អត្ថាធិប្បាយ
ហេតុអ្វីចាំបាច់មានគម្រោងសារមន្ទីរសង្គ្រាមកម្ពុជា-ថៃ?
គម្រោងសារមន្ទីរ គឺជាស្នូលនៃការកសាងអត្តសញ្ញាណជាតិ។ នៅកម្ពុជា មានសារមន្ទីរមួយចំនួនដែលឧទ្ទិសដល់សង្គ្រាមពាក់ព័ន្ធនឹងអំពើប្រល័យពូជសាសន៍ និងសង្គ្រាមស៊ីវិល ប៉ុន្តែពុំទាន់មានសារមន្ទីរណាមួយដែលផ្ដោតលើសង្គ្រាមការពារអធិបតេយ្យភាពជាតិនៅឡើយទេ។ តាមរយៈការសង្កេតមើលបទឈប់បាញ់ដ៏ផុយស្រួយដែលបានបង្កើតឡើងជាមួយប្រទេសថៃនៅចុងឆ្នាំ ២០២៥ ខ្ញុំជឿជាក់ថា គម្រោងសារមន្ទីរសង្គ្រាមមួយដែលជាក់លាក់ ចាំបាច់ត្រូវតែចាប់ផ្ដើម។

ជាទូទៅ សង្គ្រាមត្រូវបានកត់ត្រាត្រឹមតែកាលបរិច្ឆេទនៅក្នុងសៀវភៅសិក្សា ឈុតឆាកផ្ទុះឆេះក្នុងភាពយន្ត ឬអារម្មណ៍ទុក្ខសោកក្នុងប្រលោមលោក។ ទោះជាយ៉ាងណាក៏ដោយ សង្គ្រាមអាចត្រូវបានពន្យល់ផ្សេងៗគ្នា តាមទស្សនវិស័យផ្សេងគ្នា។ យើងឃើញចំណុចនេះនៅក្នុងសារមន្ទីរពាក់ព័ន្ធនឹងសង្គ្រាមវៀតណាម៖ នៅវៀតណាម គេរៀបរាប់ថា ជាការតស៊ូដើម្បីរំដោះប្រទេសពីចក្រពត្តិនិយម ប៉ុន្តែនៅអូស្ត្រាលី គេបកស្រាយថា ជាការតស៊ូដើម្បីការពារសណ្ដាប់ធ្នាប់ពិភពលោក។ ជម្លោះ និងសង្រ្គាមរវាងកម្ពុជានិងថៃ ក៏សមនឹងទទួលបានការចងក្រងឯកសារយ៉ាងល្អិតល្អន់បែបនេះដែរ ដែលជាការកត់ត្រានូវទុក្ខវេទនារបស់មនុស្សជាតិ និងការរីកចម្រើនផ្នែកបច្ចេកវិទ្យា ស្របពេលដែលសង្គ្រាមនេះត្រូវតែពន្យល់នៅក្នុងបរិបទនៃសណ្ដាប់ធ្នាប់ពិភពលោកដែលជិតដួលរលំ និងដែនអំណាចនៃច្បាប់អន្តរជាតិ និងសន្ធិសញ្ញានានារបស់អង្គការសហប្រជាជាតិត្រូវបានចោទជាសំណួរ។

ឈរនៅចំណុចរបត់នៃឆ្នាំ ២០២៦ នេះ យើងត្រូវទទួលស្គាល់ថា សន្តិភាពមិនមែនគ្រាន់តែជាអវត្តមាននៃសំឡេងកាំភ្លើង និងគ្រាប់បែកនោះទេ ប៉ុន្តែវាគឺជាវត្តមាននៃការចងចាំ។ ខាងក្រោមនេះគឺជាវិធីដែលគម្រោងសារមន្ទីរនេះនឹងបម្រើជាស្ពានដ៏សំខាន់រវាងភាពអរូបីនៃប្រវត្តិសាស្ត្រ និងបទពិសោធន៍ជាក់ស្តែងរបស់មនុស្សជាតិ៖
១. ការរក្សានូវវត្ថុតាងជាក់ស្តែង៖ លើសពីទិន្នន័យ
សង្គ្រាមច្រើនតែត្រូវបានកត់ត្រាជាតួលេខបែបស្ថិតិ ចំនួនមនុស្សស្លាប់ ចំនួនជនរងគ្រោះ និងហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានបំផ្លាញ។ យើងត្រូវប្រមូលទិន្នន័យពីរបាយការណ៍នានារបស់ប្រព័ន្ធផ្សព្វផ្សាយ មន្ទីរពេទ្យ និងអង្គការមនុស្សធម៌ ដើម្បីចងក្រងឯកសារតួលេខបែបស្ថិតិខាងលើ ដោយសារការបាញ់បោះ គ្រាប់ផ្លោង គ្រាប់បែក ផ្សែងពុល ឬមីន។ ទោះជាយ៉ាងណាក៏ដោយ កាតព្វកិច្ចរបស់ សារមន្ទីរគឺ៖
- ធ្វើបញ្ជីជនរងគ្រោះប្រកបដោយភាពជាមនុស្ស៖ តាមរយៈអ្វីដែលនៅសេសសល់ សារមន្ទីរត្រូវតែ “ពង្រីក” ឱ្យឃើញនូវទំហំនៃជនរងគ្រោះដែលបានរាយការណ៍។ ស្បែកជើងចាស់មួយគូ ខោអាវប្រឡាក់ដោយឈាម ឆ្នាំងបាយដែលបែកបាក់ សំបុត្រផ្ទាល់ខ្លួន ឬស្នាដៃសិល្បៈ ធ្វើឱ្យទំហំនៃសង្គ្រាមអាចយល់បាននៅកម្រិតបុគ្គល។
- ការចងក្រងឯកសារអំពីបច្ចេកវិទ្យា៖ ជម្លោះចាប់តាំងពីសតវត្សរ៍ទី ១៣ រវាងខ្មែរ/កម្ពុជា និងសៀម/ថៃ យើងបានឃើញការវិវត្តនៃបច្ចេកវិទ្យា ចាប់ពីថ្នាំបុរាណ និងកញ្ចប់វេជ្ជសាស្ត្រសាមញ្ញ គ្រឿងសព្វាវុធបុរាណដូចជាដាវ លំពែង ធ្នូ និងព្រួញ រហូតដល់ការទំលាក់គ្រាប់បែកពីយន្តហោះចម្បាំងទំនើបៗជាលើកដំបូងក្នុងលោកដូចជា Gripen និង T-50។ តាមរយៈការរក្សាទុកវត្ថុទាំងនេះ យើងបង្ហាញពីរបៀបដែលភាពច្នៃប្រឌិតត្រូវបានជម្រុញ និងត្រូវបានប្រើប្រាស់ក្នុងផ្លូវងងឹត ដោយសារគំនិតជាតិនិយមជ្រុលនិយម និងភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញ ដែលបង្កើតទៅជាទុក្ខវេទនារបស់មនុស្សជាតិ និងការអាចឈានទៅដល់ការប្រកាន់ពូជសាសន៍។

២. ការអប់រំក្រៅសៀវភៅសិក្សា៖ ថ្នាក់រៀននៃតថភាពពិត
សារមន្ទីរសង្គ្រាម គឺជាថ្នាក់រៀនអំពីសង្រ្គាមដែលមានឥទ្ធិពលបំផុតក្នុងលោក។ ពួកគេជំរុញឱ្យមនុស្សជំនាន់ក្រោយឈានហួសពីសំណួរថា «តើនរណាជាអ្នកឈ្នះ?» ហើយសួរថា «ហេតុអ្វីបានជាវាកើតឡើង?» និង «តើត្រូវបង់ខាតអ្វីខ្លះ?»
- ការរៀនសូត្រតាមរយៈបរិយាកាសថតចម្លង៖ ការប្រើប្រាស់រូបភាពតាំងបង្ហាញ សម្លេង និង បច្ចេកវិទ្យានិម្មិត ក៏ដូចជាស្នាដៃសិល្បៈ ដើម្បីបង្កើតឡើងវិញនូវភាពតានតឹងក្នុងពេលសង្រ្គាម និងក្រោយសង្រ្គាមនឹងជួយបង្កើតឱ្យមានសមានចិត្ត ដែលការអានសៀវភៅធម្មតាមិនអាច បណ្តុះឲ្យមាន។
- ការព៌ណនាប្រកបដោយពហុទស្សនវិស័យ៖ ដើម្បីចៀសវាងត្រឹមតែជា «សាលឃោសនា»សារមន្ទីរត្រូវតែបញ្ចូលសម្លេងរបស់ប្រជាជនស៊ីវិល អ្នកទោសសង្គ្រាម ការយល់ឃើញពីសំណាក់អ្នកប្រាជ្ញ និងសារព័ត៌មានបរទេស និងសូម្បីតែពីអតីតសត្រូវ។ តាមរយៈការបង្ហាញការពិតពីច្រើនជ្រុងនេះ យើងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចេះគិតពិចារណាឱ្យបានហ្មត់ចត់អំពីការឃោសនា និងភាពស្មុគស្មាញនៃល្បែងនយោបាយ និងភូមិសាស្ត្រនយោបាយ សកលលោកនាដើមសតវត្សរ៍ទី២១។
៣. វត្តអារាមលោកិយសម្រាប់ការចងចាំ
