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅគន្ធបុប្ផាភ្នំពេញ និងសៀមរាបបានជួយវះកាត់កុមារដែលមានជំងឺចំនួន២ ៩១០នាក់ ដោយឥតគិតថ្លៃគ្រប់ៗគ្នា និងដោយគ្មានការរើសអើង។ ក្នុងចំណោមនេះ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងសៀមរាប បានវះកាត់បេះដូង និងភ្ជិតតប្រហោងបេះដូងតាមសរសៃឈាមលើកុមារចំនួន៧៨នាក់។ នេះបើតាមព័ត៌មានពិតនៃតួលេខ នៃការព្យាបាលរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥។

ជារួមនៅក្នុងរយៈពេលពេញ១ខែវិច្ឆិកា មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងនៅសៀមរាប បានពិនិត្យព្យាបាលលើកុមារដែលឈឺចំនួន ៩៨ ៦៥១នាក់ នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ។ ក្នុងចំណោមនេះ កុមារមានជំងឺធ្ងន់ៗ ២៣ ០៥៣នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ក្នុងនោះ មន្ទីរពេទ្យគន្ធបុប្ផា ក៏បានព្យាបាលលើកុមារមានជំងឺគ្រុនឈាម ចំនួន ៣ ០៩៣នាក់។

ក្រៅពីព្យាបាលកុមារ នៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ក៏បានពិនិត្យផ្ទៃពោះ និងព្យាបាលជូនស្ត្រីមានផ្ទៃពោះចំនួន ៩ ២៣៧នាក់ ដែលមកពិនិត្យតាមដានផ្ទៃពោះ និងទទួលសេវាព្យាបាល។ នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព ក្រុមគ្រូពេទ្យជំនាញបានជួយសម្រាលកូនបានលើស្ត្រីចំនួន ១ ៩៨៧នាក់។

មូលនិធិគន្ធបុប្ផាកម្ពុជា អះអាងថារាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ និងដោយគ្មានការរើសអើង សម្រាប់អ្នកមកទទួលសេវាគ្រប់ៗគ្នា។
គួរឱ្យដឹងថា តាំងពីមន្ទីរពេទ្យគន្ធបុប្ផា ចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩២, មន្ទីរពេទ្យនេះបានទទួលការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ កុមារ និងស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ២៣ លានករណី, បានទទួលកុមារមកសម្រាកព្យាបាលធ្ងន់ធ្ងរប្រមាណ ២,៨ លាននាក់ និងសម្រាលកូនជូនស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ៤១ម៉ឺននាក់។

កាលពីឆ្នាំ២០២៤ កន្លងទៅ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងនៅសៀមរាប បានពិនិត្យ និងព្យាបាលលើកុមារ ទារក និងស្ត្រីមានផ្ទៃពោះ ឆ្លងទន្លេ ដោយឥតគិតថ្លៃសរុប ១ ២៥៣ ៧៧៤ករណី ខណៈក្នុង១ឆ្នាំៗ មន្ទីរពេទ្យគន្ធបុប្ផា ត្រូវចំណាយថវិកាជាង៤០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីសង្គ្រោះអាយុជីវិតកុមារកម្ពុជា។
លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផា ធ្លាប់បាន ថ្លែងថា មន្ទីរពេទ្យគន្ធបុប្ផាបានព្យាបាល ដណ្ដើមជីវិតកុមារកម្ពុជាជាច្រើនពីមាត់មច្ចុរាជ ក្រោយមកកុមារដែលធ្លាប់ទទួលបានការព្យាបាលទាំងនោះ ក្លាយជាគ្រូពេទ្យហើយបានជួយព្យាបាលអ្នកជំងឺដទៃទៀត និងខ្លះទៀតបានក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមកម្ពុជា។

ជានិច្ចកាល លោកជំទាវស្ត្រីទី១ តែងតែអំពាវានាវឱ្យសប្បុរសជនបរិច្ចាគថវិកាចូលក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យ ឱ្យបានបំពេញបេសកកម្មដ៏ថ្លៃថ្លាសង្គ្រោះជីវិតកុមារកម្ពុជា។ លោកជំទាវបណ្ឌិត បានចាត់ទុកការបរិច្ចាគរបស់សប្បុរសជននានាជូនមន្ទីរពេទ្យ ដើម្បីទុកព្យាបាលជំងឺកុមារ ថាគឺជាការធ្វើទានមួយដ៏ត្រឹមត្រូវ ពីព្រោះបានជួយស្រោចស្រង់អាយុជីវិតកុមារផង និងជួយឱ្យកុមារទាំងនោះទទួលបានឱកាស និងអនាគតល្អ ក៏ដូចបានជួយសង្គមជាតិ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


