ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងអប់រំ វាយតម្លៃខ្ពស់និក្ខេបបទរបស់បណ្ឌិត អ៊ុង បូរាត ថាជាគ្រឹះសម្រាប់កែលម្អប្រព័ន្ធវាយតម្លៃការសិក្សានៅកម្ពុជា
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានចាត់ទុកនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតរបស់បេក្ខជនបណ្ឌិត អ៊ុង បូរាត ថាជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់អ្នករៀបចំគោលនយោបាយ ក្នុងការកសាង និងអភិវឌ្ឍប្រព័ន្ធវាយតម្លៃការសិក្សាដែលមានសង្គតិភាពស៊ីចង្វាក់គ្នា និងឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជានៅយុគសម័យថ្មី។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតនារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នាសាកលវិទ្យាធិការសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ លោកបណ្ឌិតសភាចារ្យបានលើកឡើងថា លទ្ធផលស្រាវជ្រាវនេះបានផ្តល់ទស្សនៈវិស័យស៊ីជម្រៅលើដំណើរការកែទម្រង់ប្រព័ន្ធវាយតម្លៃការសិក្សាជាពិសេសការផ្លាស់ប្តូរពីការវាយតម្លៃដែលផ្តោតលើការចងចាំ និងការប្រឡងទៅជាការវាយតម្លៃដែលជាផ្នែកសកម្មនៃដំណើរការបង្រៀន និងរៀនប្រចាំថ្ងៃស្របតាមការអប់រំផ្អែកលើសមត្ថភាព។

លោកបណ្ឌិតសភាចារ្យបានបញ្ជាក់បន្ថែមថា និក្ខេបបទនេះមិនត្រឹមតែបង្ហាញពីជម្រៅចំណេះដឹង និងសមត្ថភាពស្រាវជ្រាវរបស់បេក្ខជនបណ្ឌិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរំលេចយ៉ាងច្បាស់អំពីសមិទ្ធផលបញ្ហាប្រឈម និងគម្លាតរវាងគោលនយោបាយ និងការអនុវត្តជាក់ស្តែងដែលជាចំណុចគន្លឹះសម្រាប់ការកែលម្អប្រព័ន្ធវាយតម្លៃការសិក្សានៅកម្រិតសាលា។ ជាមួយគ្នានេះលោកបណ្ឌិតសភាចារ្យបានចាត់ទុកការសិក្សានេះថា ជាឯកសារយោងដ៏មានតម្លៃសម្រាប់ការរៀបចំ និងកែសម្រួលគោលនយោបាយអប់រំក្នុងការកសាងប្រព័ន្ធវាយតម្លៃដែលអាចលើកកម្ពស់ជំនាញវិភាគការគិតរិះគន់ និងការដោះស្រាយបញ្ហារបស់សិស្សស្របតាមទិសដៅអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជានៅយុគសម័យថ្មី។

បន្ថែមពីនេះ លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៥ សាកលវិទ្យាល័យប៊ែលធី អន្តរជាតិបាននិងកំពុងបណ្តុះបណ្តាលថ្នាក់បណ្ឌិតសរុបចំនួន១០២នាក់ ក្នុងនោះមាន ១៨នាក់បានបញ្ចប់ការសិក្សាដោយជោគជ័យ ៧២នាក់ បានរៀនចប់វគ្គសិក្សា និងកំពុងសរសេរនិក្ខេបបទ និង ១២នាក់ កំពុងបន្តការសិក្សាថ្នាក់បណ្ឌិត។ លោកបានបញ្ជាក់ថា ដើម្បីបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតដោយជាប់ជាស្ថាពរនិស្សិតត្រូវអនុវត្តតាមលក្ខខណ្ឌយ៉ាងតឹងរឹងរួមមាន ការសិក្សា ១២មុខវិជ្ជាស្មើនឹង ៣៦ក្រេឌីត ការស្នើសុំការឯកភាពលើសាស្ត្រាចារ្យណែនាំ និងប្រធានបទស្រាវជ្រាវ ការរៀបចំ និងការពារគម្រោងស្រាវជ្រាវការបង្ហាញវឌ្ឍនភាពស្រាវជ្រាវការបោះពុម្ពអត្ថបទស្រាវជ្រាវក្នុងសន្និសីទ និងទស្សនាវដ្តីវិទ្យាសាស្ត្រ ការសរសេរនិក្ខេបបទយ៉ាងតិច៦ម៉ឺនពាក្យ និងការការពារបញ្ចប់ដោយជោគជ័យព្រមទាំងការបោះពុម្ពស្នាដៃនិក្ខេបបទជាផ្លូវការ។

ក្នុងឱកាសនោះលោកបណ្ឌិត លី ឆេង ស្ថាបនិក និងអគ្គនាយកប៊ែលធីគ្រុប បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីដែលបានផ្តល់កិត្តិយសអញ្ជើញជាប្រធានគណៈអធិបតីក្នុងកម្មវិធីការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ។ ទន្ទឹមនោះ លោកបណ្ឌិតលី ឆេង បានកោតសរសើរចំពោះបេក្ខជនបណ្ឌិតដែលបានខិតខំប្រឹងប្រែងសិក្សា និងស្រាវជ្រាវរហូតសម្រេចបានលទ្ធផលជោគជ័យស្របតាមគោលការណ៍របស់សាកលវិទ្យាល័យដែលកំណត់ថា ការសិក្សា និងការស្រាវជ្រាវថ្នាក់បណ្ឌិតមិនអនុញ្ញាតឱ្យលើសពីរយៈពេល៦ឆ្នាំឡើយ។ លោកបណ្ឌិតក៏បានថ្លែងអំណរគុណដល់សាស្ត្រាចារ្យណែនាំទាំងជាតិ និងអន្តរជាតិដែលបានយកចិត្តទុកដាក់ដឹកនាំការស្រាវជ្រាវយ៉ាងម៉ត់ចត់តាមគោលការណ៍របស់សាកលវិទ្យាល័យដែលកំណត់ថា សាស្ត្រាចារ្យណែនាំមួយរូបអាចដឹកនាំបេក្ខជនបណ្ឌិតបានត្រឹមតែ២រូបប៉ុណ្ណោះ ដើម្បីធានាបាននូវគុណភាពសិក្សាខ្ពស់។

លោកបណ្ឌិត លី ឆេង បានបន្ថែមថា ដើម្បីធានាបាននូវប្រសិទ្ធភាព និងគុណភាពនៃការវាយតម្លៃសាកលវិទ្យាល័យបានអញ្ជើញសាស្ត្រាចារ្យបណ្ឌិតជាតិ និងអន្តរជាតិចំនួន ៧រូប មកចូលរួមជាគណៈកម្មការវាយតម្លៃការការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតនាពេលនេះ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានអបអរសាទរចំពោះបេក្ខជនបណ្ឌិត អ៊ុង បូរាត ដែលបានការពារនិក្ខេបបទដោយជោគជ័យ និងបានលើកទឹកចិត្តឱ្យបន្តយកលទ្ធផលស្រាវជ្រាវនេះទៅប្រើប្រាស់ជាក់ស្តែងក្នុងការកែទម្រង់ប្រព័ន្ធវាយតម្លៃការសិក្សា និងការអភិវឌ្ឍគុណភាពអប់រំនៅកម្ពុជា៕
អត្ថបទ៖ សុខា


-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


