Connect with us

សេដ្ឋកិច្ច

ប្រព័ន្ធ «FMIS» ដើរតួនាទីសំខាន់ក្នុងដំណើរការធ្វើទំនើបកម្មគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងថវិកាជាតិ

បានផុស

នៅ

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ថា “FMIS” បានលើកឡើងថាប្រព័ន្ធព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុ (FMIS) បានដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការធ្វើទំនើបកម្មដំណើរការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងថវិកាជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានលើកឡើងនៅក្នុងឱកាសដឹកនាំប្រតិភូក្រុមការងារចូលរួម កម្មវិធីចែករំលែកចំណេះដឹង និងផ្លាស់ប្តូរបទពិសោធន៍ ពាក់ព័ន្ធ និងទំនើបកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅទីក្រុងលីសបូន នៃសាធារណរដ្ឋព័រទុយហ្គាល់ ចាប់ពីថ្ងៃទី ១៥-១៩ ខែធ្នូ ឆ្នាំ ២០២៥។

លោកបណ្ឌិតសភាចារ្យបានបន្តថា រហូតមកដល់ពេលនេះ, FMIS បានដំណើរការអស់រយៈពេលជាងមួយទស្សវត្សមកហើយ ដោយមានការដ្ឋានច្រើនជាង ៣០០ ការដ្ឋាន និងមានអ្នកប្រើប្រាស់លើសពី ៣ ០០០ នាក់ ដោយបានភ្ជាប់ទំនាក់ទំនង និងប្រតិបត្តិការហិរញ្ញវត្ថុនៅទូទាំងប្រទេស។

លើសពីនេះ, FMIS ត្រូវបានទទួលស្គាល់ជាប្រព័ន្ធតែមួយគត់នៅកម្ពុជា សម្រាប់ការគ្រប់គ្រងថវិការដ្ឋ ការរៀបចំការអនុវត្ត និងការគ្រប់គ្រងចំណូល និងចំណាយ ដោយដើរតួរជាឧបករណ៍ស្នូលសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈ និង ថវិកា។

លោកបណ្ឌិតសភាចារ្យ បានបន្ថែមថា រដ្ឋាភិបាលនានានៅទូទាំងពិភពលោកបានទទួលស្គាល់ថា ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលមានប្រសិទ្ធភាព និងតម្លាភាព មិនគ្រាន់តែជាឧបករណ៍រដ្ឋបាលហិរញ្ញវត្ថុ សម្រាប់ការកត់ត្រាទិន្ន​ន័យ​តែប៉ុណ្ណោះនោះទេ, ប៉ុន្តែប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាសសរស្តម្ភមូលដ្ឋាននៃ អភិបាលកិច្ចល្អ ស្ថិរភាពសេដ្ឋកិច្ច និងការអភិវឌ្ឍ ប្រកបដោយចីរភាព។

ក្នុងន័យនេះលោកបណ្ឌិតសភាចារ្យបានផ្តល់អនុសាសន៍ណែនាំឱ្យក្រុមការងារ ត្រូវយកចិត្តទុកដាក់ ក្នុងការដកស្រង់មេរៀន និងបទពិសោធន៍ល្អៗ ពីក្រុមហ៊ុន FreeBalance តាមរយៈការសិក្សារៀនសូត្រ អំពីការអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាអន្តរជាតិ, បច្ចេកទេសក្នុងការគ្រប់គ្រង និងសមា​ហ​រណកម្មលើទិន្នន័យប្រព័ន្ធ, និងផលិតផលពាក់ព័ន្ធនឹងទំនើបកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

លោកបណ្ឌិតសភាចារ្យបានបញ្ជាក់ថា ខណៈដែលកំពុងស្ថិតក្នុងដំណាក់កាលអន្តរកាល ក្នុងការបន្តគោលដៅគម្រោង FMIS ជំហានទី៤, ក្រុមការងារ បាននិងកំពុងរៀបចំផែនការ និងវាយតម្លៃយ៉ាងប្រុងប្រយ័ត្នលើកត្តាធាតុផ្សំសំខាន់ៗ រួមមាន ប្រសិទ្ធភាពនៃការវិនិយោគ ភាពបត់បែន ការពង្រីក និរន្តរភាព និងមុខងាររបស់ប្រព័ន្ធ ដែលផ្តល់ការជំរុញប្រ​សិទ្ធភាព សម្រាប់ការគ្រប់គ្រងថវិកា គណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុ ឱ្យបានកាន់តែប្រសើរ។

លោកបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា ក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងបន្តប្រមូលការយល់ដឹង ធ្វើការវាយតម្លៃលម្អិត និងចូលរួមជាមួយភាគីពាក់ព័ន្ធ ដើម្បីរៀបចំផែនការគាំទ្រចីរភាព នៃដំណើរការរបស់ប្រព័ន្ធ ដែលបម្រើតម្រូវ​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា ប្រកបដោយប្រសិទ្ធភាព ព្រមទាំងធានាបាននូវនិរន្តរភាពរយៈពេលវែង ជាមួយនឹងតម្លៃវិនិយោគសមរម្យ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម