ព័ត៌មានជាតិ
អភិបាលខេត្តស្វាយរៀង ណែនាំ មន្ទីរកសិកម្មខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ពិនិត្យតាមដានការបង្កបង្កើនផលស្រូវរដូវប្រាំងរបស់ពលរដ្ឋ
លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានណែនាំដល់ មន្ទីរកសិកម្មខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យតាមដានការបង្កបង្កើនផលស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋ ជាពិសេសបញ្ហាទឹកក្នុងការស្រោចស្រព។

ការណែនាំនេះ ក្នុងឱកាស លោក ប៉េង ពោធិ៍សា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៦ ម្សិលមិញ។

នាឱកាសនោះ លោក ប៉េង ពោធិ៍សា បានថ្លែងនូវការអរគុណចំពោះកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលយកចិត្តសហការការពារសន្តិសុខសណ្ដាប់ធ្នាប់បានល្អជូនដល់ប្រជាពលរដ្ឋ និងអរគុណរដ្ឋបាលក្រុង/ស្រុក ដែលបានកំពុងបន្តកៀរគរជំនួយ និងការដឹកជញ្ជូនស្បៀងបានមកពីការចូលរួមរបស់សប្បុរសជនយកទៅចែកជូន វីរកងទ័ព និងជនភៀសសឹក ជាបន្តបន្ទាប់ នៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ផងដែរ។

ទន្ទឹមនេះ លោកអភិបាលខេត្តស្វាយរៀង បានដាក់ចេញនូវទិសដៅសំខាន់ៗ មួយចំនួន ដូចខាងក្រោម ៖ ១.មន្ទីរកសិកម្មខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យតាមដានការបង្កបង្កើនផលស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋ ជាពិសេសបញ្ហាទឹកក្នុងការស្រោចស្រព។ ២.អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវពិនិត្យតាមដានរាល់ទីតាំងអគារណាដែលសង្ស័យលើករណី (អនឡាញស្គែម) ត្រូវសហការកំណត់គោលដៅឲ្យបានច្បាស់លាស់ និងចុះបង្ក្រាបដោយគ្មានលើកលែងឡើយ។ ៣.ពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅតាមមូលដ្ឋានឲ្យបានម៉ឺងម៉ាត់។ ៤.រដ្ឋបាលក្រុង/ស្រុក ត្រូវបន្តការសហការតាមដានព័ត៌មានដែលបានផ្សាយពីចំណុចអវិជ្ជមាននានាពីមូលដ្ឋានរបស់ខ្លួន ត្រូវពិនិត្យដោះស្រាយ និងឆ្លើយតបឲ្យបានត្រឹមត្រូវទាន់ពេលវេលា។ ៥.រដ្ឋបាលក្រុង/ស្រុក និងជំនាញពាក់ព័ន្ធ ត្រូវបន្តការខិតខំដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងបណ្តឹង ព្រមទាំងសំណើសំណូមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ៦.ចូលរួមផ្សព្វផ្សាយខ្លឹមសារលិខិតពាក់ព័ន្ធនឹងការប្រមូលចំណូលរបស់ពន្ធដារខេត្ត រួមមាន ៖ ពន្ធប៉ាតង់ ពន្ធលើផ្ទាំងផ្សព្វផ្សាយប្រចាំឆ្នាំ ២០២៦ ពន្ធលើប្រាក់ចំណូលឆ្នាំ ២០២៥ និងការបង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ ២០២៦។

ជាមួយនេះ លោកអភិបាលខេត្តស្វាយរៀង ក៏បានអនុញ្ញាតឲ្យមានការលើកជាមតិយោបល់ និងបញ្ហាផ្សេងៗ ផងដែរ។ ក្នុងនោះ មន្ទីរ/អង្គភាព មួយចំនួន បានលើកពីវឌ្ឍនភាពការងារដែលមន្ទីរ/អង្គភាព របស់ខ្លួន និងបញ្ហាប្រឈមដែលត្រូវដោះស្រាយផងដែរ។

គួរជម្រាបថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងលោកប្រធានសាលាដំបូងខេត្ត តំណាងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកមេធាវីរដ្ឋបាលខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង តំណាងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិបាវិត និងព្រៃវល្លិ៍ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព នានា ជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុក ទាំង ៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕
អត្ថបទ ៖ ភក្ដី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


