Connect with us

នយោបាយ

បទវិភាគ៖ បើគ្មានបទឈប់បាញ់ទេ ដំណោះស្រាយផ្សេងៗក៏មិនអាចកើតមានដែរ

បានផុស

នៅ

ជម្លោះ និងសង្គ្រាមរវាងថៃ-កម្ពុជាកាន់តែវិវត្តទៅរកស្ថានភាពអាក្រក់ ភាពឃោរឃៅ និងភាពសាហាវកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ហើយចំនួនអ្នកស្លាប់ អ្នករបួស ជនភៀសសឹក ការបំផ្លាញ និងមហន្តរាយទ្រព្យសម្បត្តិនានា ដូចជា ប្រាសាទបុរាណ ផ្ទះសម្បែងរបស់ជនស៊ីវិល សាលារៀន ស្ពាន ថ្នល់ វត្តអារាម បណ្ឌលសុខភាព មន្ទីរពេទ្យ អគារពាណិជ្ជកម្ម។ល។ កាន់តែកើនឡើងជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះទៀត ទឹកចិត្តនៃគូជម្លោះកាន់តែអាក្រក់ទៅៗ ដោយលែងមើលឃើញគ្នាក្នុងផ្លូវល្អហើយ បើទោះបីជាជាតិសាសន៍ទាំងពីរធ្លាប់និងបានរស់នៅជិតគ្នាតាំងពីរាប់រយពាន់ឆ្នាំមកហើយក៏ដោយ។ ជាការណ៍ពិត ជាតិសាសន៍ទាំងពីរនេះ មិនមែនថាមិនធ្លាប់មានរឿងល្អៗជាមួយគ្នាទេ បើទោះបីជាក្នុងអតីតកាលធ្លាប់មានរឿងខ្លះមិនល្អជាមួយគ្នាក៏ដោយ។ ជាក់ស្ដែង ក្នុងរជ្ជកាលខ្លះ មេដឹកនាំនៃប្រទេសទាំងពីរក៏ធ្លាប់មានទំនាក់ទំនងល្អជាមួយគ្នាដែរ ដូចជា ទំនាក់ទំនងការទូត ពាណិជ្ជកម្ម ការវិនិយោគ ជាដើម ហើយប្រជាពលរដ្ឋនៃប្រទេសទាំងពីរក៏ទទួលបានសេចក្ដីសុខទៅតាមនោះដែរ។

ផ្ទុយទៅវិញ ក្នុងដំណាក់កាលនៃជម្លោះ និងសង្គ្រាមដែលកំពុងតែក្ដៅ កំហឹងកំពុងតែពុះកញ្ជ្រោល ដុតរោលអារម្មណ៍ និងផ្លូវចិត្តនៃជាតិសាសន៍ទាំងពីររាប់ចាប់តាំងពីថ្នាក់ដឹកនាំកំពូលដល់ជនសាមញ្ញ ពីចាស់ដល់ក្មេងអាយុ៥ទៅ៦ឆ្នាំ រួមទាំងអ្នកប្រាជ្ញ អ្នកជំនាញ អ្នកជំនួញ អ្នកសារព័ត៌មាន តារាល្បីៗ អ្នកលេងបណ្ដាញសង្គម និងបព្វជិតក៏ត្រូវបានអូសទាញមកឱ្យកាន់ជើងភាគីម្ខាងៗដែរ។ ជារួម សង្គមទាំងពីរលែងមើលឃើញគ្នាក្នុងផ្លូវល្អហើយ និយាយអ្វីក៏ខុស ធ្វើអ្វីក៏មិនត្រូវដែរ។ មិនតែប៉ុណ្ណោះ ភាគីជម្លោះកំពុងតែព្យាយាមបញ្ចុះបញ្ចូលប្រទេសជិតខាង និងប្រទេសជាមិត្តរបស់ខ្លួន សហគមន៍អន្តរជាតិឱ្យគាំទ្រខ្លួន និងជួយខ្លួនតាមដែលអាចធ្វើទៅបាន។

បើនិយាយពីមធ្យោបាយនៃការធ្វើសង្គ្រាមវិញ ខ្ញុំបានសង្កេតឃើញថាភាគីជម្លោះបាននិងកំពុងប្រើប្រាស់ស្ទើរគ្រប់ប្រភេទអាវុធ យុទ្ធោបករណ៍ដែលខ្លួនមាន ដូចជា យន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក(ដ្រូន) រថក្រោះ រថពាសដែក កាំភ្លើងធំគ្រប់ប្រភេទ គ្រាប់បែកចង្កោម កាំជ្រួចហ្វូងរយៈចម្ងាយឆ្ងាយ និងអាវុធទំនើបៗជាច្រើនទៀត។ មិនតែប៉ុណ្ណោះ សូម្បីតែផ្សែងពុល ចម្ពាមកៅស៊ូ សំឡេងខ្មោច សំឡេងរំខាន ឆ្កែឆ្កួត និងទឹកលាមក ជាដើម ក៏ត្រូវបានយកមកប្រើនៅក្នុងជម្លោះនិងសង្គ្រាមនេះដែរ។ 

ក្នុងពេលជម្លោះ និងសង្គ្រាមកំពុងតែក្ដៅនេះ ភាគីទាំងពីររកមើលមិនឃើញផ្លូវល្អដើម្បីបញ្ចប់ជម្លោះទេ។ ពួកគេគិតតែពីចង់កម្ទេចគ្នាទៅវិញទៅមកតាមដែលអាចធ្វើទៅបាន ទោះបីតាមវិធីដែលអសីលធម៌ ផ្ទុយនឹងច្បាប់សង្គ្រាម និងល្មើសច្បាប់អន្តរជាតិក៏ដោយ ពីព្រោះពួកគេចង់បានជោគជ័យនិងកិតក្តិយសរៀងៗខ្លួន។ បើទោះបីជាប្រធានអាស៊ាននិងរដ្ឋសមាជិកអាស៊ាន ប្រទេសមហាអំណាច ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិបានអំពាវនាវឱ្យមានបទឈប់បាញនិងវិលមកស្វែងរកដំណោះស្រាយដោយសន្តិវិធីវិញក៏ដោយ ក៏ភាគីជម្លោះនៅតែស្ទាក់ស្ទើរដែរ ជាពិសេស ភាគីដែលខ្លាំងជាង។ ក្នុងករណីខ្លះ ភាគីដែលមិនចង់បញ្ចប់សង្គ្រាមថែមទាំងខឹងជាមួយតួអង្គដែលចង់សម្របសម្រួលឱ្យមានបទឈប់បាញ់និងដំណោះស្រាយដោយសន្តិវិធីទៀតផង។

ខ្ញុំយល់ថា សង្គ្រាមនេះត្រូវតែប្រញាប់រិះរកវិធីបញ្ចប់ដោយផ្ដើមចេញពីឯកភាពគ្នាក្នុងការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញជាមុនសិន និងបន្ទាប់មក ភាគីទាំងពីរត្រូវមូលមតិគ្នារិះរកវីធីដើម្បីស្វែងរកឫសគល់នៃម្លោះនិងនីតិវិធីដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី ជាពិសេស ប្រើយន្តការនិងបទដ្ឋានគតិយុត្តដែលមានស្រាប់របស់ភាគីទាំងពីរ និងការចរចាបន្ថែមទៀតក្នុងករណីចាំបាច់ ដូចជា ការទទួលយកធាតុចូលឬអន្តរាគមន៍ពីមហាអំណាចឬស្ថាប័នអន្តរជាតិពាក់ព័ន្ធជាដើម។

បើមិនដូច្នោះទេ ជម្លោះនេះវានឹងនៅតែបន្តរ៉ាំរ៉ៃទៅមុខទៀតតជំនាន់ ហើយពិតជាអាចរាលដាលកាន់តែធំទៅជាសង្គ្រាមភូមិសាស្ត្រនយោបាយ នៅពេលនោះ ប្រទេសទាំងពីរក្លាយទៅជាទីលានប្រយុទ្ធដើម្បីអំណាចពិភពលោក កន្លែងសាកអាវុធ យុទ្ធោបករណ៍របស់ប្រទេសផលិតអាវុធ និងអាចមានលទ្ធភាពក្លាយទៅជាសង្គ្រាមលោកក៏ថាបានដែរ។ បើដូច្នោះមែន ប្រជាជាតិនៃប្រទេសទាំងពីរគឺជាអ្នករងគ្រោះមុនគេ បន្ទាប់មកប្រជាជាតិក្នុងតំបន់និងពិភពលោកទាំងមូល ដែលអាចធ្លាក់ទៅក្នុងសភាពអាក្រក់បំផុតមួយដែលពិបាកស្ដារឡើងវិញ។

ហេតុនេះ សូមថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ អគ្គបញ្ជាការកងទ័ព និងតួអង្គពាក់ព័ន្ធដទៃទៀតនៃប្រទេសទាំងពីរពិចារណាឡើងវិញ ដើម្បីអនុវត្តបទឈប់បាញ់និងស្វែងសន្តិភាពឱ្យបានកាន់តែឆាប់កាន់តែល្អសម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ។ លើសពីនេះទៀត សូមប្រជាជាតិនៃប្រទេសទាំងពីរកុំនាំគ្នាដុតរោលឱ្យជម្លោះនេះកាន់តែក្ដៅនិងកាន់តែអាក្រក់ទៅៗ បើមិនដូច្នោះទេ ជាតិសាសន៍ទាំងពីរនឹងចាញ់ទាំងអស់គ្នា រងគ្រោះនិងអន្តរាយទាំងអស់គ្នាដោយចៀសមិនរួច៕   

ដោយ៖ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម