Connect with us

ព័ត៌មានអន្ដរជាតិ

វិបត្តិប្រេងឥន្ធនៈនៅគុយបា៖ ជើងហោះហើរត្រូវផ្អាក និងវិធានការសន្សំថាមពលកម្រិតធ្ងន់បំផុត

បានផុស

នៅ

ក្រោមការរឹតបន្តឹង​និង​ការហ៊ុមព័ទ្ធប្រេងពីសហរដ្ឋអាមេរិក គុយបាបានប្រកាសផ្អាក​​ការ​ផ្តល់ប្រេងយន្តហោះនៅព្រលាន​អន្តរជាតិចំនួន៩​កន្លែងទូទាំងប្រទេស ដែលធ្វើ​ឲ្យ​វិស័យអាកាសចរណ៍ស្ទើរតែគាំងទាំងស្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ AP)

តាម​ការផ្សាយ​របស់ AP វិធានការបន្ទាន់នេះ បានចាប់ផ្តើមអនុវត្តពីព្រឹកថ្ងៃអង្គារ​ទី​១០​ខែ​កុម្ភៈ​នេះ រហូតដល់ថ្ងៃទី១១​ខែមីនា ដែលជាលទ្ធផលនៃសម្ពាធ​របស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងការកាត់ផ្តាច់ប្រភពប្រេងពីវ៉េណេស៊ុយអេឡា និងម៉ិកស៊ិក។ វិបត្តិថាមពលដ៏ធ្ងន់ធ្ងរ​នេះ បានជំរុញ​​ឲ្យ​ប្រទេសគុយបាធ្លាក់ចូលក្នុងស្ថានភាពសេដ្ឋកិច្ចដុនដាបបំផុត មិនធ្លាប់មានចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០។

ផលប៉ះពាល់បានកើតឡើងភ្លាមៗ៖ ក្រុមហ៊ុនអាកាសចរណ៍ Air Canada បានសម្រេចចិត្តផ្អាកជើងហោះហើរទាំងអស់មកកាន់កោះនេះ ដែលធ្វើ​ឲ្យ​អ្នកដំណើរប្រហែល ៣​០០០​នាក់ត្រូវជាប់គាំង។ ក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់មួយចំនួនព្យាយាមដោះស្រាយដោយការដឹកជញ្ជូនប្រេងបន្ថែមពីក្រៅ ឬចុះចតចាក់ប្រេងនៅប្រទេសជិតខាង ហើយ​​ជើងហោះហើររយៈចម្ងាយឆ្ងាយពីអឺរ៉ុប និងរុស្ស៊ីកំពុងជួបបញ្ហាភស្តុភារយ៉ាងធ្ងន់ធ្ងរ។ ក្រៅពីវិស័យអាកាសចរណ៍ រដ្ឋាភិបាលក៏បានបញ្ជា​ឲ្យ​បិទសណ្ឋាគារមួយចំនួនដែលមានភ្ញៀវតិច និងផ្លាស់ប្តូរទីកន្លែងស្នាក់នៅរបស់ភ្ញៀវទេសចរ ដើម្បីសន្សំសំចៃអគ្គិសនី។

នៅតាមដងផ្លូវក្នុងទីក្រុងឡាហាវ៉ាន វិបត្តិនេះបានជះឥទ្ធិពលដល់ជីវភាពរស់នៅប្រចាំថ្ងៃយ៉ាងខ្លាំង។ រថយន្តក្រុងសាធារណៈស្ទើរតែបាត់មុខអស់ពីផ្លូវ ម៉ោងធ្វើការនៅតាមធនាគារត្រូវកាត់បន្ថយ ហើយការលក់ប្រេងឥន្ធនៈឥឡូវនេះត្រូវទូទាត់ជាប្រាក់ដុល្លារអាមេរិកប៉ុណ្ណោះ ដោយកំណត់ត្រឹម​២០លីត្រសម្រាប់ម្នាក់ៗ។ ប្រធានាធិបតី Miguel Díaz-Canel បានប្រកាសប្រើប្រាស់ «ផែនការជម្រើសសូន្យ (Option Zero)» ដែលជាផែនការរស់រានមានជីវិតក្នុងគ្រាអាសន្នបំផុត ខណៈដែលការដាច់ចរន្តអគ្គិសនីបានអូសបន្លាយរហូតដល់១០ម៉ោងក្នុងមួយថ្ងៃ។ ជាមួយនឹងការធ្លាក់ចុះនៃចំណូលពីវិស័យទេសចរណ៍ ប្រទេសគុយបាកំពុងប្រឈមមុខនឹងភាពឯកោដែលមនុស្សជាច្រើនបារម្ភថា នេះគ្រាន់តែជាការចាប់ផ្តើមនៃទុក្ខវេទនាប៉ុណ្ណោះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម