សេដ្ឋកិច្ច
កម្ពុជា នឹងមានរោងចក្រទឹកដោះគោស្រស់ស្ដង់ដារខ្ពស់ ក្រោមការវិនិយោគ ១០ លានដុល្លារ
ក្រុមហ៊ុន ឌីភី ម្ចាស់ចម្ការ (DP MAJAS CHAMKAR CO., LTD) បានប្រកាសបោះទុនវិនិយោគចំនួន ១០ លានដុល្លារ ដើម្បីបង្កើតកសិដ្ឋានចិញ្ចឹមគោទឹកដោះ និងរោងចក្រផលិតទឹកដោះគោស្រស់ ក្នុងគោលបំណងបំពេញតម្រូវការទីផ្សារនៅកម្ពុជា។

ការវិនិយោគនេះ ត្រូវបានបញ្ជាក់តាមរយៈពិធីចុះអនុស្សារណៈយោគយល់គ្នា (MoU) រវាងក្រុមហ៊ុន ឌីភី ម្ចាស់ចម្ការ និងក្រុមហ៊ុន JEMALUANG DAIRY VALLEY SDN.BHD របស់ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីសហការគ្នាក្នុងវិស័យបង្កើតកសិដ្ឋានចិញ្ចឹមគោទឹកដោះ និងរោងចក្រផលិតទឹកដោះគោស្រស់។
អ្នកឧកញ៉ា ទៀង ផល្លា អគ្គនាយិកាក្រុមហ៊ុន ឌីភី ម្ចាស់ចម្ការ បានមានប្រសាសន៍ថា កិច្ចសហការនេះជាជំហានថ្មីមួយនៅដើមឆ្នាំ២០២៦ ដែលក្រុមហ៊ុនបានឈានចូលអាជីវកម្មផលិតទឹកដោះគោស្រស់ ដែលកំពុងមានតម្រូវការខ្ពស់នៅក្នុងប្រទេស ហើយក៏បានចាប់ដៃគូជាមួយក្រុមហ៊ុនធំមួយរបស់ម៉ាឡេស៊ី ដែលមានជំនាញ និងបច្ចេកទេសស្ដង់ដារអន្តរជាតិ។
ការវិនិយោគនេះ ក៏មានគោលដៅផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរ និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិជាមួយរាជរដ្ឋាភិបាលផងដែរ។

ជាមួយគ្នានេះ អ្នកឧកញ៉ា ម៉ម វណ្ណឌី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឌីភី ម្ចាស់ចម្ការ បានលើកឡើងថា ក្រោយពីមានបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ប្រជាពលរដ្ឋខ្មែរជាច្រើនបានពហិការមិនប្រើប្រាស់ផលិតផលថៃ ខណៈផលិតផលក្នុងស្រុកនៅមានកម្រិតមិនទាន់អាចបំពេញតម្រូវការបានគ្រប់គ្រាន់ ដែលក្លាយជាឱកាសសម្រាប់ការវិនិយោគក្នុងវិស័យផលិតទឹកដោះគោស្រស់។
កន្លងមក ក្រុមហ៊ុន ឌីភី ម្ចាស់ចម្ការ មានកសិដ្ឋានចិញ្ចឹមគោសាច់ជាង ៣,០០០ ក្បាល នៅខេត្តកំពង់ឆ្នាំង ដោយនាំចូលពូជគោល្បីៗពីបរទេស រួមមាន ពូជវ៉ាហ្គូ (ជប៉ុន) អែងកាស់ (អូស្ត្រាលី) ប្រាំម៉ាន់ (អាមេរិក) និងឆារឺឡេ (បារាំង)។
អ្នកឧកញ៉ា ម៉ម វណ្ណឌី បានបន្ថែមថា ក្រុមហ៊ុនមានផែនការពង្រីកអាជីវកម្មមកកាន់ការចិញ្ចឹមគោទឹកដោះ ព្រោះតម្រូវការទឹកដោះគោក្នុងស្រុកកំពុងកើនឡើងខ្លាំង ខណៈផលិតកម្មក្នុងប្រទេសនៅមិនទាន់អាចបំពេញតម្រូវការបាន និងភាគច្រើននៅពឹងផ្អែកលើផលិតផលនាំចូលពីបរទេស។

លោកបានបញ្ជាក់ថា ដោយសាររាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តឲ្យសហគ្រិនខ្មែរ និងអ្នកវិនិយោគចូលរួមផលិតផលិតផលក្នុងស្រុក និងមាននិន្នាការគាំទ្រផលិតផលខ្មែរ ក្រុមហ៊ុនបានសម្រេចបោះទុន ១០ លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតទឹកដោះគោស្រស់មានស្ដង់ដារខ្ពស់។ ក្នុងនោះ ក្រុមហ៊ុនក៏បានបញ្ជាទិញពូជគោទឹកដោះពីប្រទេសអូស្ត្រាលីចំនួន ៥០០ ក្បាល។
លោក QASEM ATHASAN ប្រធានក្រុមហ៊ុន JEMALUANG DAIRY VALLEY បានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកមានគោសរុបជាង ៥,០០០ ក្បាល និងមានបច្ចេកទេសចិញ្ចឹម ថែទាំ និងការផ្គត់ផ្គង់ចំណីសត្វត្រឹមត្រូវ ស្របតាមស្ដង់ដារអន្តរជាតិ ដោយផ្ដោតលើគុណភាព សុវត្ថិភាព និងអនាម័យ។
យោងតាមទិន្នន័យឆ្នាំ២០២៥ កម្ពុជា មានកសិដ្ឋានចិញ្ចឹមគោទឹកដោះចំនួន ៤ ដែលអាចផលិតទឹកដោះគោស្រស់បានប្រមាណ ២ម៉ឺនលីត្រ ក្នុងមួយថ្ងៃ ខណៈតម្រូវការក្នុងស្រុកមានរហូតដល់ ១០ម៉ឺនលីត្រ ក្នុងមួយថ្ងៃ៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


