Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌកំបូល វាស់វែងតាមប្លង់ L-MAP ណែនាំពលរដ្ឋ និងអាជីវករ ឱ្យរុះរើសំណង់រំលោភលើផ្លូវសាធារណៈ

បានផុស

នៅ

អាជ្ញាធរខណ្ឌកំបូល កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បានចុះអនុវត្តការងារវាស់វែង និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈ តាមបណ្តោយផ្លូវបេតុងម៉ែអានោង ស្ថិតក្នុងភូមិសាស្រ្តសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះអនុវត្តការងារនេះ ក្រោមការដឹកនាំផ្ទាល់របស់លោក ទ្រី ណារ៉េត អភិបាលរង នៃគណៈអភិបាលខណ្ឌកំបូល ដោយអនុវត្តតាមផែនការដឹកនាំ និងការណែនាំរបស់លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល ក្នុងគោលបំណងពង្រឹងសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពចរាចរណ៍ និងការប្រើប្រាស់ចំណីផ្លូវឱ្យបានត្រឹមត្រូវតាមច្បាប់។

ក្នុងឱកាសនោះ លោក ទ្រី ណារ៉េត បានដឹកនាំមន្រ្តីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ មន្រ្តីការិយាល័យរៀបចំដែន នគររូបនីយកម្ម សំណង់ និងភូមិបាល ព្រមទាំងអាជ្ញាធរសង្កាត់ និងអាជ្ញាធរភូមិ ចុះធ្វើការវាស់វែងតាមប្លង់ L-MAP និងបាញ់គំនូសសម្គាល់គម្លាតពីផ្លូវបេតុង ដើម្បីកំណត់ចំណីផ្លូវសាធារណៈឱ្យបានច្បាស់លាស់។

ជាមួយគ្នានេះ ក្រុមការងារក៏បានចែកសេចក្ដីជូនដំណឹង ផ្សព្វផ្សាយ និងធ្វើការណែនាំដោយផ្ទាល់ដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរ ដែលបានសាងសង់សំណង់ ឬដាក់ផ្លាក់យីហោរំលោភលើចំណីផ្លូវសាធារណៈ ឱ្យធ្វើការរុះរើ និងដកចេញដោយស្ម័គ្រចិត្ត ដោយត្រូវអនុវត្តតាមគំនូសដែលក្រុមការងារបានបាញ់ថ្នាំសម្គាល់ទុកជូនរួច។

លោកអភិបាលរងខណ្ឌ បានបញ្ជាក់ថា ការចុះអនុវត្តលើកនេះ មិនមានគោលបំណងបង្កការលំបាកដល់ ប្រជាពលរដ្ឋ ឬអាជីវករឡើយ ប៉ុន្តែជាការអនុវត្តច្បាប់ និងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីរក្សាផ្លូវសាធារណៈឱ្យមានភាពទូលំទូលាយ និងងាយស្រួលក្នុងការធ្វើចរាចរណ៍ ព្រមទាំងបង្កើនសុវត្ថិភាពជូនប្រជាពលរដ្ឋទូទៅ។

ក្នុងពេលដូចគ្នានេះ អាជ្ញាធរខណ្ឌកំបូល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករ សូមចូលរួមសហការជាមួយអាជ្ញាធរ គោរពតាមការណែនាំ និងអនុវត្តតាមច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍខណ្ឌកំបូល ឱ្យក្លាយជាតំបន់មានសណ្ដាប់ធ្នាប់ សោភ័ណភាព និងមានបរិស្ថានល្អប្រសើរជានិច្ច៕ អត្ថបទ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម