Connect with us

ព័ត៌មានអន្ដរជាតិ

វិស័យឯកជនថៃបារម្ភកាន់តែខ្លាំងលើការខាតបង់សេដ្ឋកិច្ច ពីសង្រ្គាមឈ្លានពានកម្ពុជារបស់យោធា​ថៃ ​

បានផុស

នៅ

វិស័យឯកជនថៃបាន​សម្ដែងការព្រួយបារម្ភកាន់តែខ្លាំងលើការខាតបង់សេដ្ឋកិច្ច ពីសង្រ្គាមឈ្លានពានកម្ពុជារបស់យោធាថៃ ដែលធ្វើឱ្យ​ការបិទព្រំដែនបន្តអូសបន្លាយ និងប៉ះពាល់ដល់ខេត្តថៃនៅ​ភាគឦសានរបស់ថៃខ្លាំងជាងគេ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមក ការបិទព្រំដែនគោកទាំងស្រុង ដែលផ្ដើម និងអូសបន្លាយតាំងពីខែមិថុនាមកនោះ បានប៉ះពាល់ដល់ខ្លាំងដល់ខេត្តចំនួន ៦ របស់ថៃ នៅភាគឦសាន ដោយបង្កការខាតបង់ពាណិជ្ជកម្ម​ពាណិជ្ជកម្ម​ចន្លោះពី ៥០-៨០ ប៊ីលាន​បាត (១,៦-២,៤ ប៊ីលាន​ដុល្លារ) ​ខណៈ​វិបត្តិការងារក៏កំពុងកើនឡើង។

​ប្រធានក្លឹបអាជីវកម្មភោជនីយដ្ឋាន និងជាទីប្រឹក្សាកិត្តិយសនៃសមាគមសណ្ឋាគារថៃ លោក Sorathep Rojpotjanaruch បានប្រាប់ថា ភាពតានតឹងព្រំដែនរយៈពេល ៧ ខែ និងការបិទ​ច្រកព្រំដែនយូរ បាន​ប៉ះ​ពាល់​ដល់ការនាំចេញរបស់ថៃទៅកាន់​កម្ពុជា ដែលជាធម្មតាមានតម្លៃប្រហែល ៧០ ​ប៊ីលានបាត/ឆ្នាំ​។

លោក​បាន​ថ្លែងថា ខណៈ​​​ផល​ប៉ះពាល់​លើ GDP (​ផលិតផល​ក្នុងស្រុក​សរុប​) របស់​ថៃ​អាច​មាន​កម្រិត ត្រឹមប្រហែល ០,២% ​ការ​​ខាងបង់ប៉ះពាល់ខ្លាំង​​​ក្នុង​ខេត្ត​ឦសាន​ជាប់​ព្រំដែន​ចំនួន​ ៦។ ឥឡូវនេះ ក្រសួងពាណិជ្ជកម្ម​​កំពុង​ព្យាយាម​ស្វែងរក​ទីផ្សារ​ជំនួស ​ដើម្បី​បន្ធូរបន្ថយ​ការ​លំបាក​សម្រាប់​អាជីវកម្ម​ក្នុង​ស្រុក។

អ្នកជំនាញខាងវិស័យឯកជនដដែលបាន​ឱ្យដឹងថា កាលណាជម្លោះអូសបន្លាយកាន់តែយូរ នោះប្រជាជន​កម្ពុជាងាកទៅប្រើផលិតផលវៀតណាម​កាន់តែច្រើន ដែលធ្វើឱ្យថៃបាត់បង់ទីផ្សារកាន់តែខ្លាំង។

​ចំពោះការវិនិយោគវិញ អាជីវកម្មថៃនៅកម្ពុជាភាគច្រើនផ្តោតលើទំនិញប្រើប្រាស់ កសិកម្ម និងប្រេង។ លោក Sorathep បាន​និយាយថា ក្រុមហ៊ុនថាមពលរដ្ឋ PTT បានដកខ្លួនចេញទាំងស្រុងរួចហើយ ដូច្នេះផលប៉ះពាល់ភាគច្រើនគឺទៅលើវិស័យឯកជន ដោយមានផលប៉ះពាល់តិចតួចលើម៉ាក្រូសេដ្ឋកិច្ចរបស់​ថៃ។ ​យ៉ាងណាមិញ ភាពមិនប្រាកដប្រជាអាចជំរុញឱ្យក្រុមហ៊ុនបរទេសមួយចំនួន​រើទីតាំងផលិតកម្មត្រឡប់ទៅ​ថៃវិញ ទោះបីជាក្រុមហ៊ុនធំៗមិនទាន់ធ្វើការសម្រេចចិត្ត​ច្បាស់លាស់ក្ដី។

ដោយ​ឡែក កង្វះកម្លាំងពលកម្មគឺជាក្តីបារម្ភដ៏ធំមួយ។ បច្ចុប្បន្ន ថៃអនុវត្តវិធានការមិនបន្តលិខិតការងារសម្រាប់កម្មករកម្ពុជា​ ទោះបីជាកម្មករកម្ពុជា​រួមចំណែកកម្លាំងពលកម្មចន្លោះពី ៧០០​០០០ – ៨០០​ ០០០ នាក់ ​ក្នុងវិស័យការងារថៃជារៀងរាល់ឆ្នាំក៏ដោយ។ បើគ្មានការរៀបចំជំនួសរហ័សទេ កង្វះខាតកម្លាំងពលកម្មអាចប៉ះពាល់កាន់តែខ្លាំងដល់សេវាកម្ម និងឧស្សាហកម្មថៃ ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើកម្មករបរទេស។

មួយវិញទៀត ផលប៉ះពាល់វិស័យទេសចរណ៍ភាគច្រើនកើតឡើងតាមតំបន់ជាប់ព្រំដែន ដូចជានៅខេត្តចន្ទបុរី ​ជាដើម​ ចំពេលដែល​ផលប៉ះពាល់ធំជាងនេះកើតចេញពីទឹកជំនន់ធ្ងន់ធ្ងរនៅភាគខាងត្បូង ដែលធ្វើឱ្យភ្ញៀវទេសចរម៉ាឡេស៊ីលុបចោលដំណើរកម្សាន្តរបស់ពួកគេ ហើយបន្ថែមបន្ទុកសម្រាប់វិស័យទេសចរណ៍ថៃទាំងមូល ដែលកំពុងធ្លាក់ចុះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម