ព័ត៌មានអន្ដរជាតិ
ព្រឹត្តិការណ៍ធំៗ កើតឡើងក្នុងអំឡុងពេល៤ឆ្នាំ នៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ ពិភពលោកបានបើកភ្នែកធំៗទាំងមិននឹកស្មានដល់ថា រុស្ស៊ីសម្រេចចិត្តបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែន ក្នុងអ្វីដែលខ្លួនហៅថាជា «ប្រតិបត្តិការយោធា» ដ្បិតអន្តរជាតិ ចាត់ទុកថានោះជា «សង្គ្រាម» ក៏ដោយ។

ធ្មេចបើកៗ ភ្លើងសង្គ្រាមនេះឆាបឆេះអស់ពេល៤ឆ្នាំមកហើយ ទាំងដែលគ្មានឃើញសញ្ញារលត់សោះ បើទោះជាមានការចរចានិងបទឈប់បាញ់មួយលើកជាពីរលើក។
វាមិនត្រឹមតែជាសង្គ្រាមរវាងពីរប្រទេសទេ តែវាក៏ជាការប្រជែងអំណាចរវាងកម្លាំងខាងក្រៅ និងជាការសកល្បងផ្លាស់ប្តូរភូមិសាស្រ្តនយោបាយជាសកលយ៉ាងខ្លាំងផងដែរ។
ដូច្នេះ តើក្នុងរយៈពេល៤ឆ្នាំមកនេះ មានព្រឹត្តិការណ៍ធំៗនិងរបត់សំខាន់ៗអ្វីខ្លះ កើតឡើង?
នៅឆ្នាំទី១ (២០២២)៖ ជាការចាប់ផ្តើមដំបូងនូវអ្វីដែលរុស្ស៊ីហៅថា «ប្រតិបត្តិការយោធា» ទ្រង់ទ្រាយធំ ដែលវាយសន្ធាប់ចេញពីគ្រប់ទិស។ គ្មាននរណានឹកស្មានថា អ៊ុយក្រែនអាចទប់រុស្ស៊ីជាប់ឡើយ ដល់ថ្នាក់មានអ្នកវិភាគខ្លះ និយាយថា អ៊ុយក្រែននឹងដួលរលំត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ។ មិនដូច្នោះទេ អ៊ុយក្រែន បែរជាវាយបកនិងការពារទីក្រុងកៀវបានដោយជោគជ័យ។
ព្រឹត្តិការណ៍ដ៏ធំមួយទៀតនៅឆ្នាំដដែលនោះ គឺឧក្រិដ្ឋកម្មក្នុងទីក្រុង Bucha នៅចុងខែមីនាដល់ខែដើមមេសា។ បន្ទាប់ពីរុស្ស៊ីដកថយពីក្បែរទីក្រុងកៀវ ពិភពលោកបានឃើញរូបភាពដ៏រន្ធត់នៃសាកសពជនស៊ីវិល ដែលនាំឲ្យមានការថ្កោលទោសរុស្ស៊ីកាន់តែខ្លាំង។

នៅពេលកងទ័ពអ៊ុយក្រែន និងអ្នកសារព័ត៌មានអន្តរជាតិចូលទៅដល់ទីក្រុង Bucha ពួកគេបានឃើញសាកសពជនស៊ីវិលស្លាប់រាយប៉ាយពេញដងផ្លូវ និងក្នុងរណ្តៅសពធំៗ។ សពជាច្រើនត្រូវគេឃើញក្នុងស្ថានភាពចងស្លាបសេក និងមានស្នាមបាញ់ទម្លុះក្បាលក្នុងចម្ងាយជិត ហើយក៏មានរបាយការណ៍អំពីការរំលោភសេពសន្ថវៈ ការធ្វើទារុណកម្មនិងការសម្លាប់ក្រៅប្រព័ន្ធច្បាប់លើបុរស ស្ត្រីនិងកុមារផងដែរ។
មកដល់ឆ្នាំទី២ (២០២៣) គឺសមរភូមិ Bakhmut ជាសមរភូមិបង្ហូរឈាមបំផុតនិងអូសបន្លាយពេលយូរ ឬត្រូវបានគេហៅថា «ម៉ាស៊ីនកិនសាច់» ដែលនៅទីបំផុតរុស្ស៊ីដណ្ដើមបានទីក្រុងដែលខ្ទេចខ្ទីនេះ។
ព្រឹត្តិការណ៍បន្ទាប់គឺ ការបះបោររបស់ក្រុមទាហានស៊ីឈ្នួល Wagner! លោក Yevgeny Prigozhin បានដឹកនាំការបះបោរឆ្ពោះទៅទីក្រុងមូស្គូ ប៉ុន្តែក៏បរាជ័យមួយរំពេច ហើយក្រោយមកលោកក៏បានស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ។

លុះមកដល់រដូវក្តៅ អ៊ុយក្រែនបានបើកការវាយបកទ្រង់ទ្រាយធំទៅរុស្ស៊ី ប៉ុន្តែមិនអាចទម្លុះខែលការពារដ៏រឹងមាំរបស់រុស្ស៊ីបានឡើយ។
មកដល់ឆ្នាំទី៣ (២០២៤)៖ រឿងធំដំបូងគេគឺការដួលរលំ Avdiivka ដែលក្រោយមក រុស្ស៊ីបានគ្រប់គ្រងទីក្រុងយុទ្ធសាស្ត្រមួយទៀតនៅ Donetsk។
បើនិយាយពីជំនួយវិញ នៅឆ្នាំនោះ អាមេរិកបានអនុម័តកញ្ចប់ជំនួយធំៗ រួមទាំងការបញ្ជូនយន្តហោះចម្បាំង F-16 ឲ្យអ៊ុយក្រែនផងដែរ បន្ទាប់ពីមានការរាំងស្ទះផ្នែកនយោបាយនៅទីក្រុងវ៉ាស៊ីនតោន។

អ្វីដែលធ្វើឲ្យកក្រើកគឺថា នៅឆ្នាំ២០២៤ ទាំងរុស្ស៊ីនិងអ៊ុយក្រែន សុទ្ធតែប្រើប្រាស់ដ្រូន យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងសេដ្ឋកិច្ចគ្នាទៅវិញទៅមក។
ឆ្នាំទី៤ (២០២៥-ដើម២០២៦), រឿងដំបូងបំផុតដែលគេនឹកឃើញគឺ ការឡើងកាន់តំណែងជាថ្មីរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ ការវិលត្រឡប់នេះ បានបន្ថែមសម្ពាធកាន់តែខ្លាំងលើការចរចាបញ្ចប់សង្គ្រាម។ ដ្បិតតែមានការចរចាម្តងហើយម្តងទៀត ប៉ុន្តែគេនៅមិនទាន់រកច្រកចេញពីសង្គ្រាមនេះឃើញនៅឡើយទេ។
ដំបូងលោកត្រាំ អួតថាអាចពន្លត់ភ្លើងសង្គ្រាមនេះត្រឹម២៤ម៉ោងប៉ុណ្ណោះ ប៉ុន្តែមកទល់ឥឡូវ នៅមិនទាន់មានសញ្ញាបញ្ចប់សោះ។ មានពេលខ្លះ លោកត្រាំទាមទារឲ្យអ៊ុយក្រែនព្រមកាត់ដីឲ្យរុស្ស៊ីទៅ ហើយមានពេលខ្លះលោកត្រាំ ទាមទារឲ្យអ៊ុយក្រែន ព្រមប្រគល់រ៉ែកម្រឲ្យអាមេរិក ដើម្បីធានាសន្តិសុខឲ្យអ៊ីចឹងទៅ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


