Connect with us

ព័ត៌មានអន្ដរជាតិ

កំណើនទុរេនវៀតណាម គំរាមកំហែងការឈរជើងរបស់ទុរេនថៃ​លើទីផ្សារចិន​

បានផុស

នៅ

ការនាំចេញទុរេនរបស់វៀតណាមទៅ​ចិន បានកើនឡើងប្រហែល ១៧% កាលពីឆ្នាំមុន បន្ទាប់ពីប្រទេសអាស៊ីអាគ្នេយ៍មួយ​នេះបាន​ដោះស្រាយបញ្ហា​ពាក់ព័ន្ធកង្វល់សុវត្ថិភាពចំណីអាហារជាមួយអាជ្ញាធរចិន ដែលធ្វើឱ្យវៀតណាមពង្រីកចំណែកទីផ្សាររបស់ខ្លួនកាន់តែច្រើន និងគំរាមកំហែងដល់ទុរេនថៃ ដែលឈរជើងលេខ១លើទីផ្សារចិនជាច្រើនឆ្នាំមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យគយចិន ដែលដកស្រង់ដោយកាសែត South China Morning Post ​បានបង្ហាញថា វៀតណាមបាននាំចេញផ្លែទុរេន​ក្នុង​តម្លៃ ៣,៤៤ ​ប៊ីលានដុល្លារ​ទៅចិន ក្នុងឆ្នាំ ២០២៥ ដោយកើនឡើងពីត្រឹម ២,៩៤ ប៊ីលាន​ដុល្លារ នៅឆ្នាំ ២០២៤។ ​

​ថៃ នៅតែជាអ្នកផ្គត់ផ្គង់ទុរេនកំពូលសម្រាប់ចិន ប៉ុន្តែចំណែកទីផ្សារកាន់តែធ្លាក់ចុះ ដោយ​ការនាំចេញទៅចិន​​នៅឆ្នាំ ២០២៤ និង ២០២៥ មាន​កម្រិតប្រហាក់ប្រហែលគ្នា ជាមួយ​ទំហំសរុប ៤ ប៊ីលាន​ដុល្លារ។

​អ្នកវិភាគ​លើកឡើងថា កំណើននៃការនាំចេញរបស់វៀតណាម​ គឺដោយសារ​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ចិន​ដើម្បី​ដោះស្រាយ​កង្វល់​អំពីភូតគាម​អនាម័យ ក៏ដូចជា​អត្ថប្រយោជន៍​ផ្នែក​ភស្តុភារ​ ដែល​កើតចេញពី​ព្រំដែន​គោក​រួមគ្នា​ជាមួយ​​ចិន និងការតភ្ជាប់នៃ​​ហេដ្ឋារចនាសម្ព័ន្ធ​​។

រដ្ឋាភិបាលទាំងចិន និងវៀតណាម បានធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហានានា ហើយអ្នកទិញជនជាតិចិន បានធ្វើដំណើរទៅ​វៀតណាម ដើម្បីផ្តល់ដំបូន្មានដល់អ្នកដាំដុះអំពីការកែលម្អគុណភាព នេះបើយោងតាមលោក Nguyen Thanh Trung ដែលជាអ្នកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Fulbright University Vietnam។

អ្នកជំនាញដដែលនិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា វៀតណាមអាចយកឈ្នះប្រទេសថៃទាក់ទងនឹងបរិមាណ ​ហើយ​ប្រហែលជាគុណភាពផង»។

​នៅដើមខែមករាកន្លងទៅ កាសែតថៃ The Nation បានរាយការណ៍​ថា ចំណែកទីផ្សារផ្លែទុរេនរបស់វៀតណាមបានកើនឡើងពីគ្មានអ្វីសោះ ដល់ជាង ៤០% ក្នុងរយៈពេល ៣ ឆ្នាំនៃការចាប់ផ្តើមការនាំចេញជាផ្លូវការ​ក្នុងឆ្នាំ ២០២០។ នេះជាកំណើន​យ៉ាងឆាប់រហ័ស ដែលបង្កបញ្ហាប្រឈមដោយផ្ទាល់ចំពោះការឈរជើងយូរអង្វែងរបស់​ថៃ ក្នុងនាមជាអ្នកផ្គត់ផ្គង់ផ្លែទុរេនសំខាន់របស់​ចិន។

ចិនស្រូបយកជាង ៩០% នៃការនាំចេញផ្លែទុរេនទូទាំងពិភពលោក។ ផ្លែទុរេនមួយផ្លែដែលមានទម្ងន់ ៦ គីឡូក្រាម អាចលក់បានក្នុងតម្លៃរហូតដល់ ២០០ យន់ (២៨,៧៦ ដុល្លារ)។

វៀតណាម​ទទួលបាន​ការអនុញ្ញាតឱ្យនាំចេញផ្លែទុរេនស្រស់ទៅ​ចិនក្នុងឆ្នាំ ២០២២។ ​យ៉ាងណាមិញ នៅដើមឆ្នាំ ២០២៥ រដ្ឋបាលគយទូទៅ​ចិនបានរកឃើញ​សារធាតុគីមី​ក្នុង​ទុរេនវៀតណាម និងថៃ ដែលជំរុញឱ្យមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង។

អ្នកវិភាគបាននិយាយថា បើគ្មានការព្រួយបារម្ភអំពី​សុវត្ថិភាពចំណីអាហារទេ ​វៀតណាមមានគុណសម្បត្តិជាង​ប្រទេសផ្គត់ផ្គង់ផ្សេងៗទៀត ដោយសារបណ្តាញអ្នកដាំដុះ អ្នកជួញដូរ ឃ្លាំង និង​ការពង្រីកផ្លូវតភ្ជាប់ ក៏ដូចជាព្រំដែនរួមជាប់ជិនប្រវែង ១ ២៨០ ​គីឡូម៉ែត្រ​​។ ថៃខ្វះខាតគុណសម្បត្តិ​ទាំងនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម