Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់​បាន​ស្តារឡើង​វិញ​​យ៉ាងឆាប់រហ័ស​នូវ​ហេដ្ឋារចនាសម្ព័នុ្ធ​​យោធាដែលខូចខាត និង ពង្រឹងបន្ថែម​​

បានផុស

នៅ

អ៊ីរ៉ង់បានធ្វើសកម្មភាពមួយចំនួនដើម្បីត្រៀមខ្លួនសម្រាប់ការវាយប្រហារដែលអាចកើតមាន​ពីសំណាក់​អាមេរិក​ សកម្មភាព​ទាំងនោះ​ រួមទាំងការពង្រឹងមូលដ្ឋាននុយក្លេអ៊ែរ កសាងរោងចក្រមីស៊ីលដែលខូចខាតឡើងវិញ ព្រមទាំងធ្វើសមយុទ្ធនៅលើសមុទ្រ។ ខណៈ​ពេលនេះ អាមេរិកកំពុងបញ្ជូនកងកម្លាំងសំខាន់ៗទៅកាន់មជ្ឈិមបូព៌ា និងកិច្ចចរចា​នុយក្លេអ៊ែរ​នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១៧កុម្ភៈ ប៉ុន្តែ​ភាគី​ទាំងពីរ​មិនទាន់ទទួលបានលទ្ធផលច្បាស់លាស់នៅឡើយទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព៖Reuters

កាលពីខែមិថុនា ឆ្នាំ២០២៥ ​យោធា​ អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការវាយប្រហារអ៊ីរ៉ង់ និងបំផ្លាញរោងចក្រ​នុយក្លេអ៊ែរ​មួយផ្នែក ដែលបណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់មូលដ្ឋានជាច្រើន ឃ្លាំង​អាវុធ និងរោងចក្រមីស៊ីល និងបាន​សម្លាប់មេបញ្ជាការយោធាសំខាន់ៗជាច្រើនរូប​ក្នុងប្រទេស​អ៊ីរ៉ង់។ ទោះបីជាមានការខាតបង់យ៉ាងធ្ងន់ធ្ងរនៅក្នុងជម្លោះក៏ដោយ អ៊ីរ៉ង់​ទើបតែបានជួសជុលមូលដ្ឋានមីស៊ីលដែលខូចខាតឡើងវិញតែប៉ុណ្ណោះ។ នេះ​បើ​យោងតាម CNN។

រូបភាពផ្កាយរណបនៃមូលដ្ឋានមីស៊ីល Imam Ali នៅ Khorramabad នៅខែមករា បង្ហាញថា អគារចំនួនបីក្នុងចំណោមអគាររាប់សិបខ្នងដែលត្រូវបានបំផ្លាញដោយអ៊ីស្រាអែល សុទ្ធតែត្រូវបានសាងសង់ឡើងវិញ ក្នុង​នោះ​ដែរ មាន​មួយកំពុងត្រូវបានជួសជុល និងបីផ្សេងទៀតកំពុងសាងសង់។ ចំណែក មូលដ្ឋានយោធាអ៊ីរ៉ង់ពីរផ្សេងទៀតក៏កំពុងស្ថិតក្រោមការជួសជុល​ទ្រង់ទ្រាយ​ធំ។

ដោយឡែក នៅមូលដ្ឋានមីស៊ីល Tabriz ភាគខាងជើង​ប្រទេស​​វិញ​​ កម្មករបាននិងកំពុងសម្អាតឧបសគ្គនៅច្រកចូលទាំងអស់ បើកលេណដ្ឋានក្រោមដីមួយចំនួនឡើងវិញ និងសាងសង់រចនាសម្ព័ន្ធភាគច្រើនឡើងវិញ។ អ៊ីរ៉ង់បានរុះរើរណ្ដៅគ្រាប់បែកនៅភាគខាងលិច​ប្រទេស​ ព្រមទាំងរោងចក្រផលិតឥន្ធនៈដ៏ធំ​ និងទំនើបបំផុតនៅ Shahrud ដោយធានាបាននូវការផ្គត់ផ្គង់ឥន្ធនៈ ដែលអនុញ្ញាតឲ្យសាងសង់មីស៊ីលរយៈចម្ងាយឆ្ងាយអាចបាញ់បង្ហោះបានក្នុងរយៈពេលខ្លី។

យោងតាមវិទ្យាស្ថានវិទ្យាសាស្ត្រ និងសន្តិសុខអន្តរជាតិ (ISIS) បញ្ចាក់ថា រូបភាពផ្កាយរណបកាលពីថ្ងៃទី ១០ខែកុម្ភៈ បង្ហាញថា អ៊ីរ៉ង់កំពុងពង្រឹងច្រកចូលផ្លូវរូងក្រោមដីដ៏ស្មុគស្មាញមួយមួយក្បែរ Natanz។ បេតុងដែលចាក់ថ្មីៗបានលេចឡើងនៅច្រកចូលខាងកើត និងខាងលិចនៃរោងចក្រ ដែលបង្កើនភាពធន់ដើម្បីការពាររចនាសម្ព័ន្ធពីការវាយប្រហារតាមអាកាសដែលអាចកើតមាន។ នៅកន្លែងសាងសង់ មានឡានដឹកទំនិញ និងឧបករណ៍សំណង់ជាច្រើនទៀត។ ជាពិសេស នាពេលថ្មីៗនេះកងទ័ពជើងទឹក ក៏បានធ្វើសមយុទ្ធរួមគ្នាជាមួយរុស្ស៊ីនៅឈូងសមុទ្រអូម៉ង់ និងភាគខាងជើងនៃមហាសមុទ្រឥណ្ឌា រួមទាំងការសង្គ្រោះកប៉ាល់ដែលត្រូវបានប្លន់ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញជាច្រើនសុទ្ធតែនិយាយថា ទីក្រុងតេហេរ៉ង់កំពុងផ្ញើសារទៅកាន់ទីក្រុងវ៉ាស៊ីនតោន ខណៈដែលអាមេរិកបញ្ជូនកងកម្លាំងទៅកាន់តំបន់នេះ ដើម្បីត្រៀមខ្លួនសម្រាប់ជម្លោះដែលអាចកើតមាន។ យោងតាមលោក Vali Nasr សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Johns Hopkins យុទ្ធសាស្ត្ររបស់អ៊ីរ៉ង់គឺបញ្ចុះបញ្ចូលអាមេរិកថា នេះមិនដូចជម្លោះក្នុងខែមិថុនា ឆ្នាំ ២០២៥ ឬយុទ្ធនាការចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡានោះទេ។ សហរដ្ឋអាមេរិកនឹងប្រឈមមុខការខាតបង់មួយចំនួន ហើយត្រូវតែពិចារណារឿងនេះដោយប្រុងប្រយ័ត្ន មុនពេលវាយប្រហារអ៊ីរ៉ង់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម