ព័ត៌មានជាតិ
កម្ពុជា អំពាវនាវជាថ្មីដល់សហគមន៍អន្តរជាតិថ្កោលទោសថៃបន្តឈ្លានពាន និងប្រើប្រាស់មីន ផ្សែងពុលនៅតំបន់ជនស៊ីវិល
អាជ្ញាធរមីនកម្ពុជា បន្តអំពាវនាវដល់សហគមន៍អន្តរជាតិ ចេញមុខថ្កោលទោសថៃចំពោះការបន្តឈ្លានពានមកលើកម្ពុជា និងប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់មិនរើសទីតាំង រួមទាំងការប្រើប្រាស់គ្រាប់បែកចង្កោម និងផ្សែងពុលនៅតំបន់ជនស៊ីវិល។
ការអំពាវនាវជាថ្មីនេះ បន្ទាប់ពីយោធាថៃបានរំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាដោយខុសច្បាប់ តាមរយៈការប្រើប្រាស់កម្លាំងយោធា រួមទាំងការប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់នៅក្នុងតំបន់ដែលមានសហគមន៍ជនស៊ីវិលនៅក្នុងទឹកដីកម្ពុជា។ សកម្មភាពទាំងនេះបានបណ្តាលឱ្យជនស៊ីវិលរងរបួស ការភៀសខ្លួនទ្រង់ទ្រាយធំនៃប្រជាជនស៊ីវិលស្លូតត្រង់ បំផ្លិចបំផ្លាញផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ។ ទង្វើបែបនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និង គោលការណ៍ជាមូលដ្ឋានបំផុតនៃច្បាប់មនុស្សធម៌អន្តរជាតិ។

សេចក្តីថ្លែងការណ៍របស់អាជ្ញាធរមីនកម្ពុជា ចុះថ្ងៃទី ២៣ ខែធ្នូនេះសង្កត់ធ្ងន់ថា៖«កម្ពុជាបញ្ជាក់ជាថ្មីនូវការព្រួយបារម្ភ អំពីការប្រើប្រាស់គ្រាប់បែកចង្កោម និងផ្សែងពុលដោយថៃនៅក្នុង ឬនៅជិតតំបន់ស៊ីវិល។ អាវុធទាំងនេះ គឺមិនរើសអើងឡើយនិងមានផលប៉ះពាល់វែងដល់ប្រជាជន បំពុលដីជាច្រើនជំនាន់ និងនៅបន្តគំរាមកំហែងទោះបីសង្គ្រាមបានបញ្ចប់។ ការប្រើប្រាស់អាវុធបែបនេះនៅក្នុងតំបន់ដែលមានប្រជាជនរស់នៅ គឺជាទង្វើអមនុស្សធម៌ ខុសច្បាប់ និងចាត់ទុកជាឧក្រិដ្ឋកម្មសង្គ្រាមក្រោមច្បាប់អន្តរជាតិ»។
លើសពីនេះ យោធាថៃបង្កភាពតានតឹង ថៃបានប្រើប្រាស់បញ្ហាមីន តាមរយៈរូបភាពដែលគ្មានការ ផ្ទៀងផ្ទាត់ត្រឹមត្រូវ ឈុតឆាកដែលបានរៀបចំជាមុន និងការបំភាន់ព័ត៌មានដើម្បីបិទបាំងទង្វើរបស់ខ្លួន។ កម្ពុជាច្រានចោលដាច់ខាត ចំពោះចេតនាប្រើប្រាស់បញ្ហាមនុស្សធម៌ ដើម្បីបិទបាំងទង្វើមកលើជនស៊ីវិល និងបង្វែរចំណាប់អារម្មណ៍អន្តរជាតិ ចេញពីការឈ្លានពានរបស់ថៃមកលើកម្ពុជា និងទង្វើខុសច្បាប់របស់អន្តរជាតិ។
កម្ពុជាកត់សម្គាល់ថា ការចោទប្រកាន់របស់ថៃ តែងតែពឹងផ្អែកលើការអះអាងជាឯកតោភាគីរបស់យោធា មិនមានការផ្ទៀងផ្ទាត់ឯករាជ្យ ការស៊ើបអង្កេតដោយយុត្តិធម៌ ឬយន្តការស្វែងរកការពិតដែលទទួលស្គាល់ជាអន្តរជាតិ។ រូបថត និងភស្តុតាងដែលគ្មានការផ្ទៀងផ្ទាត់ទីតាំង កាលបរិច្ឆេទ ការរក្សាទុក ឬការវាយតម្លៃ បច្ចេកទេសអព្យាក្រឹត មិនអាចចាត់ទុកជាភស្តុតាងបានទេក្រោមច្បាប់អន្តរជាតិ។ការលើកឡើងម្តងហើយ ម្តងទៀតរបស់ថៃ មិនអាចប្រែក្លាយជាការពិតឡើយ។ ការផ្សព្វផ្សាយព័ត៌មានមិនពិត ទោះផ្សាយច្រើនប៉ុណ្ណា មិនអាចបិទបាំងការពិតដែលថៃបានទម្លាក់គ្រាប់ មកលើតំបន់ជនស៊ីវិលបានឡើយ។
កម្ពុជាគឺជារដ្ឋអធិបតេយ្យដែលប្តេជ្ញាចិត្តចំពោះសន្តិភាព ច្បាប់អន្តរជាតិ និងស្ថិរភាពក្នុងតំបន់។ កម្ពុជា បានរក្សាភាពអត់ធ្មត់ខ្ពស់ក្នុងអំឡុងនៃភាពតានតឹង និងការឈ្លានពានរបស់ថៃ។ ក៏ប៉ុន្តែភាពអត់ធ្មត់មិនមែនមានន័យថាជាភាពស្ងប់ស្ងាត់នោះទេ ហើយភាពស្ងប់ស្ងាត់មិនមែនមានន័យថាជាការទទួលយកនោះដែរ។ កម្ពុជា នឹងមិនទទួលយកការឈ្លានពាន ការបង្ខូចគោលការណ៍មនុស្សធម៌ ឬការបំភាន់មតិអន្តរជាតិតាមរយៈការផ្តល់ព័ត៌មានក្លែងក្លាយ។

កម្ពុជា អំពាវនាវដល់សហគមន៍អន្តរជាតិឱ្យថ្កោលទោសចំពោះការឈ្លានពានយោធារបស់ថៃមកលើកម្ពុជា និងអំពាវនាវដល់អង្គការសហប្រជាជាតិ អាស៊ាន និងយន្តការអន្តរជាតិពាក់ព័ន្ធ ចាត់វិធានការជាបន្ទាន់ ដើម្បីការពារជនស៊ីវិល និងរក្សាច្បាប់អន្តរជាតិ និងអំពាវនាវដល់រដ្ឋទាំងអស់ដែលបានប្តេជ្ញាចិត្តចំពោះសន្តិភាព និងនីតិរដ្ឋ ច្រានចោលព័ត៌មានក្លែងក្លាយ និងតម្រូវឱ្យអ្នកវាយប្រហារមកលើជនស៊ីវិល ទទួលខុសត្រូវ។ ភាពជឿជាក់នៃច្បាប់អន្តរជាតិ អាស្រ័យលើសកម្មភាព មិនមែនភាពស្ងៀមស្ងាត់ទេ។ ការបរាជ័យក្នុងការឆ្លើយតបនឹងបង្កឱ្យមានការរំលោភបំពានបន្ថែមទៀត។
អាជ្ញាធរមីនបញ្ជាក់ជាថ្មីថា៖«កម្ពុជានៅតែប្តេជ្ញាចិត្តចំពោះសន្តិភាព និងកិច្ចសន្ទនា ប៉ុន្តែសន្តិភាពមិនអាចត្រូវបានកសាងឡើងតាមរយៈការវាយប្រហារតាមអាកាសមកលើជនស៊ីវិល ការឈ្លានពាន ឬការបង្កើតព្រឹត្តិការដើម្បីបិទបាំងអំពើហិង្សារបស់ខ្លួន។ សហគមន៍អន្តរជាតិត្រូវតែមើលឃើញ និយាយ និងចាត់សកម្មភាពច្បាស់លាស់។ កម្ពុជានឹងមិនរក្សាភាពស្ងៀមស្ងាត់នោះឡើយ»៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


