ព័ត៌មានជាតិ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លើកទឹកចិត្តមន្ត្រីសុខាភិបាលឱ្យពង្រឹងសមត្ថភាព និងវិជ្ជាជីវៈ ក្នុងការសង្គ្រោះកុមារ
ថ្លែងក្នុងពិធីបើកដំណើរការគម្រោងវះកាត់បេះដូង នៅមន្ទីរពេទ្យកុមារជាតិ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែ បានលើកទឹកចិត្តដល់ វេជ្ជបណ្ឌិត គិលានុបដ្ឋាក និងបុគ្គលិកទាំងអស់ឱ្យខិតខំព្យាយាមពង្រឹងសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើកិច្ចការជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា។

ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត បានមានប្រសាសន៍អបអរសាទរប្រកបដោយមោទកភាពចំពោះគម្រោងថ្មីដែលមន្ទីរពេទ្យទទួលបាន និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការលះបង់កម្លាំងកាយចិត្តរបស់វេជ្ជបណ្ឌិត គិលានុបដ្ឋាក-យិការ និងបុគ្គលិកមន្ទីរពេទ្យទាំងអស់ដែលបានផ្តល់នូវអនាគត និងសុខុមាលភាពដល់កុមារកម្ពុជាគ្រប់ៗរូប ដែលជាទំពាំងស្នងឬស្សីរបស់ជាតិ។ បន្ថែមពីនេះ លោកជំទាវបណ្ឌិត បានជូនពរឱ្យគម្រោងវះកាត់បេះដូងនេះ ដំណើរការដោយរលូន និងទទួលបានជោគជ័យជាលំដាប់។
កម្មវិធីវះកាត់បេះដូងកុមារនេះ ត្រូវបានអនុវត្តក្នុងភាពជាដៃគូរវាង មន្ទីរពេទ្យកុមារជាតិ និងសមាគម សុខាភិបាលខ្មែរនៅអាមេរិក (Cambodian Health Professionals Association of America – CHPAA) ដោយមានការចូលរួមសហការពីក្រុមគ្រូពេទ្យឯកទេសវះកាត់បេះដូងកុមារមកពីសហរដ្ឋអាមេរិក និងក្រុមគ្រូពេទ្យកម្ពុជា។ កម្មវិធីមានគោលបំណងផ្តល់សេវាវះកាត់បេះដូងពីកំណើតដល់កុមារកម្ពុជា ជាពិសេស កុមារក្រីក្រ និងគ្រួសារខ្វះខាត ដែលមិនអាចទទួលបានសេវាឯកទេសនេះដោយខ្លួនឯង។

កម្មវិធីនេះ គឺជាគម្រោងរយៈពេល ៣ឆ្នាំ ដែលផ្តោតលើការផ្តល់សេវាវះកាត់បេះដូង ការត្រួតពិនិត្យ និងតាមដានអ្នកជំងឺ ការបណ្តុះបណ្តាលគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលកម្ពុជា ការផ្ទេរបច្ចេកទេសវេជ្ជសាស្ត្រ ទំនើប និងការកសាងសមត្ថភាពធនធានមនុស្សក្នុងស្រុក ដើម្បីធានានិរន្តរភាពនៃកម្មវិធីវះកាត់បេះដូងកុមារ នៅកម្ពុជា។
សូមជ្រាបជូនថា ចាប់ពីថ្ងៃពិធីបើកដំណើរគម្រោងវះកាត់បេះដូងកុមារនៅមន្ទីរពេទ្យកុមារជាតិ អាណាព្យាបាល អាចនាំកូនមានជំងឺបេះដូងអាចមកទទួលការពិនិត្យ ពិគ្រោះ ព្យាបាលពីសុខភាពបេះដូងរបស់កូនៗ ដើម្បីឱ្យក្រុមវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកុមារជាតិ ធ្វើរោគវិនិច្ឆ័យឱ្យបានជាក់លាក់ នឹងត្រៀមសម្រាប់ការព្យាបាល និងវះកាត់បេះដូងជាបន្តបន្ទាប់៕



-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


