ព័ត៌មានជាតិ
អ្នកជំនាញ៖ ផ្ទាំងគំនូរ “សិល្បៈដើម្បីសន្តិភាព” ជាការដាស់ស្មារតីឱ្យកូនខ្មែរចេះឈឺចាប់ និងចងចាំការឈ្លានពានរបស់ថៃ
បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញផ្នែកទស្សនវិជ្ជា និងកិច្ចការសង្គម បានឱ្យ “កម្ពុជាថ្មី” ដឹងថា ផ្ទាំងគំនូរ “សិល្បៈដើម្បីសន្តិភាព” គឺបង្ហាញពីការចូលរួមរបស់យុវជនដែលមានទេពកោសល្យផ្នែកគូររូប និងជាការបង្ហាញពីភាពឈឺចាប់ រួមទាំងការចងចាំពីការឈ្លានពានរបស់ប្រទេសថៃលើបូរណភាពទឹកដីកម្ពុជា។

ចំពោះការគូរគំនូរ “សិល្បៈដើម្បីសន្តិភាព” លោកបណ្ឌិត យល់ថា គឺជាការបង្ហាញពីទេពកោសល្យរបស់អ្នកគូរ បង្ហាញពីឆន្ទៈ បង្ហាញពីទឹករបស់ប្រជាជាតិមួយដែលត្រូវបានប្រទេសថៃឈ្លានពាន និងបង្ហាញពីការចូលរួមក្នុងការរក្សាទុក ការចងចាំ និងកត់ត្រាប្រវត្តិសាស្ត្រដែលថៃបានឈ្លានពានទឹកដីកម្ពុជា។ លោកថា៖ “ក៏ជាការរួមចំណែកដាស់ស្មារតីឱ្យកូនខ្មែរចងចាំរឿងនេះ ចេះឈឺចាប់ ហើយនិងចេះប្រែក្លាយការឈឺចាប់ហ្នឹងទៅជាការតស៊ូ ទៅជាសាមគ្គីភាព ដើម្បីការពារដែនដីអធិបតេយ្យជារបស់ខ្លួនផងដែរ”។

បន្ថែមពីនេះ លោកបណ្ឌិត បន្តថា ផ្ទាំងគំនូរនេះ ក៏ចូលរួមចំណែកបង្ហាញដល់ជនបរទេស ឱ្យបានឃើញ និងយល់ដឹងពីទិដ្ឋភាពថៃឈ្លានពានកម្ពុជា ព្រោះថា ការយកការឈ្លានពាននេះមកបញ្ចូលក្នុងសិល្បៈ ក៏នាំឱ្យមានមនុស្សចាប់អារម្មណ៍ច្រើន ហើយអាចនឹងចងចាំពីរូបភាពនេះមួយជីវិតក៏ថាបាន ពោល គឺមិនត្រឹមតែជារូបភាពមួយផ្ទាំងនោះទេ គឺបង្កប់ទៅដោយអត្ថន័យជាច្រើននៅក្នុងនោះ។
ពាក់ព័ន្ធនឹងការគូរគំនូរ “សិល្បៈដើម្បីសន្តិភាព” នេះ លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានសរសេរលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអំពាវនាវដល់យុវជន សិស្សនិស្សិត ចូលរួមបង្កើតផ្ទាំងគំនូរនេះឡើង ដើម្បីជាការរម្លឹកដល់វីរភាពរបស់កងទ័ព ការឈឺចាប់ និងការសាមគ្គីភាពជាតិខ្មែរ ក្នុងរយៈពេលដែលថៃបានឈ្លានពានទឹកដីកម្ពុជា។

ក្នុងសំណេរនោះ លោកបណ្ឌិត បានបញ្ជាក់ថា៖ “ប្រាសាទយើងបែកបាក់ សាលារៀន វត្តអារ៉ាម ផ្ទះយើងបែកបាក់។ តែសាមគ្គីភាពរបស់ខ្មែរមិនបែកបាក់។ ក្តីសង្ឃឹម ការតស៊ូរបស់ខ្មែរមិនរង្គោះរង្គើក្នុងការការពារទឹកដីកេរនេះ”។
សូមជម្រាបថា កាលពីល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ គំនូរ “សិល្បៈដើម្បីសន្តិភាព” ស្នាដៃកូនខ្មែរបានបើកបង្ហាញជាផ្លូវការ ដើម្បីបង្ហាញពីការពិត ការឈឺចាប់នៃសង្គ្រាម ដែលយោធាថៃបានឈ្លានពានមកលើទឹកដីកម្ពុជា។ ការគូរគំនូរនៅខេត្តសៀមរាប បានរៀបចំនៅសួនច្បារព្រះអង្គចេកព្រះអង្គចម ដោយមានលោក តាន់ គឹមសួរ ប្រធានគម្រោងតំណាងឱ្យវិចិត្រករ។
ពេលនេះ គំនូរ “សិល្បៈដើម្បីសន្តិភាពលើកទី២” កំពុងចាប់ផ្តើមគូរនៅសួនច្បារវត្តបទុមវត្តី រាជធានីភ្នំពេញ ដែលមានទំហំធំជាងផ្ទាំងគំនូរនៅខេត្តសៀមរាប មានរូបភាពច្រើនជាងមុនបង្ហាញពីការរងគ្រោះរបស់កម្ពុជាពីការឈ្លានពានរបស់ថៃ ដូចជាខូចខាតទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះប្រជាពលរដ្ឋ ជនរងគ្រោះ សាសនា និងការពលីរបស់កងទ័ពជាដើម ដើម្បីបង្ហាញដល់ប្រជាជនខ្មែរ រួមទាំងភ្ញៀវទេសចរអន្តរជាតិបានដឹងពីហេតុការណ៍ទាំងអស់នេះ៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


