Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ គំរាម ត្រាំ ធ្ងន់ៗថា បើហ៊ានប៉ះ Khamenei គឺស្មើនឹងការប្រកាសសង្គ្រាមពេញទំហឹង

បានផុស

នៅ

កាលពីថ្ងៃអាទិត្យទី១៨ខែមករាឆ្នាំ២០២៦ ទីក្រុងតេហេរ៉ង់ បានផ្ញើសារគំរាមធ្ងន់ៗទៅប្រមុខសេតវិមាន ដូណាល់ ត្រាំ ថា បើអាមេរិក ហ៊ានប៉ះមេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei មែន ​នោះគឺស្មើនឹងការប្រកាសសង្គ្រាមពេញទំហឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei (រូបថត៖ Reuters)

តាមការផ្សាយរបស់សារព័ត៌មាន Iran International, ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian ​បានបង្ហោះសារលើបណ្តាញសង្គម X ដោយប្រើពាក្យខ្លាំងៗថា៖ «ប្រសិនបើមានការលំបាកនិងទុក្ខវេទនាសម្រាប់ជីវភាពរស់នៅរបស់ប្រជាជនអ៊ីរ៉ង់ជាទីស្រឡាញ់នោះ មូលហេតុចម្បងមួយគឺដោយសារតែអរិភាពដ៏រ៉ាំរ៉ៃ និងការដាក់ទណ្ឌកម្មប្រកបដោយភាពអមនុស្សធម៌ពីសំណាក់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ។ រាល់ការប៉ះពាល់ណាមួយដល់ថ្នាក់ដឹកនាំកំពូលនៃប្រទេសយើង គឺស្មើនឹងការប្រកាសសង្គ្រាមពេញទំហឹងប្រឆាំងនឹងប្រជាជាតិអ៊ីរ៉ង់ទាំងមូលតែម្តង»។

សំណេររបស់លោក Pezeshkian កើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ីស្រាអែល Dan Shapiro និយាយថា លោកជឿថា ប្រធានាធិបតី ត្រាំ ព្យាយាមធ្វើឃាតលោក Khamenei ឲ្យបានយ៉ាងឆាប់បំផុតនៅត្រឹមសប្តាហ៍នេះ។

ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian (រូបថត៖ Reuters)

ស្ថានការណ៍រវាងអ៊ីរ៉ង់និងអាមេរិក កាន់តែតានតឹងខ្លាំងៗទៅ បន្ទាប់ពីលោក ត្រាំ កាន់ជើងបាតុករដោ​យគំរាមថា ទីក្រុងវ៉ាស៊ីនតោន នឹងលូកដៃចូលធ្វើអន្តរាគមន៍ បើទីក្រុងតេហេរ៉ង់ សម្លាប់អ្នកតវ៉ា។

បាតុកម្មបានចាប់ផ្តើមឡើងដោយសារតវ៉ាលើបញ្ហាអតិផរណាដែលហក់ឡើងខ្ពស់ខ្លាំង ប៉ុន្តែឥឡូវនេះបានរីករាលដាល ក្លាយជាការទាមទារឲ្យបញ្ចប់ការគ្រប់គ្រងតាមបែបសាសនារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei។

បាតុកម្មប្រឆាំងអ៊ីរ៉ង់ (រូបថត៖ Reuters)

បើយោងតាមទីភ្នាក់ងារសារព័ត៌មានសកម្មជនសិទ្ធិមនុស្សអ៊ីរ៉ង់ (HRANA) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក, ការឆ្លើយតបដោយហិង្សាចំពោះចលាចលនេះ បានផ្ដាច់យកជីវិតមនុស្សអស់ចំនួន ៣,០៩០ នាក់ហើយ ខណៈក្រុមសកម្មជនខ្លះទៀតអះអាងថា ចំនួនមនុស្សស្លាប់អាចខ្ពស់ជាងនេះឆ្ងាយណាស់។

ជុំវិញរឿងនេះ មេដឹកនាំកំពូលអ៊ីរ៉ង់ ក៏ទទួលស្គាល់ជាលើកដំបូងដែរថា មនុស្សរាប់ម៉ឺននាក់ពិតជាស្លាប់មែន នៅក្នុងមហាបាតុកម្ម ដែលអង្រួនប្រទេសនេះអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដោយក្នុងនោះខ្លះស្លាប់ក្នុងលក្ខណៈអមនុស្សធម៌ និងសាហាវយង់ឃ្នងបំផុត៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម