Connect with us

ព័ត៌មានអន្ដរជាតិ

​អ៊ីស្រាអែល​ប្រុងជើងការកម្រិតខ្ពស់ ខណៈអា​​មេរិក​អាច​ប្រតិបត្តិការយោធា​នៅ​​អ៊ីរ៉ង់​​

បានផុស

នៅ

អ៊ីស្រាអែល​កំពុង​ស្ថិតក្នុង​ស្ថានភាព​ប្រុង​ជើងការ​​ខ្ពស់​ចំពោះ​លទ្ធភាព​នៃ​ការ​ធ្វើ​អន្តរាគមន៍​​យោធា​​​របស់​សហរដ្ឋអាមេរិក​នៅ​អ៊ីរ៉ង់ ខណៈ​ដែល​​​​​​​របបដឹកនាំ​នៅអ៊ីរ៉ង់​​ប្រឈមមុខ​នឹង​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ដ៏ធំ​បំផុត​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ។ ​នេះ​បើយោង​តាមរ៉យទ័រ​ដែល​​ស្រង់​​ប្រភព​​ពី​​អ៊ីស្រាអែល​បី​ដែល​បាន​ដឹង​អំពី​បញ្ហា​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
​នាយករដ្ឋមន្ត្រី ប៊ែនចាមីន ណេតានីញ៉ាហ៊ូ ឈរនិយាយ​ជាមួយសមាជិក​គណៈរដ្ឋមន្ត្រី។ FB

ប្រធានាធិបតីសហរដ្ឋអាមេរិក​ លោក ដូណាល់ ត្រាំ បាន​គំរាម​ម្តងហើយម្តងទៀត​ថា​ នឹង​ធ្វើ​អន្តរាគមន៍​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​​នេះ និង​បាន​ព្រមាន​មេដឹកនាំ​អ៊ីរ៉ង់​កុំ​ឲ្យ​ប្រើ​កម្លាំង​ប្រឆាំង​នឹង​ក្រុមបាតុករ។ នៅ​ថ្ងៃ​សៅរ៍ទី​១០ ខែមករានេះ​លោក ត្រាំ បាន​និយាយ​ថា សហរដ្ឋអាមេរិក​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ជួយ​​ប្រជាជន​ដែល​បាន​តវ៉ា​​​​ទាមទារ​ដ៏ខ្លាំងក្លា​នៅ​​អ៊ីរ៉ង់​។

យោង​តាមរ៉យទ័រ ប្រភព​ដែល​បាន​ចូលរួម​ក្នុង​ការ​ពិគ្រោះ​យោបល់​សន្តិសុខ​អ៊ីស្រាអែល​កាលពី​ចុង​សប្តាហ៍​មិន​បាន​បញ្ជាក់​លម្អិត​អំពី​អត្ថន័យ​នៃ​ការ​អនុវត្ត​ជាក់ស្តែង​នៃ​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​របស់​អ៊ីស្រាអែល​ទេ។ អ៊ីស្រាអែល និង​អ៊ីរ៉ង់​បាន​ប្រយុទ្ធ​គ្នា​ក្នុង​សង្គ្រាម​រយៈពេល ១២​ថ្ងៃ​ក្នុង​ខែមិថុនា​ឆ្នាំ​មុន ដោយ​សហរដ្ឋអាមេរិក​ក៏បាន​ចូល​​រួម​ក្នុងប្រតិបត្តិការ​នោះដែរ ដោយ​ការ​ទម្លាក់​គ្រាប់បែប​​​បំផ្លាញ​​​ទីតាំងដែលមានការសង្ស័យ​ចម្រាញ់​ធាតុអ៊ុយរ៉ាញ៉ូម​។

ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​សៅរ៍ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ប៊ែនចាមីន ណេតានីញ៉ាហ៊ូ និង​រដ្ឋមន្ត្រីការបរទេស​អាមេរិក Marco Rubio បាន​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការ​ធ្វើ​អន្តរាគមន៍​របស់​សហរដ្ឋអាមេរិក​នៅ​អ៊ីរ៉ង់​។ នេះ​បើ​តាម​ប្រភព​អ៊ីស្រាអែល​មួយ​ដែល​បាន​ចូលរួម​ក្នុង​ការសន្ទនា។

មន្ត្រី​អាមេរិក​ម្នាក់​បាន​បញ្ជាក់​ថា ​ថ្នាក់​ដឹកនាំ​កំពូល​​ទាំងពីរ​នាក់​បាន​និយាយ​គ្នា ប៉ុន្តែ​មិន​បាន​និយាយ​ថា ​ពួកគេ​បាន​ពិភាក្សា​លើ​ប្រធានបទ​អ្វី​ទេ។

អ៊ីស្រាអែលមិនបានបង្ហាញឆន្ទៈក្នុងការជ្រៀតជ្រែកនៅក្នុងប្រទេសអ៊ីរ៉ង់ទេ ខណៈដែលការតវ៉ាកំពុងគ្របដណ្ដប់ប្រទេសនេះ ដោយមានភាពតានតឹងរវាងសត្រូវទាំងពីរកើនឡើងខ្ពស់ ដោយសារតែការព្រួយបារម្ភរបស់អ៊ីស្រាអែលអំពីកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់អ៊ីរ៉ង់។

នៅក្នុងបទសម្ភាសន៍មួយជាមួយ Economist ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ លោក ណេតាន់នី​​ញ៉ាហ៊ូ បាននិយាយ​ថា នឹងមានផលវិបាកដ៏គួរឱ្យភ័យខ្លាចសម្រាប់អ៊ីរ៉ង់ ប្រសិនបើខ្លួន​វាយប្រហារអ៊ីស្រាអែល​នោះ​​។

ដោយសំដៅទៅលើការតវ៉ា លោកបាននិយាយថា «អ្វីៗផ្សេងទៀត ខ្ញុំគិតថាយើងគួរតែឃើញអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ីរ៉ង់»​​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម