កីឡា
ចលនាកីឡាអូឡាំពិកអន្តរជាតិផ្តល់ជំនួយដល់ជនភៀសសឹកកម្ពុជា
ចលនាកីឡាអូឡាំពិកអាស៊ី និងអូឡាំពិកអន្តរជាតិ តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានផ្តល់ជំនួយមនុស្សធម៌ដើម្បីជួយដល់ប្រជាជនកម្ពុជាដែលកំពុងរងផលប៉ះពាល់ពីសង្គ្រាមឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានទទួលអំណោយដែលជាមូលនិធិជនភៀសសឹកកីឡាអូឡាំពិក។ ការផ្តល់អំណោយជនភៀសសឹកនេះគឺជាគម្រោងពិសេសមួយរបស់ចលនាកីឡាអូឡាំពិកអន្តរជាតិ និងក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី។ ចលនាកីឡាអូឡាំពិកអន្តរជាតិបានពិនិត្យមើលច្បាស់លាស់ណាស់មុនពេលសម្រេចផ្តល់ជូន។ ការផ្តល់ជូននេះគឺក្នុងស្មារតីសាមគ្គីគ្នារវាង គណៈកម្មាធិការអូឡាំពិកអន្តរជាតិដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ អង្គការសហប្រជាជាតិ ដែលមាន ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)។

«គោលបំណងរបស់អូឡាំពិកអន្តរជាតិគឺចូលរួមជាមួយអង្គការសហប្រជាជាតិដើម្បីជួយសម្រាលបន្ទុកដល់ជនរងគ្រោះពីសង្គ្រាម។ ជួយសម្រាលទុក្ខលំបាក ឬលើកទឹកចិត្តដល់កុមារ ជនភៀសសឹកឲ្យពួកគាត់មានឱកាសរសរានមានជីវិត មានឱកាសលេងកីឡា ឬសិក្សារៀនសូត្រជាដើម។ ជាពិសេសគឺការលេងកីឡា ពីព្រោះបើទោះជាពួកគាត់ផ្លាស់ទីលំនៅ ឬទៅដល់ទីកន្លែងណាក៏ដោយ ក៏ពួកគាត់ត្រូវតែមានសិទ្ធិលេងកីឡា។ ក្នុងចំណោមជនភៀសសឹក ក៏មានកីឡាករ កីឡាការិនីដែរ ដូច្នេះពួកគាត់ត្រូវមានឱកាសលេងកីឡា»។ លោក វ៉ាត់ ចំរើន មានប្រសាសន៍។

លោកបានបញ្ជាក់ថា ៖«ពួកគាត់មានឱកាសលេងកីឡាដើម្បីរក្សាភាពលំនឹងទាំងផ្លូវកាយ ផ្លូវចិត្ត ហើយបង្កើនភាពកក់ក្តៅ កាត់បន្ថយការភ័យខ្លាច។ ជាអត្ថន័យខ្លឹមសារ គឺឃើញថា យើងទទួលបានការទទួលស្គាល់ពីអន្តរជាតិ ជាចលនាមួយដ៏មានប្រសិទ្ធភាពនៅក្នុងជំរុញការគាំទ្រនេះមកដល់កម្ពុជាផ្ទាល់តែម្តង។ នេះជាកត្តាសាមគ្គីភាព ជាស្មារតីរបស់អង្គការសហប្រជាជាតិតាមរយៈអូឡាំពិកអន្តរជាតិដែលតែងតែគាំទ្រដល់ជនភៀសសឹកទូទាំងពិភពលោក។ ចំពោះកម្ពុជាគឺជាពិសេសមួយដែលគេយកចិត្តទុកដាក់។ គេទទួលបានព័ត៌មានភ្លាម គេផ្តល់នូវជំនួយទាំងអស់នេះយ៉ាងលឿន»។

លោកអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបន្ថែមថា ចលនាកីឡាអូឡាំពិកបានទទួលស្គាល់ជនភៀសសឹកកម្ពុជាគឺជាជនរងគ្រោះដោយសារសង្គ្រាម ដូច្នេះហើយបានជាគណៈកម្មាធិការអូឡាំពិកអន្តរជាតិផ្តល់ជំនួយពិសេសដល់ជនភៀសសឹកកម្ពុជា។
លោក វ៉ាត់ ចំរើន បានឲ្យដឹងថា ជំនួយមនុស្សធ៌ទាំងនេះមានគ្រឿងឧបភោគ បរិភោគ ថ្នាំពេទ្យ សម្ភារសិក្សា និងសម្លៀកបំពាក់កីឡា សម្ភារកីឡា ជាដើម។ មួយផ្នែកត្រូវយកទៅចែកជូនផ្ទាល់ដល់ដៃជនភៀសសឹកនៅខេត្តឧត្តរមានជ័យ ហើយមួយផ្នែកធំទៀតមានទាំងថវិកាចំនួន ៨ លានរៀលផង យកទៅជូនក្រសួងអប់រំ យុវជន និងកីឡាសម្រាប់យកទៅជួយដល់សិស្សានុស្សជាដើម។

ជំនួយមនុស្សធម៌របស់ចលនាកីឡាអូឡាំពិកមិនពាក់ព័ន្ធនឹងកងកម្លាំងប្រដាប់អាវុធដែលប្រយុទ្ធគ្នានៅជួរមុខទេ ពីព្រោះកីឡាមិនពាក់ព័ន្ធនឹងនយោបាយ។ ទោះបីជាយ៉ាងណា ស្ថាប័នកីឡាអូឡាំពិកអន្តរជាតិអំពាវនាវឲ្យមានបទឈប់បាញ់គ្នា បង្កើតសន្តិភាព និងសេចក្តីសុខសាន្តសម្រាប់មនុស្សជាតិ។ ហេតុដូច្នេះហើយបានជាអូឡាំពិកអន្តរជាតិមានចលនាមនុស្សធម៌ជួយដល់មនុស្សម្នាដែលទទួលរងគ្រោះពីសង្គ្រាម និងគ្រោះមហន្តរាយផ្សេងៗ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


