Connect with us

ព័ត៌មានជាតិ

អត្រាឡើងថ្នាក់របស់សិស្សនៅកម្រិតបឋមសិក្សា​កើនឡើងជាង៩០% ខណៈអត្រាបោះបង់ការសិក្សា​ថយមកត្រឹម៤,៤%

បានផុស

នៅ

លោកបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា អត្រាឡើងថ្នាក់របស់សិស្សនៅកម្រិតបឋមសិក្សាបានកើនពី ៨៦,៥% នៅឆ្នាំសិក្សា២០២៤-២០២៥ ដល់ ៩០,៥% នៅឆ្នាំសិក្សា២០២៥-២០២៦ និងអត្រាបោះបង់ការសិក្សាថយពី ៦,២% មកត្រឹម ៤,៤% ខណៈអត្រាត្រួតថ្នាក់ស្ថិតក្នុងរង្វង់ ៥%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៤-២០២៥ និងទិសដៅឆ្នាំសិក្សា ២០២៥-២០២៦ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោក ឧបនាយករដ្ឋមន្ត្រីបានបន្តថា ការចូលរៀននៅកម្រិតបឋមសិក្សា មានវឌ្ឍនភាពប្រសើរឡើងជាលំដាប់ ដោយអត្រាពិត សិក្សានៅបឋមសិក្សាបានកើនពី ៩៧,៩% នៅឆ្នាំសិក្សា២០១៤-២០១៥ ដល់ ១០១,៦% នៅឆ្នាំសិក្សា ២០២៥-២០២៦។ ជាមួយនេះ ចំនួនសិស្សបឋមសិក្សាបានកើនពី ២លាន៨ម៉ឺននាក់ ក្នុងនោះសាលារដ្ឋមាន ២លាន ១ម៉ឺននាក់ និងសាលាឯកជន ៧ម៉ឺននាក់ នៅឆ្នាំសិក្សា២០១៤-២០១៥ ដល់២លាន ២សែន ៥ម៉ឺននាក់ ក្នុងនោះសាលារដ្ឋមាន ២លាន ៦ម៉ឺននាក់ និងសាលាឯកជន ១សែន ៩ម៉ឺននាក់នៅឆ្នាំ ២០២៥-២០២៦។

គិតត្រឹមឆ្នាំសិក្សា ២០២៥-២០២៦ នៅទូទាំងប្រទេសមានសាលាបឋមសិក្សាចំនួន ៨.២៤៨សាលា ក្នុងនោះសាលារដ្ឋមាន ៧.៣២១សាលា និងសាលា ឯកជនមាន៩២៧សាលា។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តទៀតថា អត្រាពិតនៃការសិក្សានៅបឋមសិក្សាស្ថិតក្នុងរង្វង់ ១០០% ក្នុងរយៈពេល ១០ឆ្នាំកន្លងមក។ អត្រារំហូរសិស្សនៅកម្រិតបឋមសិក្សា មានវឌ្ឍនភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ដោយអត្រាឡើងថ្នាក់បានកើនពី ៨៦,៥% ដល់ ៩០,៥% អត្រាបោះបង់ការសិក្សាថយ ៦,២% មកត្រឹម ៤,៤% និងអត្រាត្រួតថ្នាក់ស្ថិតក្នុងរង្វង់ ៥%។

លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា ចំណែកការចូលរៀននៅមធ្យមសិក្សាបឋមភូមិមានវឌ្ឍនភាពគួរឱ្យកត់​សម្គាល់ ដោយអត្រា ការសិក្សានៅមធ្យមសិក្សាបឋមភូមិកើនពី ៥៥,១% នៅឆ្នាំសិក្សា២០១៤-២០១៥ ដល់៧៩% នៅឆ្នាំសិក្សា ២០២៥-២០២៦។ ជាមួយនេះ សិស្សមធ្យមសិក្សាបឋមភូមិបានកើនពី ៥សែន៥ម៉ឺននាក់ ដល់ ៧សែន២ម៉ឺននាក់។ អត្រាបញ្ចប់ការសិក្សានៅមធ្យមសិក្សាបឋមភូមិបានកើនពី៤២% ដល់ ៦៣.៦% ។ រីឯការចូលរៀននៅមធ្យមសិក្សាទុតិយភូមិក៏មានវឌ្ឍនភាពប្រសើរឡើងផងដែរ ដោយកើនពី ២៥,៣% នៅឆ្នាំសិក្សា ២០១៤-២០១៥ដល់ ៤៦,៦% នៅឆ្នាំសិក្សា២០២៥-២០២៦។ ជាមួយនេះ សិស្សមធ្យមសិក្សាទុតិយភូមិបានកើនពី ២សែន៩ម៉ឺននាក់ ដល់ ៤សែន៥​ម៉ឺននាក់។ អត្រាបញ្ចប់ការសិក្សានៅមធ្យមសិក្សាទុតិយភូមិបាន កើនពី ២០,៩% ដល់ ៤១,៧% ។

ចំពោះសិស្សផ្នែកអប់រំបច្ចេកទេសកម្រិតមធ្យមសិក្សាទុតិយភូមិបានកើនពី ៨៦៨នាក់ នៅឆ្នាំ ២០១៤-២០១៥ ដល់ ៤.៧១៧នាក់ នៅឆ្នាំសិក្សា២០២៥-២០២៦ ដោយបានសិក្សាជំនាញមួយចំនួនរួមមាន៖ ជំនាញអគ្គិសនី អេឡិចត្រូនិក បសុវប្បកម្ម ក្សេត្រសាស្ត្រ ការិយាល័យជួរមុខ កុំព្យូទ័រ គណនេយ្យ កែច្នៃអាហារ ឌីជីថលមេឌៀឌីហ្សាញ អភិវឌ្ឍ និងកសិកម្មវៃឆ្លាត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម