Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី លើកទឹកចិត្តស្ត្រីមានផ្ទៃពោះសម្រាលកូនដោយធម្មជាតិ ដើម្បីឱ្យទារកមានសុភាពល្អ

បានផុស

នៅ

លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកទឹកចិត្តដល់ស្ត្រីមានផ្ទៃពោះត្រូវសម្រាលកូនដោយធម្មជាតិ ព្រោះជួយឱ្យទារកមានសំណាងល្អ និងអាចរស់រានដ៏ល្អសម្រាប់អនគតផងដែរ។ ផ្ទុយទៅវិញបើសម្រាលដោយការវះកាត់ដោយគ្មានមូលហេតុត្រឹមត្រូវអាចធ្វើឱ្យមាតានិងទារកមានផលវិបាកផ្សេងៗទៅថ្ងៃអនាគត ដែលបណ្តាលមកពីការវះកាត់នេះ។ ករណីក្រុមគ្រូពេទ្យសម្រេចធ្វើការវះកាត់ លុះត្រាតែការសម្រាលតាមធម្មជាតិអាចមានគ្រោះថ្នាក់ចំពោះម្តាយ និងកូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៦ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «តាមវេជ្ជសាស្រ្ត ទារកនឹងមានក្តីប្រាថ្នាកើតមកតាមបែបធម្មជាតិ ដែលនឹងទទួលបានការថែទាំសុខភាពពេញលេញ ក្នុងពេលសម្រាលមួយដ៏លំបាក ហើយទារកទទួលក៏បានសំណាង ដោយនៅពេលកើតមក បានកើយលើទ្រូងម្តាយ និងទទួលទឹកដោះដំបូង ដែលនេះជាការរស់រានដ៏ល្អប្រពៃមួយសម្រាប់អនាគតគាត់ ក៏ដូចជាអនាគតគ្រួសារ និងសង្គមជាតិទាំងមូល»។

លោករដ្ឋមន្ត្រីបានបន្តថា «យើងទាំងអស់គ្នាមានក្តីប្រាថ្នាដូចគ្នាគឺ ស្មារតីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការរក្សាបាននូវ ស្ថិរភាព ភាពត្រឹមត្រូវ ភាពរីកចម្រើន និងក្តីសង្ឃឹមសម្រាប់មាតា ទារក កុមារ និងយុវវ័យកម្ពុជា»។ 

លោករដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងបុគ្គលិកសុខាភិបាលត្រូវចូលរួមលើកកម្ពស់សុខភាពមាតា ទារក និងកុមារឱ្យកាន់តែប្រសើរក្នុងនោះ ត្រូវធ្វើការពិនិត្យ ពិភាក្សា ធ្វើបច្ចុប្បន្នភាពលើពិធីសារជាតិសម្រាប់ការពិនិត្យថែទាំផ្ទៃពោះមុនសម្រាល ដោយបញ្ជាក់អំពីសកម្មភាពដែលត្រូវធ្វើ និងចំនួនដងនៃការពិនិត្យ ផ្អែកតាមគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក។

លោក បន្ថែមថា ត្រូវជួយគាំទ្រការពិនិត្យ ថែទាំ ព្យាបាលស្ត្រីមានផ្ទៃពោះ ជាអន្តរាគមន៍ចាំបាច់ អនុវត្តបន្តជាប់មិនដាច់ ចាប់ពីពេលមានផ្ទៃពោះ ដល់ពេលសម្រាល និងបន្តរហូតដល់ពេលក្រោយសម្រាល ដើម្បីសុខភាពមាតា និងទារក។ បន្តធ្វើការបណ្តុះបណ្តាលដល់មន្ត្រីបុគ្គលិកសុខាភិបាល ដែលជាអ្នកផ្តល់សេវាអំពីការពិនិត្យថែទាំផ្ទៃពោះ មុនសម្រាលដែលមានគុណភាព ប្រសិទ្ធភាព និងពិសេសការបង្វឹកអំពីការអប់រំ ពន្យល់ ពិគ្រោះយោបល់ជាមួយស្ត្រីមានផ្ទៃពោះ និងគ្រួសារឱ្យយល់ពីសារៈសំខាន់នៃការពិនិត្យផ្ទៃពោះ ភាពចាំបាច់នៃការមកពិនិត្យឱ្យត្រូវតាមពេលកំណត់ និងការត្រៀមជាមុន បង្ការហានិភ័យ។

ជាមួយគ្នានេះអង្គភាពពាក់ព័ន្ធត្រូវ បង្កើតសារអប់រំអំពីភាពចាំបាច់ នៃការពិនិត្យថែទាំផ្ទៃពោះត្រូវតាមពេលវេលាកំណត់ ហើយដែលមានខ្លឹមសារងាយយល់ ងាយចាំ និងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋ។ទន្ទឹមនឹងនេះត្រូវពង្រឹងកិច្ចសហការយ៉ាងរឹងមាំគ្រប់ស្ថាប័នពាក់ព័ន្ធ ក្នុងការជួយសម្រួលឱ្យគ្រប់ស្ត្រីទាំងអស់បានមកពិនិត្យផ្ទៃពោះ និងសម្រាលនៅមូលដ្ឋានសុខាភិបាល។ចំណែកនៅមន្ទីរពេទ្យឯកជន ត្រូវមានផ្នែកសង្រ្គោះបន្ទាន់ និងមានសមត្ថភាព ក្នុងការជួយសង្រ្គោះទារក ទើបនឹងកើត ដែលមិនប្រក្រតី។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថាឆ្នាំ២០២៥ មានស្ត្រីចំនួន២៥៣,៣០៨នាក់បានសម្រាលកូន ក្នុងនោះ ៣៦,៧១% សម្រាលនៅមណ្ឌលសុខភាព ៥៦,៥៧%សម្រាលនៅមន្ទីរពេទ្យបង្អែក ៦,០៩%សម្រាល់នៅពេទ្យេកជន ០,៥៩%សម្រាលនៅផ្ទះដោយបុគ្គលិកសុខាភិបាល និង០,០៤%សម្រាលដោយឆ្មបបុរាណ៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម