Connect with us

ព័ត៌មានអន្ដរជាតិ

លោកត្រាំកំណត់ឱសានវាទ​ឲ្យអ៊ីរ៉ង់ដោះស្រាយ​​បញ្ហានុយក្លេអ៊ែរ បើមិនចង់កើត​រឿងធំ

បានផុស

នៅ

ប្រធានាធិបតី ដូណាល់ ត្រាំ បានចេញ​ការ​ព្រមាន​ធ្ងន់ៗទៅកាន់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍​ទី​១៩​ខែ​កុម្ភៈ​ឆ្នាំ​២០២៦ ដោយកំណត់ឱសានវាទពី ១០ ទៅ ១៥ថ្ងៃ ឲ្យទីក្រុងតេហេរ៉ង់យល់ព្រមលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បើមិនដូច្នោះទេ «រឿងអាក្រក់ខ្លាំង» នឹងកើតឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​កា​រ​ផ្សាយ​របស់ France24 ថ្លែងក្នុងកិច្ចប្រជុំលើកដំបូងនៃ «ក្រុមប្រឹក្សាសន្តិភាព» នៅវ៉ាស៊ីនតោន លោកត្រាំបានបញ្ជាក់ថា ទោះបីជាការចរចាកំពុងទៅមុខដោយរលូន ក៏​អាមេរិកអាចនឹងឈានមួយជំហានទៀត បន្ទាប់ពីការវាយប្រហារតាមអាកាសកាលពីខែមិថុនា ដែលលោកអះអាងថាបានបំផ្លាញសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់យ៉ាងដំណំ។ លោកបានសង្កត់ធ្ងន់ថា «ពួកគេមិនអាចមានអាវុធនុយក្លេអ៊ែរបានទេ… អ្នកមិនអាចមានសន្តិភាពនៅមជ្ឈិមបូព៌ាបានឡើយ ប្រសិនបើពួកគេមានអាវុធនុយក្លេអ៊ែរ»។

ជាការឆ្លើយតប ទីក្រុងតេហេរ៉ង់បានផ្ញើលិខិតទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ដោយប្តេជ្ញាថានឹងវាយបកវិញ «យ៉ាងដាច់អហង្ការ និងសមស្រប» ចំពោះរាល់ការឈ្លានពានផ្នែកយោធា។ អ៊ីរ៉ង់បានព្រមានថា មូលដ្ឋានទ័ព និងទ្រព្យសម្បត្តិទាំងអស់របស់​អាមេរិកនៅក្នុងតំបន់ នឹងក្លាយជាគោលដៅវាយប្រហារស្របច្បាប់ ហើយអាមេរិកត្រូវទទួលខុសត្រូវទាំងស្រុងចំពោះផលវិបាកដែលមិនអាចគ្រប់គ្រងបាន​ទាំង​នេះ។ ការកើនឡើងកម្តៅនេះ កើតឡើងចំពេលដែលអាមេរិកបង្កើនកម្លាំងយោធាយ៉ាងខ្លាំងក្លា​ក្នុងតំបន់ ខណៈដែលរុស្ស៊ីបានអំពាវនាវ​ឲ្យ​មានការអត់ធ្មត់ និងបានបញ្ជូននាវាចម្បាំងទៅចូលរួមសមយុទ្ធជើងទឹកជាមួយអ៊ីរ៉ង់ផងដែរ។

ទោះបីជាមានការគំរាមកំហែងក៏ដោយ កិច្ចប្រឹងប្រែងផ្នែកការទូតនៅតែបន្ត ខណៈដែលអ្នកចរចាអ៊ីរ៉ង់ និងអាមេរិកបានព្រមព្រៀងគ្នាលើ​គោលការណ៍​មួយ​ចំនួន​កាលពីថ្ងៃអង្គារ ប៉ុន្តែសេតវិមានបានបញ្ជាក់ថា ភាគីទាំងពីរនៅតែមានចំណុចខ្វែងគំនិតគ្នា។ វ៉ាស៊ីនតោនចង់​ឲ្យ​អ៊ីរ៉ង់បោះបង់ការចម្រាញ់អ៊ុយរ៉ាញ៉ូម និងមីស៊ីលបាលិស្ទិកទាំងស្រុង ប៉ុន្តែអ៊ីរ៉ង់បដិសេធ​ការ​ពិភាក្សាលើសពី​កម្មវិធី​នុយក្លេអ៊ែរ។ ស្របពេលភាពតានតឹងកាន់តែខ្លាំង ប្រទេសមួយចំនួនដូចជាប៉ូឡូញ បានជំរុ​ញ​ឲ្យពលរដ្ឋខ្លួនចាកចេញពីអ៊ីរ៉ង់ជាបន្ទាន់ ខណៈដែលរូបភាពពីផ្កាយរណបបង្ហាញពីការជួសជុលពង្រឹងទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការត្រៀមលក្ខណៈនៅតាមមូលដ្ឋានទ័ព​របស់​អាមេរិកទូទាំងមជ្ឈិមបូព៌ា៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម