ព័ត៌មានអន្ដរជាតិ
អូស្ត្រាលីអំពាវនាវឲ្យភាគីជម្លោះថៃ-កម្ពុជា ចរចាគ្នាដោយស្មោះត្រង់ និងគោរពច្បាប់អន្តរជាតិ
រដ្ឋាភិបាលអូស្ត្រាលីបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធ ២៤ធ្នូ នេះ អំពីជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ដែលកំពុងបន្តដោយសារតែភាគីថៃបានបន្តវាយប្រហារឥតបង្អង់ដៃ បើទោះបីជាសហគមន៍អន្តរជាតិអំពាវនាវឲ្យបញ្ឈប់ការប្រយុទ្ធគ្នាដោយប្រដាប់អាវុធ និងងាកទៅរកការចរចាការទូត។

ការចេញសេចក្តីថ្លែងការណ៍របស់អូស្រ្តាលីបានកើតឡើងតែ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការប្រទេសអាស៊ានទើបបញ្ចប់កាលថ្ងៃទី២២ខែធ្នូនេះ ដោយបានដាក់ចេញនូវសេចក្តីប្រកាសរបស់ប្រធានអាស៊ានឲ្យវិលទៅរកការចរចាដោយសន្តិវិធី និង អនុវត្តកិច្ចព្រមព្រៀងដែលភាគីថៃនិងកម្ពុជាបានចុះហត្ថលេខាកាលពីចុងខែតុលា។
ក្នុងសេចក្តីថ្លែងការណ៍នោះ រដ្ឋាភិបាលអូស្ត្រាលី បានសរសេរថា៖«រដ្ឋាភិបាលអូស្ត្រាលីនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចយោធារវាងកម្ពុជានិងថៃ ដែលកំពុងបន្តកើតឡើង រួមទាំងការកើនឡើងយ៉ាងឆាប់រហ័សនៃទំហំនិងភាពតានតឹងនៃជម្លោះ ការប្រើប្រាស់អាវុធបំផ្លិចបំផ្លាញធុនធ្ងន់ និងផលប៉ះពាល់ផ្នែកមនុស្សធម៌ដែលកំពុងកើនឡើងចំពោះភាគីទាំងពីរ»។
រដ្ឋាភិបាលអូស្ត្រាលី បានបន្ថែមថា៖«យើងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារដែលបានបាត់បង់សមាជិកគ្រួសារក៏ដូចជាមនុស្សជាទីស្រលាញ់របស់ខ្លួន ហើយសូមអំពាវនាវឱ្យភាគីទាំងពីរធានាឲ្យបាននូវការការពារសុវត្ថិភាពដល់ជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបេតិកភណ្ឌវប្បធម៌»។
រដ្ឋាភិបាលអូស្រ្តាលីជំរុញឲ្យភាគីជម្លោះត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារួចហើយ៖«យើងជំរុញឱ្យភាគីទាំងពីរគោរពយ៉ាងម៉ឺងម៉ាត់នូវកាតព្វកិច្ចរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិ កាត់បន្ថយភាពតានតឹង ចាត់វិធានការឱ្យបានឆាប់រហ័សនិងមានប្រសិទ្ធភាពដើម្បីបញ្ឈប់អរិភាព រួមទាំងអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួ»។
នៅចុងបញ្ចប់នៃសេចក្តីថ្លែងការណ៍នោះ អូស្ត្រាលី បានបញ្ជាក់ជំហរថា៖«យើងសូមលើកទឹកចិត្តឱ្យភាគីទាំងពីរចូលរួមក្នុងការចរចាដោយស្មារតីស្មោះត្រង់ក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដើម្បីសម្រេចបាននូវដំណោះស្រាយសន្តិភាពនិងយូរអង្វែង។ យើងសូមស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងបន្តរបស់អាស៊ាន ម៉ាឡេស៊ី និងសហរដ្ឋអាមេរិកក្នុងការគាំទ្រដល់ការបញ្ចប់ជម្លោះនេះ»៕
រ៉ាន់ រើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