សម្រាប់ប្រជាជនកម្ពុជាជាច្រើន សារមន្ទីរនេះនឹងដើរតួជា «វត្តអារាមលោកិយ» ជាទីកន្លែងសម្រាប់ឧទ្ទិសកុសល ដែលប្រជាជាតិអាចរួមគ្នាគោរពវិញ្ញាណក្ខន្ធ កសាងស្មារតីនៃភាពជាសហគមន៍ និងសាមគ្គីភាព។
- សាលនៃបញ្ជីឈ្មោះ៖ សម្រាប់ក្រុមគ្រួសារដែលគ្មានចេតីយ៍/ផ្នូរជាក់លាក់ សម្រាប់ការគោរពវិញ្ញាណក្ខន្ធ ឬសម្រាប់អ្នកដែលបាត់ខ្លួនក្នុងអំឡុងពេលសង្គ្រាម ជញ្ជាំងអនុស្សាវរីយ៍នេះនឹងធានាថា មនុស្សជាទីស្រឡាញ់របស់ពួកគេមិនត្រូវបានគេបំភ្លេចចោលឡើយ។
- ជាពំនឹងសម្រាប់វីរៈកងទ័ព៖ ប្រហែលជាគ្មាននរណាម្នាក់យល់ពីតថភាពពិតនៃការបម្រើជាតិរបស់វីរៈកងទ័ពនោះទេ ប៉ុន្តែសារមន្ទីរនេះនឹងផ្តល់ជាកន្លែងមួយដើម្បីឲ្យសាធារណជនទូទៅទទួលស្គាល់ និងមើលឃើញពីការលះបង់ទាំងជីវិត កាយ និងចិត្តរបស់ពួកគាត់។

៤. ជាការព្រមាន៖ ភាពផុយស្រួយនៃសន្តិភាព
តួនាទីដ៏សំខាន់បំផុតមួយទៀតនៃគម្រោងសារមន្ទីរសង្គ្រាមនេះ គឺការរួមចំណែកដល់ការសិក្សាអំពីជម្លោះ និងការអប់រំសន្តិភាព។
- តាមរយៈការបង្ហាញតថភាពពិតនៃអំពើហិង្សា និងភាពសាហាវឃោឃៅ រួមទាំងផលវិបាកនៃរបួសផ្លូវចិត្ត និងជនភៀសសឹក សារមន្ទីរនេះមានតួនាទីយ៉ាងសកម្មក្នុងការដាស់តឿនស្មារតី មនុស្ស។ វាបញ្ជាក់ថា ទោះបីជាបទឈប់បាញ់ គឺជាការធូរស្រាល ប៉ុន្តែផ្លូវឆ្ពោះទៅរកអនាគតប្រកបដោយសន្តិភាព ទាមទារឱ្យមានការរំលឹកជានិច្ចអំពីការបំផ្លិចបំផ្លាញដែលយើងទើបតែបានគេចផុត។
- ឃ្លាដ៏ល្បីល្បាញរបស់លោក George Santayana បានបង្រៀនយើងថា៖ “អ្នកដែលមិនអាចចងចាំពីអតីតកាលបាន នឹងត្រូវបណ្តាសាឱ្យដើរជាន់ដានចាស់ឡើងវិញ។”
សារមន្ទីរសង្គ្រាមកម្ពុជា-ថៃ ត្រូវតែបដិសេធមិនបណ្តោយឱ្យអតីតកាលប្រែជាស្ងប់ស្ងាត់ ឡើយ។ វាត្រូវតែផ្លាស់ប្តូរទិន្នន័យប្រវត្តិសាស្ត្រដ៏ត្រជាក់នេះ ឱ្យទៅជាកិច្ចសន្ទនាដែលរស់រវើកអំពីអត្ថន័យនៃភាពជាមនុស្សក្នុងគ្រាមានវិបត្តិ។ តាមរយៈការរក្សាវត្ថុតាងនៃគ្រាដ៏ខ្មៅងងឹតបំផុតរបស់យើងចាប់តាំងពីសតវត្សរ៍ទី ១៣ យើងកំពុងផ្តល់ពន្លឺចាំបាច់ដើម្បីតម្រង់ទិស មិនត្រឹមតែឆ្ពោះទៅរកអនាគតដែលពេញដោយសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំលឹកខ្លួនឯងអំពីភាពធន់ និងគម្រោងដែលផ្ដោតលើអនាគតសម្រាប់ប្រជាជាតិរបស់យើង៕
ដោយ៖ សាស្រ្តាចារ្យ អ៊ុន លាង
ព្រឹទ្ធបុរស មហាវិទ្យាល័យសង្គមសាស្រ្ត-មនុស្សសាស្រ្តនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


