ព័ត៌មានជាតិ
ប្រធានក្រុមប្រឹក្សារាជធានីណែនាំគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ យកចិត្តទុកដាក់ស្រ្តីមានផ្ទៃពោះនិងកុមារងាយរងគ្រោះ
លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានណែនាំឱ្យ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃរដ្ឋបាលរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់ចំពោះស្រ្តីមានផ្ទៃពោះនិងកុមារងាយរងគ្រោះ ដើម្បីឱ្យពួកគាត់បានទទួលសេវាសង្គមបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាព បើទោះបីកន្លងមក ការអនុវត្តបានល្អប្រើសើរហើយក្តី។

ការណែនាំបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ ក្នុងពិធីបិទកិច្ចប្រជុំប្រចាំឆ្នាំឆ្លុះបញ្ចាំងលទ្ធផលអនុវត្តការងារឆ្នាំ២០២៥ និងទិសដៅការងារ ឆ្នាំ២០២៦ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកស្រីតិមា វិច្ឆិកាល អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី កែវ រ័ត្នតារា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) រាជធានីភ្នំពេញ។

លោកម៉ប់ សារិន បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងឆ្លុះបញ្ចាំងពីសមិទ្ធផលសម្រេចបាន និងស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈម ដើម្បីស្វែងរកធាតុចូលធ្វើយ៉ាងណា ឱ្យគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ សម្រេចជោគជ័យថ្មីៗទៀត នាឆ្នាំខាងមុខ។ គ.ក.ស.ក នៃរដ្ឋបាលខណ្ឌនិង គ.ក.ន.ក សង្កាត់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ ក្នុងការផ្តល់ឱកាសសំរាប់កុមារបានសិក្សារៀនសូត្រ។ ការសិក្សារៀនសូត្ររបស់កុមារ ជារឿងធំនិងសំខាន់បំផុត ដែលយើងត្រូវយកចិត្តទុកដាក់ ចាប់ពីថ្នាក់រាជធានីរហូតដល់សង្កាត់ ព្រោះថា បើពួកគាត់មិនចេះអក្សរ វាជាកង្វល់ដ៏ធំសំរាប់សង្គម។

បន្ថែមពីនេះ លោកម៉ប់ សារិន ក៏បានស្នើឱ្យ គ.ក.ស.ក នៃរដ្ឋបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំផែនការសកម្មភាព និង ថវិកាប្រចាំឆ្នាំបញ្ចូលក្នុងកម្មវិធីវិយោគ៣ឆ្នាំរំកិលរបស់រដ្ឋបាលខណ្ឌ ដើម្បីទទួលបានការគាំទ្រពីក្រុមប្រឹក្សា និងគណៈអភិបាលខណ្ឌ។ គ.ក.ន.ក សង្កាត់ទាំង១០៥ ត្រូវរៀបចំកិច្ចប្រជុំប្រចាំខែឱ្យបានទៀងទាត់ និងមានរបាយការណ៍ នៃកិច្ចប្រជុំ ហើយត្រូវរៀបចំគម្រោងផែនការថវិកា និងផែនការសកម្មភាពប្រចាំឆ្នាំ ទៅតាមថវិកាវិភាជន៍ របស់ រដ្ឋបាលសង្កាត់។

លោកស្រី តិមា វិច្ឆិកាល ក្នុងឱកាសនោះដែរ ក៏បានថ្លែងនូវការកោតសរសើរចំពោះគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារនៃរដ្ឋបាលរាជធានីភ្នំពេញដែលបានបំពេញតួនាទី ភារកិច្ចបានយ៉ាងល្អនិងជោគជ័យ គួរជាទីមោទនៈនាឆ្នាំ២០២៥កន្លងមកនេះ។ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ មានកិច្ចការងារយ៉ាងសំខាន់ចំពោះ កិច្ចការងារស្ត្រី ក្នុងការដោះស្រាយបញ្ហាប្រឈម រៀបចំការអភិវឌ្ឍ វិនិយោគរបស់ខណ្ឌសង្កាត់ គាំទ្រសេវាសង្គម ជួយសម្របសម្រួល ការពារស្ត្រីដោយអំពើហឹង្សានិងការពារកុមារ។

លោកស្រី តិមា វិច្ឆិកាល បានបញ្ជាក់ថា តាមការជំរឿនរបស់ក្រសួងផែនការ កម្ពុជាមានប្រជាពលរដ្ឋចំនួន១៧លាននាក់ ក្នុងនោះមានស្ត្រី៥១% ស្មើនឹងជិត៤លានគ្រួសារ។ ពលរដ្ឋសង្ឃឹមរស់ ៧៦,៦ឆ្នាំ ក្នុងនោះ បុរសសង្ឃឹមរស់ ៧៤,៧ឆ្នាំ ស្ត្រីសង្ឃឹមរស់៧៨,៤ឆ្នាំ។សំរាប់រាជធានីភ្នំពេញ បានប្រជាពលរដ្ឋរស់នៅអចិន្ត្រៃចំនួនជាង២លាននាក់។តែបើគិតពីអ្នកមករកការងារធ្វើនិងជនភៀសសឹកទៀតនោះ នៅរាជធានីភ្នំពេញមានពលរដ្ឋរស់នៅប្រមាណ៤លាននាក់។

ក្នុងឱកាសនោះ លោកស្រី តិមា វិច្ឆិកាល នូវបានសំណូមពរឱ្យគ ក ស ក ខណ្ឌទាំង១៤ សូមបន្តចូលរួមជាមួយគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ដើម្បីឱ្យការងារកាន់តែល្អប្រសើរ។សូមផ្តល់ព័ត៌មានពាក់ព័ន្ធនិងការរំលោភបំពានលើស្ត្រីនិងកុមារឱ្យបានលឿនមកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីមានវិធានការច្បាប់ឱ្យបានទាន់ពេលវេលា៕
ដោយ ៖ ស្រីរ័ត្ន


-
កីឡា១១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


