ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃបង្ហាញក្ដីបារម្ភចំពោះហានិភ័យកើតចេញពីការប្រើប្រាស់ AI ដែលគ្មានទំនួលខុសត្រូវ
ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបង្ហាញក្តីព្រួយបារម្ភចំពោះហានិភ័យថ្មីៗដែលកើតចេញពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ជាពិសេសការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI។ ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានដាស់តឿនក្រើនរំលឹកដល់អ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត។

លើកឡើងក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិត ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព ក្រមសីលធម៌ និងការទទួលខុសត្រូវ» កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ លោក ស សុខា បានគូសបញ្ជាក់ពីគុណសម្បត្តិដ៏មហាសាលរបស់បច្ចេកវិទ្យា AI ក៏ប៉ុន្តែលោក ក៏បានសង្កត់ធ្ងន់ពីគុណវិបត្តិ ដែល AI បាននាំមកនូវហានិភ័យយ៉ាងធ្ងន់ធ្ងរ ជាពិសេសចំពោះកុមារ និងយុវជន ដែលជាវ័យងាយរងគ្រោះបំផុត។
លោក បានលើកឡើងថា AI បានបង្កើតនូវរូបភាព វីដេអូ និងសំឡេងក្លែងក្លាយ ដែលបច្ចុប្បន្នមានបច្ចេកទេសខ្ពស់រហូតស្ទើរតែមិនអាចបែងចែកដឹងថាជាការពិតឬយ៉ាងណា បង្កឱ្យមានការឆបោកក្នុងរូបភាពអាសអាភាសក្លែងក្លាយ ឬការក្លែងសំឡេងមនុស្សជិតស្និទ្ធដើម្បីទាញយកផលប្រយោជន៍ខុសច្បាប់។

លោក ស សុខា បានទាញការកត់សម្គាល់មកគូសបញ្ជាក់ថា បើទោះបីជា AI គឺជាសមិទ្ធផលវិទ្យាសាស្ត្រដែលមនុស្សបង្កើតឡើងដើម្បីបម្រើភាពងាយស្រួល និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប៉ុន្តែមានបុគ្គលមួយចំនួនតូចបានយកបច្ចេកវិទ្យានេះមកប្រើប្រាស់ក្នុងផ្លូវអវិជ្ជមាន ដោយសារភាពភ្លើតភ្លើន និងមហិច្ឆតាលោភលន់ រហូតប្រព្រឹត្តអំពើទុច្ចរិត ដើម្បីផលចំណេញផ្ទាល់ខ្លួន។
បើតាមលោកឧបនាយករដ្ឋមន្រ្តី កន្លងមក ក្រសួងមហាផ្ទៃកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ ដែលប្រើប្រាស់រូបភាព AI ក្នុងបំណងទម្លុះប្រព័ន្ធសុវត្ថិភាពទិន្នន័យបុគ្គល និងការលួចបន្លំអត្តសញ្ញាណ ដើម្បីផ្ទេរប្រាក់ដោយខុសច្បាប់។ ប្រមុខក្រសួងមហាផ្ទៃ បានអំពាវនាវដល់គ្រឹះស្ថានសិក្សា មាតាបិតា និងអ្នកពាក់ព័ន្ធទាំងអស់ រួមគ្នាពង្រឹងការយល់ដឹងពីរបៀបប្រើប្រាស់បច្ចេកវិទ្យា AI ឱ្យបានត្រឹមត្រូវ ដោយប្រកាន់ខ្ជាប់ក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់បំផុតចំពោះមុខច្បាប់។

លោកបានសង្កត់ធ្ងន់ពីការការពារខ្លួនពីហានិភ័យឌីជីថល ដោយមិនមែនជាភារកិច្ចរបស់ស្ថាប័នណាមួយឡើយ ប៉ុន្តែវាជាការទទួលខុសត្រូវរួមគ្នា ដើម្បីធានាថាការរីកចម្រើននៃបច្ចេកវិទ្យានឹងក្លាយជាឧបករណ៍សម្រាប់កសាងសង្គមជាតិ។ ជាក់ស្ដែង ក្រសួងមហាផ្ទៃ បានដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាក្នុងគ្រប់យន្តការនៃការគ្រប់គ្រងតាមបណ្ដាអង្គភាពចំណុះ ពិសេសការដាក់ឱ្យដំណើរការសេវាសាធារណៈទាំងកម្រិតក្រសួង និងរដ្ឋបាលថ្នាក់ក្រោមជាតិនូវប្រព័ន្ធបច្ចេកវិទ្យាផ្ដល់ជំនួយបន្ថែមដោយAI ដើម្បីផ្ដល់សេវាជូនពលរដ្ឋបានឆាប់រហ័ស និងមានគុណភាព៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


