Connect with us

ព័ត៌មានជាតិ

ក្រៅពីឆ្នេរ ខេត្តកែបមានតំបន់ទេសចរកោះតូចធំជាច្រើនទៀតដែលអ្នកទេសចរមួយចំនួនមិនទាន់ដឹង

បានផុស

នៅ

ខេត្តកែបដែលមានចម្ងាយប្រមាណ ១៧០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា មានព្រំប្រទល់ជាប់ខេត្តកំពត និងសមុទ្រ មានផ្ទៃក្រឡាចំនួន ៣៣៦គីឡូម៉ែត្រការ៉េ (១៣០ម៉ាញ៍) និងមានប្រជាជនប្រមាណ ៤១៧៩៨ នាក់ (តាមរបាយការណ៍ចាស់)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែបបានឲ្យដឹងកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ទោះបីជាខេត្តកែប មានផ្ទៃដីតូចជាងគេពិតមែន ប៉ុន្តែវាមានភាពទាក់ទាញខ្លាំងបំផុតដោយសារបរិយាកាសស្ងប់ស្ងាត់ មានគ្រឿងសមុទ្រស្រស់ៗ និងមានសក្តានុពលទេសចរណ៍ខ្លាំងបែបសម្រស់ធម្មជាតិលាក់ខ្លួនក្នុងផ្ទៃទឹកពណ៌ខៀវស្រងាត់ និងប្រជុំទៅដោយកោះតូចធំចំនួន១៣ ក្នុងការទាក់ទាញដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិមកសម្រាកលំហែកាយនៅថ្ងៃចុងសប្តាហ៍។

តំបន់កោះដែលភ្ញៀវទេសចរមួយចំនួនបានស្គាល់ និងមួយចំនួននៅមិនទាន់ស្គាល់មានដូចជា «កោះទន្សាយ» ជាកោះដែលពេញនិយមបំផុត មានឆ្នេរខ្សាច់សស្អាត ទឹកសមុទ្រថ្លា និងមានផ្ទះសំណាក់បែបបឹងហ្គាឡូសម្រាប់សម្រាកកាយ និងមានចម្ងាយប្រហែល ៤.៥ គីឡូម៉ែត្រពីក្រុងកែប។ «កោះពោធិ៍» ជាកោះដែលមានភាពស្ងប់ស្ងាត់ខ្លាំង សមស្របសម្រាប់អ្នកចូលចិត្តដើរកម្សាន្តបែបផ្សងព្រេង និងមើលផ្កាថ្ម,។ «កោះស្វាយ និងកោះត្បាល់» ជាកោះតូចៗស្ថិតនៅក្បែរគ្នា ប្រៀបដូចជាផ្ទាំងគំនូរដុះកណ្តាលជលសារ ជាមួយនឹងទម្រង់ថ្មដុះប្លែកៗ មានដើមឈើដុះខៀវខ្ចី ជាទីតាំងដ៏អស្ចារ្យសម្រាប់អ្នកចូលចិត្តថតរូបបែប Nature Photograpy ហើយភ្ញៀវទេសចរអាចជិះទូកទៅកម្សាន្ត និងស្ទូចត្រីបានយ៉ាងរីករាយបំផុត ពិសេសពេលព្រះអាទិត្យជិតអស្ដង្គត ពន្លឺពណ៌មាស និងចាំងជះលើផ្ទៃទឹកជុំវិញកោះ បង្កើតជាទិដ្ឋភាពរ៉ូមែនទិចបំផុត និងមានកោះតូចៗមួយចំនួនទៀតដូចជា កោះកុក ,កោះម្ចាស់ ,កោះស្រមោច ,កោះកណ្តាល ,កោះសេះ ,កោះអង្រ្គង ,កោះម្ទេស ,កោះស្មាច់ និងកោះរុាំង។

​ក្រៅពីកោះ ខេត្តកែបនៅមានកន្លែងស្អាតៗជាច្រើនទៀតដូចជា ​«ឆ្នេរលេងទឹកខេត្តកែប»ជាឆ្នេរខ្សាច់ដែលទើបនឹងកែលម្អថ្មី និងរូបសំណាក “ស្រីស” ជានិមិត្តរូបនៃខេត្តនេះ,។ ​«ឧទ្យានជាតិកែប»សម្រាប់អ្នកចូលចិត្តដើរភ្នំ (Hiking) មានផ្លូវដើរជុំវិញភ្នំដែលអ្នកអាចមើលឃើញទិដ្ឋភាពក្រុងកែប និងសមុទ្រពីលើកំពូលភ្នំយ៉ាងច្បាស់,។ «​ផ្សារក្ដាម» ជាកន្លែងដែលមិនអាចរំលងបាន ដើម្បីទិញគ្រឿងសមុទ្រស្រស់ៗ ជាពិសេសគឺ “ក្ដាមសេះ” ដែលល្បីថា ផ្អែមឆ្ងាញ់ជាងគេនៅកម្ពុជា,។ «​ភ្នំវល្លិ» ជាអតីតតំបន់សមរភូមិ ប៉ុន្តែបច្ចុប្បន្នជាតំបន់កសិ-ទេសចរណ៍ ដែលល្បីខាងដាំម្រេច និងដំណាំហូបផ្លែ និងមានកសិដ្ឋានចិញ្ចឹមគោយកសាច់ និងជាកន្លែងបន្សុទពូជគោប្រភេទ«ត្រាម៉ាន់» និងប្រភេទពូជគោឥណ្ឌា«ប្រេស៊ីល» ដែលមានទីតាំងស្ថិតក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្តកែប ក៏ដូចជារាជរដ្ឋាភិបាល បាននិងកំពុងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍកោះមួយចំនួនដូចជា«កោះទន្សាយ និងកោះពោធិ៍»ឱ្យក្លាយជាតំបន់ទេសចរណ៍កម្រិតខ្ពស់ នៅក្នុងខេត្តដ៏តូចច្រឡឹងមួយនេះ ប៉ុន្តែបញ្ហាសំខាន់ត្រូវរក្សាបរិស្ថានធម្មជាតិឱ្យបានល្អ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម