ព័ត៌មានអន្ដរជាតិ
តើពិភពលោកប្រឈមគ្រោះថ្នាក់អ្វីខ្លះ ក្រោយលែងមានសន្ធិសញ្ញានុយក្លេអ៊ែរ «New START»?
នៅថ្ងៃពុធទី៥ខែកុម្ភៈឆ្នាំ២០២៦ ប្រទេសរុស្ស៊ី ប្រកាសជាផ្លូវការថា សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ «New START» ជាមួយអាមេរិក បានចប់ជាស្ថាពរហើយ។

ទីបញ្ចប់នៃសន្ធិសញ្ញានេះ ធ្វើឲ្យពិភពលោកព្រួយបារម្ភអំពីការប្រកួតប្រជែងនិងការប្រើប្រាស់សព្វាវុធសាហាវៗ ដោយមិនអាចគ្រប់គ្រងបាន។
New START គឺជាសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរចុងក្រោយបង្អស់ដែលនៅសេសសល់រវាងអាមេរិក និងរុស្ស៊ី។ សន្ធិសញ្ញានេះ ដាក់កំហិតឲ្យប្រទេសនីមួយៗមានក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រមិនឲ្យលើសពី ១ ៥៥០ គ្រាប់ និងមីស៊ីលឆ្លងទ្វីប (ICBM) មិនឲ្យលើសពី ៧០០ គ្រាប់នោះទេ។
ដូច្នេះ តើពិភពលោកនឹងត្រូវប្រឈមគ្រោះថ្នាក់អ្វីខ្លះ ពេលគ្មាន New START?
លោក Karim Haggag នាយកវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកខុល បានសរសេរបទវិភាគដោយលើកឡើងថា ការបញ្ចប់ New START នឹងធ្វើឲ្យពិភពលោកក្លាយជាពិភពដែលគ្មានដែនកំណត់ និងគ្មានតម្លាភាព។

លោកនិយាយថា នឹងមានការប្រកួតប្រជែងសព្វាវុធថ្មី ពោលគឺចំនួនក្បាលគ្រាប់នុយក្លេអ៊ែរនឹងកើនឡើង។ ចិនបានបង្កើនក្បាលគ្រាប់ពី ៣០០ ដល់ ៦០០ គ្រាប់ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ហើយអាចនឹងមានមីស៊ីល ICBM ស្មើអាមេរិក ឬរុស្ស៊ីនៅត្រឹមឆ្នាំ ២០៣០។
នៅពេលគ្មានការចុះត្រួតពិនិត្យនិងការដោះដូរទិន្នន័យ ប្រទេសនីមួយៗនឹងចាប់ផ្តើមរៀបចំផែនការយោធាផ្អែកលើ «ការស្មានក្នុងសេណារីយ៉ូអាក្រក់បំផុត» ដែលងាយបង្កឲ្យមានការយល់ច្រឡំ និងការផ្ទុះអាវុធដោយអចេតនា។
លើសពីនេះ ប្រទេសទាំងឡាយនឹងលែងជឿលើការរំសាយអាវុធនុយក្លេអ៊ែរទៀតហើយ ដូច្នេះវាអាចជំរុញឲ្យប្រទេសនានាដូចជាជប៉ុន កូរ៉េខាងត្បូង ប៉ូឡូញ និងអ៊ុយក្រែន ពិចារណាចង់បានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន។
ម្យ៉ាង ការបាត់បង់ New START មានន័យថា គ្មានការគ្រប់គ្រងលើអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រខ្នាតតូចទៀតទេ ទាំងពេលនេះរុស្ស៊ីមានប្រហែល ១ ៤៧៧ គ្រាប់ទៅហើយ ដែលពិតជាគ្រោះថ្នាក់បំផុតសម្រាប់សន្តិសុខអឺរ៉ុប។

ទន្ទឹមនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres ក៏ព្រមានដែរថា នេះគឺជាពេលវេលាដ៏ផុយស្រួយសម្រាប់សន្តិសុខពិភពលោក។ ភាពតានតឹងភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ន (ដូចជាជម្លោះនៅអ៊ុយក្រែន) បូករួមនឹងអវត្តមាននៃច្បាប់ទម្លាប់គ្រប់គ្រងអាវុធ ធ្វើឲ្យលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយ។
ចំណែកនិពន្ធនាយកទស្សនាវដ្តី National Defense លោក Igor Korotchenko បានប្រាប់សារព័ត៌មាន Sputnik ថា អាមេរិកនិងរុស្ស៊ី កំពុងប្រឈមមុខនឹងយុគសម័យក្រោយសង្គ្រាមត្រជាក់ ក្រោយការបញ្ចប់ New START។

លោក Korotchenko បានព្រមានអំពីហានិភ័យនានាដូចជា៖ សហរដ្ឋអាមេរិកអាចនឹងដំឡើងក្បាលគ្រាប់នុយក្លេអ៊ែរឡើងវិញដោយសម្ងាត់ និងយ៉ាងឆាប់រហ័ស លើមីស៊ីលបាលីស្ទីកបាញ់ពីដីគោក និងពីសមុទ្រ ដែលធ្លាប់ត្រូវបានដកចេញក្រោមកិច្ចព្រមព្រៀងនេះ ហើយរុស្ស៊ីក៏អាចពង្រឹងសក្តានុពលនៃការវាយប្រហារតបតវិញ ជាពិសេសតាមរយៈមីស៊ីលចល័តប្រភេទ Yars និងអាចចាប់ផ្តើមការផលិតមីស៊ីលបាញ់ចេញពីផ្លូវរថភ្លើងប្រភេទ Barguzin ឡើងវិញផងដែរ។
លោក Korotchenko ព្រមានទៀតថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងមានគោលដៅសម្រេចឲ្យបាននូវឧត្តមភាពយោធា-បច្ចេកទេសលើរុស្ស៊ីក្នុងផ្នែកអាវុធនុយក្លេអ៊ែរ តាមរយៈការពង្រីកកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ឬដោយការអភិវឌ្ឍប្រព័ន្ធការពារមីស៊ីលសកលនៅអាមេរិកខាងជើងក្នុងពេលដំណាលគ្នា៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៩ ម៉ោង agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
សន្តិសុខសង្គម៦ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
កីឡា៤ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបំពេញលក្ខខណ្ឌយ៉ាងហោចណាស់ ១ ក្នុងចំណោម ១០ ទើបអាចចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក


