ព័ត៌មានជាតិ
អភិបាលខេត្តរតនគិរី ប្រកាសផ្តល់រង្វាន់ដល់អ្នករាយការណ៍ពីទីតាំងល្បែងអនឡាញខុសច្បាប់
អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន បានប្រកាសជាសាធារណៈថានឹងផ្តល់រង្វាន់ដល់បុគ្គលណាដែលហ៊ានរាយការណ៍អំពីទីតាំងល្បែងអនឡាញខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឈានដល់ការបង្ក្រាប និងធានាសុវត្ថិភាព សន្តិសុខសាធារណៈ។ ការប្រកាសនេះធ្វើឡើង ខណៈសមត្ថកិច្ចពាក់ព័ន្ធកំពុងសហការបង្ក្រាបល្បែងអនឡាញ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការតឹងរឹងក្នុងការលុបបំបាត់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

លោក ញ៉ែម សំអឿន បានបង្ហោះសារនៅលើហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី ១៦ ខែកុម្ភៈ ដោយបញ្ជាក់ថា៖«ប្រសិនបងប្អូនឃើញមានលេងល្បែង ករណីល្បែង(អនឡាញ)នៅខេត្តរតនគិរី សូមរាយការណ៌មកអាជ្ញាធរ ឬមកខ្ញុំផ្ទាល់ ករណីល្បែងស្កែមអនឡាញខ្ញុំនឹងជូនរង្វាន់។យើងរួមគ្នាបំបាត់ល្បែង(អត់ច្បាប់)នៅគ្រប់ទីកន្លែង»។
ជាមួយគ្នានេះ លោកបានចេញមុខបំភ្លឺ បន្ទាប់ពីមានបុគ្គលមួយចំនួនស្រង់សម្តីរបស់លោក ដែលបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានរៀបចំដោយក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះ ពាក់ព័ន្ធនឹងបញ្ហា Online Game និង Online Scam ដែលបង្កឱ្យមានការភាន់ច្រឡំ ហើយក៏មានបងប្អូនមួយចំនួនបានបញ្ចេញមតិរិះគន់ផងដែរ។

ដើម្បីជៀសវាងការភាន់ច្រឡំបន្ថែម លោកបានជម្រាបជូនបងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលមិនទាន់យល់ច្បាស់ អំពីភាពខុសគ្នារវាង Online Game (ល្បែងអនឡាញ) និង Online Scam (ការបោកប្រាស់តាមអនឡាញ) ដូចខាងក្រោម។
Online game (ល្បែងអនឡាញ) សំដៅល្បែងដែលចាក់ភ្នាល់តាមអនឡាញ ដូចជាចាក់មាន់ ចាក់បាល់ ចាក់ឡូតូ វាកើតមានច្រើនកន្លែង តាមភូមិ តាមផ្ទះ តាមទូរស័ព្ទផ្ទាល់ក៏មាន។ បើគេបើកអាខោនលេងតាមទូរស័ព្ទគេ យើងមិនអាចបង្ក្រាបបានទេ តែបើលេងតាមហាងកាហ្វេរឬតាមភូមិយើងអាចបង្ក្រាបបាន។ ចំណែក Online Scam គឺសំដៅការឆបោកតាមប្រព័ន្ធអនឡាញ មានការបោកបញ្ឆោតមនុស្សឱ្យដាក់ទុនទទួលបានលុយច្រើន ការងារមានប្រាក់ខែខ្ពស់ ឈានដល់ការចាប់ជម្រិតមនុស្ស បង្ខាំងមនុស្ស ធ្វើទារុណកម្ម បង្ខំមនុស្សឱ្យអូសទាញបោកប្រាស់តគ្នា ហើយពួកគេត្រូវបានកេងប្រវ័ញ្ចពលកម្ម…។ Online Scam មានរចនាសម្ព័ន្ធចាត់តាំងបែបខ្មៅងងឹត។

ក្រសួងមហាផ្ទៃ បានដាក់ចេញវិធានការបង្ក្រាបឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទូទាំងប្រទេសឱ្យអស់ត្រឹមខែ មេសា ឆ្នាំ ២០២៦។ សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះដោយគ្មានការលើកលែងឡើយ៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


