Connect with us

ព័ត៌មានអន្ដរជាតិ

មន្រី្ត​​​លាក់​អត្តសញ្ញាណ​ ផ្តល់​យោបល់​ដល់នាយករដ្ឋមន្រី​ជប៉ុនឱ្យ​បង្កើត​​អាវុធ​នុយក្លេអ៊ែរ

បានផុស

នៅ

មន្រ្តី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាលជប៉ុន​ម្នាក់​ បាន​ឱ្យ​ដំបូន្មាន​ផ្ទាល់​ខ្លួន​​ទៅ​កាន់​នាយក​រដ្ឋមន្រី​ជប៉ុន លោក​ស្រី Sanae Takaichi ថា​ ជប៉ុនគួរ​តែ​មាន​អាវុធ​នុយ​ក្លេអ៊ែរ ក្នុង​គោល​បំណង​​ដើម្បី​ធានា​បាន​នូវ​សុខសុវត្ថិភាព​ក្នុង​ប្រទេស។ នេះ​បើ​តាម​សារមាន​ក្នុង​ស្រុក​មួយ ដែល​បាន​ចុះ​ផ្សាយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
អាវុធនុយក្លេអ៊ែរ។ THE NATION

មន្ត្រី​​រូប​​នោះ​​បាន​​បន្ថែម​​ថា បើគ្មានការ​ចូល​រួម​ពី​​​រដ្ឋា​ភិបាលទេ​ ​​លទ្ធភាពនៃ​ការ​​​បង្កើត​អាវុធ​នេះ​ ពិត​​ជា​​ពិបាក​​ក្នុង​​ការ​​សម្រេច​​បាននូវ​សមិទ្ធផល​ជាក់​ស្តែង​។ នេះ​បើតាម​សារព័ត៌មានក្នុង​ស្រុក​​មួយ​ដែល​​បាន​លើក​ឡើង​។

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រួម​មាន Kyodo News ទូរទស្សន៍​រដ្ឋ​ NHK និង​កាសែត Asahi បាន​រាយ​ការណ៍​ ដោយ​កត់សម្គាល់​ថា ​ជា​ការអត្ថាធិ​ប្បាយ​របស់​មន្ត្រី​រដ្ឋា​ភិបាលរូប​នេះ​ ​តែ​​មិនបាន​​បញ្ចេញ​ឈ្មោះ​ឱ្យ​អ្នក​សារព័ត៌មាន​នោះទេ​ ​កាល​ពី​ថ្ងៃទី១៨ ខែធ្នូ។

ការ​​លើក​​ឡើង​​នេះ​​កើត​​ឡើង​​ចំពេល​​​​ដែល​មាន​ភាព​តាន​តឹង​ខ្លះៗ​​​នៅ​ប្រទេសជប៉ុន​ ​​ចំ​​​ពេល​​​ដែល​​​បរិយាកាស​​​សន្តិសុខ​​​​នៅ​​​អាស៊ី​បូព៌ាមិនសូវ​ល្អ។​

ទីក្រុង​តូក្យូ និង​ទីក្រុង​ប៉េកាំង​បច្ចុប្បន្ន​កំពុង​មើល​មុខ​គ្នា​មិនចំ ​នៅ​ក្នុងជម្លោះ​ដ៏​ក្ដៅ​គគុក​ជុំវិញ​ការ​អត្ថាធិប្បាយ​របស់​នាយក​រដ្ឋ​មន្ត្រីលោក​ស្រី​ Sanae Takaichi អំពី​កោះ​តៃវ៉ាន់ និងលទ្ធភាព​របស់​​​ជប៉ុន​ក្នុង​ការ​ជួយប្រទេស​ផ្សេង​ទៀត​ដែលកំពុង​​ចួប​គ្រោះ​​គ្រាអាសន្ន។

​មន្រ្តី​ដែល​មិនបញ្ចេញ​ឈ្មោះ​នោះ​ក៏​បាន​លើក​ឡើង​ពី​តថភាព​ពិត​ ដែល​អាច​ប៉ះពាល់​កាន់​តែ​ធ្ងន់​ធ្ងរ​ដល់​​សន្តិសុខ​របស់​ប្រទេស​ជប៉ុន​ផង​ដែរ ដោយ​ចង្អុលឱ្យ​មើល​​ទៅ​ការ​បង្កើន​សមត្ថភាពនុយ​ក្លេអ៊ែររបស់ចិន ការ​គំរាម​កំហែង​នុយក្លេអ៊ែររពី​​រុស្ស៊ី និងការអភិវឌ្ឍន៍​អាវុធ​នុយក្លេអ៊ែរនៅ​កូរ៉េខាង​ជើង។ បើយោង​តាម​សារព័ត៌មាន Asahi ។​

មន្ត្រី​នោះ​បាន​បន្តទៀត​ថា​៖ «​ជប៉ុន​ត្រូវ​តែចេះ​​ការពារ​ខ្លួន»

នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន​​អំពី​បញ្ហានេះ​ ប្រធាន​ខុទ្ទ​កាល័យ​លោក Minoru Kihara បាន​និយាយ​ថារដ្ឋា​ភិបាល​រក្សា​ការ​ប្តេជ្ញា​ចិត្ត​យូរមក​ហើយ​គឺ​មិន​កាន់កាប់ ផលិត ឬ​អនុញ្ញាត​ឱ្យ​មាន​អាវុធនុយ​ក្លេអ៊ែរឡើយ​។

លោក​ថា​៖ «យើង​មិន​ស្តាប់​ការ​ញុះញង់​របស់​នរណា​ម្នាក់​ ដោយ​ភាព​មិន​ច្បាស់​លាស់នោះ​ទេ​។ រដ្ឋាភិបាល​​នឹង​​បន្ត​​ប្រកាន់​​ខ្ជាប់​​នូវ​​គោលការណ៍​​គ្មាន​នុយក្លេអ៊ែរ​​ទាំង​បីខាងលើ»។

ខណៈ​ដែល​លោកស្រី Takaichi បាន​បញ្ជាក់​ថា រដ្ឋាភិបាល​គោរព​តាមគោលការណ៍​ទាំង​បី​នោះ។ លោកស្រី​មិន​បាន​ផ្តល់​ចម្លើយ​ច្បាស់​លាស់ណាមួយ​ ថា​តើ​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​គោលការណ៍​ទាំង​នោះ​នឹង​នៅ​ដដែលឬ​យ៉ាង​ណា​ទេ​ ខណៈ​ដែល​រដ្ឋាភិបាល​កំពុង​ស្វែង​រក​ការ​កែ​លម្អ​យុទ្ធសាស្ត្រ​ការពារ​ជាតិ​របស់​ខ្លួន។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​ ប្រទេស​ជប៉ុន​ជា​ប្រទេស​តែ​មួយ​គត់​ដែល​បាន​ទទួល​រង​ការ​វាយ​ប្រហារ​នុយ​ក្លេអ៊ែរ​កាល​ពី​សម័យ​សង្គ្រាម ហើយ​ប្រទេស​នេះ​ក៏​មិន​ចង់​ឃើញ​អាវុធនុយ​ក្លេអ៊ែរទៀត​ដែរ។​

លោក Kihara បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន​ដែល​ធ្វើឡើង​នៅថ្ងៃទី១៩​ ខែ​ធ្នូ​ថា៖ «យើង​បាន​រួម​ចំណែក​យ៉ាង​ខ្ជាប់​ខ្ជួន​នាំ​មក​នូវ​​សន្តិភាព និង​វិបុលសុខ​នៃ​សហគមន៍​ពិភពលោក ហើយយើង​​ក៏​មិនមាន​​ការផ្លាស់​ប្តូរអ្វី​ ​ចំពោះ​ជំហរ​នេះ​ដែរ» ។

លោក​បាន​បន្ថែមថា៖ «ក្នុង​នាម​ជា​ប្រទេស​តែមួយ​គត់​ដែល​​ទទួលបាន​រង​នូវ​ការ​វាយ​ប្រហារ​នុយ​ក្លេ​អ៊ែរពី​មុន យើង​នឹងចាត់​វិធាន​ការ​ជាក់​ស្តែង​ដើម្បី​រក្សា និង​ពង្រឹង​រចនា​សម្ព័ន្ធ​សន្ធិសញ្ញា​មិន​រីក​សាយ​ភាយ​នុយក្លេអ៊ែរ ដើម្បី​ឆ្ពោះ​ទៅ​រក​ពិភពលោក​ដែល​គ្មាន​អាវុធនុយក្លេអ៊ែរ»៕

អត្ថបទ៖ ណឺ មិនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម