Connect with us

ព័ត៌មានអន្ដរជាតិ

ភរិយាលោក ម៉ាឌូរ៉ូ បង្ហាញខ្លួនលើកដំបូង ក្នុងទឹកមុខស្រងូតស្រងាត់ខ្លាំង

បានផុស

នៅ

តាមរយៈវីដេអូដែលបង្ហោះដោយ nypos កាលពីថ្ងៃទី ៤ខែមករា បានបង្ហាញពីលោកស្រី Cilia Flores ស្លៀកពាក់អាវក្រណាត់ពណ៌បៃតងចាស់ដោយដៃអោបទ្រូងក្នុងទឹកមុខស្រងូតស្រងាត់ ខណៈគាត់បានអមដំណើរដោយភ្នាក់ងារអាមេរិកនៅមូលដ្ឋានទ័ពអាកាស Stewart Air National Guard ភាគខាងជើងនៃទីក្រុងញូវយ៉ក កាលពីមួយថ្ងៃមុន។

លោកស្រី Flores មើលទៅហាក់ដូចជាហត់នឿយនិងក្រៀមក្រំ ហើយមិនបានបង្ហាញកាយវិការ ឬការបញ្ចេញមតិណាមួយឡើយ នៅពេលដែលគាត់ធ្វើដំណើរឆ្លងកាត់តំបន់សន្តិសុខ។ ទន្ទឹមនឹងនេះ ប្រធានាធិបតី Nicolas Maduro បានដើរក្នុងកាយវិការគ្មានលំនឹងក្នុងខ្លួនអមដោយខ្នោះដៃ ហើយនិយាយសួស្តីឆ្នាំថ្មី ម្តងហើយម្តងទៀតទៅកាន់អ្នកដែលនៅជុំវិញគាត់។

នេះក៏ជាលើកដំបូងដែលរូបភាពរបស់លោកស្រី Flores ត្រូវបានបោះពុម្ពផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិក ចាប់តាំងពីប្រធានាធិបតីវ៉េណេស៊ុយអេឡា និងភរិយា ត្រូវកងកម្លាំងចាប់ខ្លួនក្នុងអំឡុងពេលវាយឆ្មក់ ដែលធ្វើឡើងដោយទីក្រុងវ៉ាស៊ីនតោនកាលពីព្រឹកថ្ងៃទី៣ ខែមករាឆ្នាំ២០២៦។

មុនពេលរៀបការជាមួយលោក Maduro លោកស្រី Flores បានបម្រើការជាប្រធានសភា និងជាអ្នកកាន់អំណាចដ៏សំខាន់ម្នាក់នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដែលជាប្រទេសមានប្រជាជន ៣១ លាននាក់។ ក្នុងនាមជាភរិយារបស់ប្រធានាធិបតី លោកស្រីមិនត្រឹមតែបំពេញកាតព្វកិច្ចពិធីធម្មតាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ដំបូន្មានដោយផ្ទាល់ដល់ស្វាមីលើបញ្ហាផ្លូវច្បាប់ និងនយោបាយផងដែរ។

សូមបញ្ចាក់ដែរថា យោធាសហរដ្ឋអាមេរិកបានធ្វើប្រតិបត្តិការមួយ កាលពីព្រឹកព្រលឹមថ្ងៃទី ៣ ខែមករា ដោយរួមមានយន្តហោះប្រហែល ១៥០គ្រឿងដឹកកងកម្លាំងពិសេស និងភ្នាក់ងារអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក ដើម្បីអនុវត្តដីកាចាប់ខ្លួនរបស់លោកម៉ាឌូរ៉ូ និងភរិយា។

មេដឹកនាំវ៉េណេស៊ុយអេឡា និងភរិយារបស់គាត់នឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រើប្រាស់អាវុធ និងគ្រឿងញៀននៅក្នុងតុលាការសហព័ន្ធ Manhattan នាសប្តាហ៍នេះ៕

រូបភាព៖nypost
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងច្រើនគ្រាប់ ចំពេលត្រាំចាប់ខ្លួនលោកម៉ាឌូរ៉ូ 
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម