Connect with us

ព័ត៌មានជាតិ

កម្ពុជា​ចាត់​ទុក ការវាយកម្ទេចរូបសំណាកព្រះវិស្ណុ ដោយ​ទាហាន​ឈ្លាន​ពានថៃ ជា​ការ​រំលោភ​ជំនឿ​សាសនា និង​អារ្យធម៌​មនុស្សជាតិ

បានផុស

នៅ

ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា បានចេញសេចក្តីប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើដ៏សាហាវ និងឥតមនុស្សធម៌របស់កងទ័ពថៃ ដែលបានវាយកម្ទេចរូបសំណាកទេវរូបព្រះវិស្ណុ ស្ថិតនៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ ដែលជាផ្នែកមួយនៃដែនអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីប្រកាស ក្រសួងបានបញ្ជាក់ថា សកម្មភាពនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អារម្មណ៍ និងជំនឿសាសនារបស់សាសនិកនៅទូទាំងពិភពលោក ព្រោះរូបសំណាកព្រះវិស្ណុ ត្រូវបានគោរពបូជាយ៉ាងខ្ពង់ខ្ពស់ដោយប្រជាពលរដ្ឋទូទៅ ហើយ​ជាផ្នែកមួយ​នៃបេតិកភណ្ឌអារ្យធម៌រួមរបស់មនុស្សជាតិ។ ក្រសួងបានចាត់ទុកទង្វើនេះថា ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសាសនា វប្បធម៌ និងតម្លៃមនុស្សធម៌សកល។

ជាមួយគ្នានេះ ក្រសួងធម្មការ និងសាសនា បានអំពាវនាវឱ្យសាសនិក​ទូទាំង​ពិភពលោក និង​សហគមន៍អន្តរជាតិ ចូលរួមថ្កោលទោសសកម្មភាព​ដែល​ត្រូវបានពិពណ៌នាថា ជាទង្វើទមិឡឥតសាសនារបស់កងទ័ពឈ្លានពានថៃ។

សេចក្តី​ប្រកាស​បានបន្ថែមថា កង​ទ័ពថៃ​បាន​បន្ត​ធ្វើសកម្មភាពឈ្លានពានលើដែនអធិបតេយ្យភាពកម្ពុជា ដោយប្រើប្រាស់អាវុធធុនតូច និងធុនធំ យន្តហោះគ្មានមនុស្សបើក យន្តហោះទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម ផ្សែងពុល និងនាវាចម្បាំង បាញ់ប្រហារ និងទម្លាក់គ្រាប់យ៉ាងកំរោល មិនរើសគោលដៅ បណ្តាល​ឱ្យប្រជាជនស៊ីវិលស្លូតត្រង់ស្លាប់ និងរងរបួសជាច្រើននាក់។

បន្ថែមពីនេះ ផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្លូវថ្នល់ ស្ពាន ប្រាសាទបុរាណ និងរូបសំណាកសម្រាប់ការគោរពសក្ការបូជា ត្រូវបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ខណៈសិស្សសាលា កុមារ មនុស្សចាស់ ប្រុស ស្រី ជាច្រើន ត្រូវបានបង្ខំឱ្យភៀសខ្លួនរកទីជម្រកសុវត្ថិភាពជាបន្ទាន់ ដោយមិនបានត្រៀមលក្ខណៈជាមុន។

ក្នុងសេចក្តីប្រកាសដដែលនេះ ក្រសួងធម្មការ និងសាសនា បានអំពាវនាវឱ្យភាគីថៃ បញ្ឈប់រាល់អរិភាព និង​ការ​បំផ្លិចបំផ្លាញ​រូប​សំណាក​សម្រាប់​ការ​គោរពបូជារបស់មនុស្សជាតិជាបន្ទាន់ ហើយងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួ និងកាតព្វកិច្ចទាំងឡាយក្រោមច្បាប់អន្តរជាតិ ឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។

ក្រសួងបានបញ្ជាក់ជាថ្មីថា កម្ពុជាប្តេជ្ញាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងដាច់ខាតនឹងការប្រើប្រាស់កម្លាំងអាវុធ ដើម្បីស្វែងរកដំណោះស្រាយមួយប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ និងយូរអង្វែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម