ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់កំពុងតាមដានការដកថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងវិស័យយោធារបស់ចិន
តៃវ៉ាន់កំពុងតាមដានភាពមិនប្រក្រតី ចំពោះការផ្លាស់ប្តូរការដឹកនាំយោធារបស់ប្រទេសចិន បន្ទាប់ពីឧត្តមសេនីយ៍ជាន់ខ្ពស់បំផុតមួយរូប ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេត ជាពិសេសនឹងប្រើប្រាស់វិធីសាស្រ្តផ្សេងៗ ដើម្បីបកស្រាយពីចេតនារបស់ទីក្រុងប៉េកាំង។ នេះបើតាមរដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ លោក Wellington Koo បានលើកឡើងកាលពីថ្ងៃចន្ទ ទី២៦ ខែមករា។

យោងតាមរ៉យទ័រ ប្រទេសចិនបានប្រកាសកាលពីថ្ងៃសៅរ៍ថា លោក Zhang Youxia ជាមេបញ្ជាការទីពីរ ក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក ស៊ី ជីនពីង [Xi Jinping] ជាអនុប្រធានគណៈកម្មាធិការយោធាកណ្តាល និងមន្ត្រីជាន់ខ្ពស់ម្នាក់ទៀតគឺ លោក Liu Zhenli កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីបទសង្ស័យថាបានរំលោភបំពានវិន័យ និងច្បាប់ធ្ងន់ធ្ងរ។
លោក Koo បានប្រាប់អ្នកយកព័ត៌មាននៅឯសភាថា៖ « យើងនឹងបន្តតាមដានយ៉ាងជិតដិតនូវការផ្លាស់ប្តូរយ៉ាងរហ័សក្នុងចំណោមថ្នាក់ដឹកនាំកំពូលនៃគណបក្សរដ្ឋាភិបាល និងថ្នាក់ដឹកនាំយោធារបស់ប្រទេសចិន។ រីឯជំហររបស់យោធាគឺផ្អែកលើការពិត ដែលចិនមិនដែលបោះបង់ចោលគំនិតប្រើប្រាស់កម្លាំង ប្រឆាំងនឹងកោះតៃវ៉ាន់នោះឡើយ»។
យ៉ាងណា លោក Zhang ត្រូវបានគេមើលឃើញយូរមកហើយថាជាសម្ព័ន្ធមិត្តយោធាជិតស្និទ្ធបំផុតរបស់លោក ស៊ី ជីនពីង និងជាមន្ត្រីជាន់ខ្ពស់ចិនមួយចំនួនដែលមានបទពិសោធប្រយុទ្ធ ដោយបានចូលរួមក្នុងជម្លោះព្រំដែនឆ្នាំ ១៩៧៩ ជាមួយនឹងប្រទេសវៀតណាម។
គួរឱ្យដឹងផងដែរថា ប្រទេសចិនតែងតែចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន គ្រប់គ្រងតាមបែបប្រជាធិបតេយ្យ បានបញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំងទៅលើមេឃ ជុំវិញដែនទឹកនៃកោះនេះ ស្ទើរតែរាល់ថ្ងៃ ជាអ្វីដែលតៃប៉ិចាត់ទុកថាជាយុទ្ធនាការយាយី ដើម្បីឱ្យរដ្ឋាភិបាលតៃវ៉ាន់ ទទួលយកការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង។
មិនតែប៉ុណ្ណោះ លោក Koo បានបន្តទៀតថា៖ « អ្វីដែលក្រសួងកំពុងសម្លឹងមើល គឺមិនមែនជាការរុះរើថ្នាក់ដឹកនាំតែមួយមុខ គឺគ្រប់គ្រាន់ដើម្បីធ្វើការសន្និដ្ឋាននោះទេ»។
លោកបានបន្ថែមថា តៃវ៉ាន់នឹងប្រើប្រាស់វិធីសាស្ត្រស៊ើបការណ៍សម្ងាត់ ការឃ្លាំមើល និងឈ្លបយកការណ៍រួមជាច្រើន ក៏ដូចជាការចែករំលែកព័ត៌មានសម្ងាត់ ដើម្បីចាប់យកនូវអ្វីដែលជាចេតនារបស់ប្រទេសចិន។
លោក Koo បាននិយាយថា៖ « អ្វីដែលយើងចង់បានគឺការយល់ច្បាស់ នៃសូចនាករទាំងអស់ ទាំងកម្លាំងយោធានិងមិនមែនយោធា ដែលឆ្លុះបញ្ចាំងពីចេតនា និងសកម្មភាពរបស់ប្រទេសចិន ហើយបន្ទាប់មកនឹងធ្វើការវាយតម្លៃរួមមួយ»។
គួរបញ្ជាក់ថា ប្រទេសចិនមិនដែលបោះបង់ការប្រើប្រាស់កម្លាំងដើម្បីធ្វើឱ្យតៃវ៉ាន់ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ ជាពិសេសបានធ្វើសមយុទ្ធជុំវិញកោះនេះកាលពីចុងខែមុនទៀតផង។
លើសពីនេះ រដ្ឋាភិបាលតៃវ៉ាន់លើកឡើងថាមានតែប្រជាជនកោះនេះទេ ដែលអាចសម្រេចអនាគតរបស់ពួកគេបាន៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


